ប៉ោយប៉ែត៖ ដូចគ្នា​នឹង​បងប្អូន​ដទៃទៀត​ដែរ​ក្នុង​អំឡុងពេល​កូវីដ មុខរបរ​លក់​ឡេ​អនឡាញ​ និង​ឥវ៉ាន់​ចាប់ហួយ​របស់​អ្នកស្រី ផូ សុផា គឺ​ដំណើរការ​មិនសូវ​ល្អ។ ប៉ុន្តែ​ជាជាង​យក​ពេលវេលា​ទៅ​គិត​លើ​ភាពអវិជ្ជមាន​នៃ​ផលប៉ះពាល់ អ្នកស្រី​បាន​យក​ពេល​ទៅ​កែច្នៃ​ដប​ទឹក​សុទ្ធ​ធ្វើ​ជា​ផើងផ្កា​ និង​របស់​តាំង​លម្អ​យ៉ាង​ប្លែក​ភ្នែក​គួរឱ្យ​កោតសរសើរ។

ការតាំង​ចិត្ត​ផ្ដើម​ចេញពី​ជា​ការកែ​អផ្សុក​ និង​រំសាយ​ភាពស្មុគស្មាញ​ទៅជា​មុខរបរ​ផ្ដល់ប្រាក់​ចំណូល​មួយ​បន្ថែមទៀត​ ដែល​អ្នកស្រី​មិន​នឹកស្មាន​ដល់។

អ្នកស្រី សុផា ​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ប៉ោយប៉ែត​រូបនេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​គំនិត​ផ្ដួចផ្ដើម​នៃ​ការកែច្នៃ​ដប​ទឹក​សុទ្ធ​ថា៖ «ដំបូង​ខ្ញុំ​ប្រទះឃើញ​វីដេអូ​មួយ​បង្ហាញ​ពី​របៀប​កែច្នៃ​ដប​ទឹក​សុទ្ធ។ ចៃដន្យ​ខ្ញុំ​សម្បូរ​ដប​ទឹក​សុទ្ធ​ដែល​ប្រើ​រួច​ច្រើន​ដែរ​ហើយ​មិនបាន​យក​ទៅ​លក់។ ព្រោះ​ធ្លាប់​លក់​យក​ឱ្យគេ​ទាំងបាវៗ​តែ​បាន​កម្រៃ​មកវិញ​តិចតួច​បំផុត»។

អ្នកស្រី​បន្តថា៖ «ស្របពេល​អាជីវកម្ម​មិន​អំណោយផល​ល្អ​នៅ​ផ្ទះ​ក៏​ស្មុគ ខ្ញុំ​ក៏​សម្រេចចិត្ត​យក​ដប​ទឹក​សុទ្ធ​មក​សាកល្បង​ធ្វើ ដោយ​រៀន​មើល​ពី​របៀប​គេ​តភ្ជាប់​ខ្លះៗ​តែ​មិនបាន​យក​ម៉ូដ​ដូច​គេ​ទេ​ ព្រោះ​គិតថា​ចង់​ធ្វើ​អី​ដែល​ថ្មី​ជាង​សម្រាប់​យកមក​ដាក់តាំង​ផ្ទះ»។

រយាល​ពី​របរ​លក់​ឡេ និង​ចាប់ហួយ អ្នកស្រី សុផា ច្នៃ​ដប​ទឹក​សុទ្ធ​តែង​ផ្ទះ​យ៉ាង​ស្អាត ។ សហការី

ការកែច្នៃ​នេះ​អ្នកស្រី​ចាប់ផ្ដើមបាន​ជាង ១ ឆ្នាំ​ហើយ។ ដំបូងៗ​ដប​ទឹក​សុទ្ធ​អ្នកស្រី​យកតែ​របស់​ដែល​ខ្លួន​ប្រើ​រួច​មក​ច្នៃ ប៉ុន្តែ​ក្រោយមក​អ្នកស្គាល់ៗ​គ្នា​គេ​ឃើញ​អ្នកស្រី​ធ្វើ​ហើយ​ស្អាត​គួរឱ្យ​ចាប់អារម្មណ៍។ ជំនួស​ឱ្យ​ការបោះ​ចោល​ជាង ១០ ផ្ទះ​ពួកគេ​ចាប់ផ្ដើម​ប្រមូល​ទុកឱ្យ​អ្នកស្រី និង​មាន​មិត្តភក្តិ​ផ្សេងៗ​ទៀត​តែ​ក៏មាន​មួយៗ​ដែរ ដែល​អ្នកស្រី​ត្រូវ​ទិញ។

