ភ្នំពេញៈ នៅ​ថ្ងៃ​ប្រារព្ធ​​ពិធី​គោរព​បូជា​​របស់​ភាសា​សំស្ក្រឹត ដែល​បាន​ធ្វើ​​ឡើង​លើក​ដំបូង​តាំង​ពី​ឆ្នាំ ​១៩៦៩​ ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ បាន​រៀបចំ​ពិធី​វប្បធម៌​ដែល​មាន​​ការ​បង្ហាញ​អំពី​របាំ​បុរាណ​ឥណ្ឌា និង​កម្ពុជា​ កាល​ពី​​​ល្ងាច​ថ្ងៃទី ១៤​ ខែ ​សីហា កន្លង​ទៅ​នេះ​​ ​​នៅ​សាល​សន្និសីទ និង​មហោ​ស្រព​ចតុមុខ​។

ការ​សម្តែង​ ដើម្បី​អបអរ​មិត្តភាព​ឥណ្ឌា និង​កម្ពុជា ​ដែល​រួម​បញ្ចូល​ទាំង​របាំ​ដោយ​សិល្បៈ​ខ្មែរ​អមតៈ​ទៅ​លើ​របាំ​កូរ​សមុទ្រ​ទឹក​ដោះ​ដឹកនាំ​សម្តែង​ដោយ​លោក​គ្រូ​ ផល​​ សារ៉ាវុធ​​ និង​របាំ​បារាម្បារ្យា ដោយ​​អ្នកនាង ​ម៉ូណា ណាតារ៉ាហ្សាន​ ជា​សិល្ប​ការិនី​ពហុ​ជំនាញ​មក​ពី​ត្រកូល​អ្នក​របាំ​ ដែល​សព្វ​ថ្ងៃ​មាន​មុខងារ​ជា​គ្រូ​បង្ហាត់​របាំ និង​ជា​អ្នក​ផ្សព្វផ្សាយ​វប្បធម៌​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​។

របាំ​បុរាណ​​ទី​១ ​ដែល​ជ្រើស​យក​មក​សម្តែង​ក្នុង​ទិវា​សំស្រ្កឹត​ ជា​របាំ​កូរ​សមុទ្រ​ទឹក​ដោះ​ សម្តែង​ដោយ​សិល្បករ​សិល្បការិនី​ខ្មែរ​ជា​ច្រើន​​រូប​ ដែល​ស្តែង​ពី​រឿង​ព្រេង​​ព្រហ្មញ្ញសាសនា​​ជា​ភ័ស្តុតាង​ នៅ​លើ​ប្រាង្គ​សិលាចារឹក​ពោល​គឺ​កូរ​សមុទ្រ​ទឹក​ដោះ​ ដែល​បាន​បង្ហាញ​ពី​ឈុត​ឆាក​ច្បាំង​គ្នា​រវាង​ទេវតា​ និង​អសុរា ដើម្បី​​ស្វែងរក​ទឹក​អម្រិត​ រតនៈ​ទាំង​ពួង​ក៏​បាន​ផុស​ចេញ​ពី​មហាសាគរ​ក្នុង​​នោះ​ក៏​មាន​ទេពអប្សរ​រំលេច​ខ្លួន​រេរាំ​ ដែល​ហៅ​ថា​អប្សរា​។

របាំ​ទី​២​ បារាម្បារ្យា សម្តែង​ដោយ​អ្នកនាង​ ម៉ូណា ណាតារ៉ាហ្សាន​ ​សិល្ប​ការិនី​ពហុ​ជំនាញ​ ដោយ​បាន​សម្តែង​តែ​ម្នាក់​ឯង​បង្ហាញ​ពី ​ទេពធីតា​ដែល​ជា​អ្នក​គ្រប់គ្រង​ពិភព​លោក​ទាំង ​៣​ ព្រះ​នាង​មាន​តួនាទី​ការពារ​ពិភព​លោក​ក្នុង​កំណើត​​រូប​ផ្សេងៗ​។

ក្នុង​របាំ​នេះ​មាន​ឈុត​ឆាក​ទៅ​តាម​លំដាប់​លំ​​ដោយ​ ឈុត​ឆាក ​១​ គឺ​ ​Shree ជា​ ទេពធីតា​ដែល​មាន​ចំណេះវិជ្ជា​ ទ្រព្យ​សម្បត្តិ​ និង​សេចក្តី​ក្លាហាន​ ព្រះនាង​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពេល​វេលា​ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ពិភព​លោក ព្រះ​នាង​មាន​សេចក្តី​មេត្តា​ករុណា​ពេល​ដែល​ព្រះនាង​ចុះ​មក​ការពារ​ពិភព​លោក​។

នៅ​ក្នុង​កំណើត​ជា​ព្រះនាង ​ផាវ៉ាទី​ ដែល​មាន​សេចក្តី​ក្លាហាន​ជួយ​ឃាត់​ថ្នាំ​ពុល​ពី​ព្រះ​ឥសូរ​ឲ្យ​នៅ​ត្រឹម​ក​នៅ​ពេល​ដែល​កំពុង​កូរ​ទឹក​សមុទ្រ​។ នៅ​ក្នុង​កំណើត​ជា​ព្រះ​នាង​គ្រប់គ្រង​រដ្ឋ​ខាង​ត្បូង​ហើយ​បាន​ស្រឡាញ់​ព្រះ​ឥសូរ​ ព្រះ​នាង​តំណាង​ឲ្យ​អារម្មណ៍​ទាំង​ ៩​ រួម​មាន​ សេចក្តី​ស្រឡាញ់ សេចក្តី​ក្លាហាន​ ភាព​ភ័យ​ខ្លាច​ ការ​ខឹង​សម្បា ការ​ស្អប់​ ការ​ងឿង​​ឆ្ងល់ សេចក្តី​មេត្តា ភាព​រីករាយ​ និង​អារម្មណ៍​ស្ងប់​ ​ដែល​មាន​​ទាំង​ក្នុង​ខ្លួន ​និង​ក្រៅ​ខ្លួន​ព្រះ​នាង​។

ទិវា​​សំស្ក្រឹត​ ដែល​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ចំនួន ៥០០ នាក់​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​ធ្វើ​ឲ្យ​ភាសា​មួយ​​ប្រភេទ​នេះ​មាន​ជីវិត​ឡើង​វិញ​ និង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង​ ខណៈ​សំស្រ្កឹត​ ជា​ភាសា​ឥណ្ឌា​បុរាណ​នៃ​ក្រុម​​រង​ឥណ្ឌូអរីយ៉ាន​ ហើយ​ក៏​ជា​ឫស​គល់​នៃ​ភាសា​បច្ចុប្បន្ន​ជា​ច្រើន​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​ព្រម​ទាំង​ជា​ភាសា​មួយ​ដែល​មាន​រចនា​សម្ព័ន្ធ​វិទ្យាសាស្ត្រ​ខ្ពង់ខ្ពស់​ និង​វេយ្យាករណ៍​៕