ក្រុងអាស្ដាណា៖ កាហ្សាក់ស្ថាន បានឱ្យដឹងកាលពីថ្ងៃសុក្រថា សត្វរមាំងសៃហ្គាដ៏កម្របំផុតប្រមាណ ៣៥០ ក្បាល ត្រូវបានសម្លាប់ដែលទំនងជារន្ទះបាញ់ ក្រោយពីអ្នកភូមិបានប្រទះឃើញសពសត្វទាំងនោះនៅលើទីវាលធំមួយ នៅភាគខាងលិចប្រទេស។
ការរកឃើញនេះកើតឡើងអំឡុងពេលរដូវបង្កកំណើតចំពោះរមាំងសៃហ្គា ដែលត្រូវបានស្គាល់ជាសត្វច្រមុះប៉ិត។
ក្រសួងជីវចម្រុះកាហ្សាក់ បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ថា រន្ទះបាញ់ទំនងជាដើមចមនៃបញ្ហាដែលបង្កឱ្យសត្វទាំងនោះស្លាប់ ដោយសារតែមានបន្សល់ស្លាកស្នាមសម្គាល់នៅលើខ្មោចសត្វ។
សហភាពអន្ដរជាតិដើម្បីកិច្ចការអភិរក្សធម្មជាតិ (IUCN) ដែលបានដាក់សត្វទាំងនោះក្នុង «បញ្ជីក្រហម» ជាប្រភេទសត្វរងនូវការគំរាមកំហែងបំផុត ក្នុងចំណោមសត្វរមាំងជិតផុតពូជដទៃទៀត ដោយចំនួនរបស់វានៅសេសសល់ប្រមាណ ១២៤ ០០០ ក្បាល។
កាហ្សាក់ស្ថាន ជាជម្រកសត្វប្រភេទនេះដ៏ធំបំផុត ដោយតំបន់កាល់មីគា នៃប្រទេសរុស្ស៊ី និងម៉ុងហ្គោលី ដែលមានចំនួនសត្វទាំងនេះតិចតួច។
ក្នុងឆ្នាំ ២០១៥ រមាំងប្រមាណ ២០ ម៉ឺនក្បាល ដែលជាចំនួនជាងពាក់កណ្ដាលចំណោមចំនួនរមាំងសរុបលើលោក បានស្លាប់នូវអ្វីដែលក្រុមអ្នកវិទ្យាសាស្ដ្រក្រោយមកបានកំណត់ឃើញថា វាជាបាក់តេរីឆ្លងតាមច្រមុះ ដែលបានរីករាលដាលខ្លាំងក្នុងបរិយាកាសក្ដៅ និងសើម។
ការធ្វើជំរឿនពីលើអាកាសក្នុងឆ្នាំ ២០១៩ កាហ្សាក់ស្ថាន បានបង្ហាញថា ចំនួនរមាំងសៃហ្គា ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៣៣ ម៉ឺនក្បាល។
ការប្រមាញ់ គឺជាការគំរាមកំហែងខ្លាំង ដោយសារមានតម្រូវការស្នែងសម្រាប់ច្នៃធ្វើជាឱសថបុរាណចិន។ ថ្នាក់ដឹកនាំកាហ្សាក់ស្ថាន បានសន្យាបង្ក្រាបលើឧក្រិដ្ឋកម្មនេះ ក្រោយពីឆ្មាំងរដ្ឋពីរនាក់ត្រូវបានសម្លាប់ដោយក្រុមប្រមាញ់ក្នុងឆ្ នាំ២០១៩៕ AFP/HR