ផលិតផល​ច្នៃ​រួច​ដំបូង​អ្នកស្រី​ដាក់​តែ​ក្នុងផ្ទះ​ និង​កន្លៀត​ក្រោយ​ផ្ទះ ប៉ុន្តែ​ធ្វើ​កាន់តែ​យូរ​ទៅ​កាន់តែ​ច្រើនឡើង​អ្នកស្រី​ក៏​យក​វា​មក​ដាក់​តែង​មុខផ្ទះ ពេលនោះ​មាន​បងប្អូន​ជិតៗ​សួរនាំ​ច្រើន​ដោយ​ការចាប់អារម្មណ៍។

ពេល​រៀប​តាំង​មើលឃើញថា​ស្អាត អ្នកស្រី​ក៏​យក​រូប​ទៅ​បង្ហោះ​លេង ដែល​នាំឱ្យមាន​បងប្អូន​ក្នុង​បណ្ដាញ​សង្គម​ចែករំលែក​តៗ​គ្នា​ច្រើន​ហើយ​ប្រាប់ថា​ស្អាត​ប្លែក​ និង​ជាការ​ជួយ​ដល់​បរិស្ថាន​ទៀតផង។

អ្នកស្រី សុផា បាន​រៀបរាប់ថា៖ «ខ្ញុំ​គិត​ទៅ​ម្យ៉ាងដែរ។ វា​ជា​រឿង​នឹកស្មាន​មិន​ដល់​មិន​រំពឹងទុក​ថា​គេ​ឱ្យ​តម្លៃ​ដប​ទឹក​សុទ្ធ​ដែល​ធម្មតា​គ្រាន់តែ​ជា​សំរាម​មួយ​សោះ​អ្នកខ្លះ​ក៏​ប្រាប់ថា​ពួកគេ​ក៏​ចង់​ធ្វើតាម​ដែរ»។

ការដាក់​តាំង​នោះ​ទៀតសោត​អ្នកស្រី​ថា​វា​គ្រាន់តែ​ជា​ក្ដីសុបិន​មួយ​ចង់​មាន​សួនច្បារ ទើប​ចេះតែ​រៀប​លម្អ។ ដប​ទឹក​សុទ្ធ​ត្រូវបាន​ច្នៃ​ស្រោប​ចេញ​ជា​រូប​ផ្កាផ្សេងៗ​ជុំវិញ​ផើង ដែល​មាន​ដាំ​ផ្កា​ម៉ោង ១០ មាន​ពណ៌​ចម្រុះ ដើម្បី​ជា​ការលម្អ​ផ្ទះ និង​កម្សាន្ត​ភ្នែក។

ផ្ដើមចេញពី​ជា​ការកែ​អផ្សុក ការច្នៃ​ដប​ទឹក​សុទ្ធ​ក្លាយ​ជា​មុខរបរ​ផ្ដល់ប្រាក់​ចំណូល​មួយ​បន្ថែម។ សហការី

អ្នកដំណើរ​ដែល​ជិះ​កាត់​តែងតែ​នាំគ្នា​ក្រឡេក​មើល​ និង​កោតសរសើរ​ស្នាដៃ​អ្នកស្រី។

ដោយមាន​ការជំរុញ​លើក​ទឹកចិត្ត​ពី​បងប្អូន​ណែនាំ​ប្រាប់​ឱ្យ​អ្នកស្រី​សាក​បើក​លក់​ការកែច្នៃ អ្នកស្រី​ក៏​ចាប់ផ្ដើម​ដាក់លក់​ដប​ទឹក​សុទ្ធ​កែច្នៃ​លម្អ ដោយមាន​អតិថិជន​សួរនាំ​ និង​មក​ទិញ​ជា​ហូរហែ។

អ្នកស្រី ផូ សុផា បាន​ប្រាប់ថា៖ «នៅ​ប៉ោយប៉ែត​ក៏មាន​ខាង​ផ្ទះ​បុរាណ​គេ​ទិញយក​ទៅ​ថត​ហើយ​ និង​ប្រាប់ថា​នេះ​ជា​សមិទ្ធផល​ស្នាដៃ​ខ្មែរពិតៗ ដូចជា​មាន​ខាង​ហាង​កាហ្វេ គេ​ទិញ​យកទៅ​លម្អ​ហាង​គេ​ផងដែរ»។

សម្រាប់​អតិថិជន​ឆ្លងខេត្ត​ដែល​ចង់បាន​ផលិតផល​ស្នាដៃ​អ្នកស្រី​ក៏មាន​សេវា​ដឹក​ជូន​ដែរ។

តម្លៃ​ផើង​តូច​គឺ ១ តម្លៃ ១៥ ០០០ រៀល កណ្ដាល ២០ ០០០ រៀល និង​ផើង ៣ ជាន់ ៣៥ ០០០ រៀល ដែល​អតិថិជន​នឹង​ទទួលបាន​ទាំង​ផើង​ទាំង​ផ្កា​ និង​ការច្នៃ​ម៉ូដ​តែម្ដង។ ចំណែកឯ​ដំបង​ភ្លើង​គឺ ១០ ម៉ឺន​រៀល។

ស្ត្រី​វ័យ ៣៥ ឆ្នាំ​រូបនេះ​បាន​ចែកចាយ​ពី​អារម្មណ៍​របស់​អ្នកស្រី​ពេល​ទទួលបាន​ការគាំទ្រ​ពី​បងប្អូន​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយចិត្ត​ និង​រំភើប​យ៉ាងខ្លាំង​ចំពោះ​ទឹកចិត្ត​គាំទ្រ​ពី​បងប្អូន​ខ្មែរ។ ពី​មនុស្ស​ដែល​មិនមាន​គេ​ចាប់អារម្មណ៍​អ្វី​សោះ​ខ្ញុំ​អាច​បានចេញ​តាម​កាសែត តាម​ប៉ុស្តិ៍​ខ្ញុំ​រីករាយ​ណាស់​ដែល​អាច​ចែករំលែក​នូវ​អ្វីដែល​ខ្ញុំ​បានធ្វើ»។

ផើងផ្កា​រចនា​បន្ថែម​ដោយ​ដប​ទឹក​សុទ្ធ​មាន​តម្លៃ​ចាប់ពី ១៥ ០០០ រៀល ។ សហការី

អ្នកស្រី​បន្ត​ទាំង​រំភើប​ទៀតថា៖ «លើស​ពីនេះ​អ្នកខ្លះ​ក៏​ប្រាប់ថា​នឹង​ជួយ​ជា​ថវិកា​ដល់​អាជីវកម្ម​ច្នៃដប​ទឹក​សុទ្ធ​ខ្ញុំ​បើ​ខ្ញុំ​ខ្វះខាត​អ្វី ហើយ​ប្រាប់​ឱ្យ​ខ្ញុំ​ខំប្រឹង​នឹង​មាន​អនាគត​ល្អ សម្រាប់​មុខរបរ​នេះ​តស៊ូ​ឡើង។ សម្តី​ទាំងអស់​នេះហើយ​ដែលជា​កម្លាំង​ចិត្ត​ឱ្យ​ខ្ញុំ​បន្តធ្វើ​ទៅមុខទៀត»។

អ្នកស្រី​ប្រាប់ថា​ពេល​ចប់​វិបត្តិ​កូរ៉ូណា អ្នកស្រី​នឹង​ពង្រីក​អាជីវកម្ម​ដោយ​នឹង​រើ​ទៅ​កន្លែង​ដែល​ធំ​ជាង​ទីកន្លែង​បច្ចុប្បន្ន​ដោយ​សង្ឃឹមថា​អាជីវកម្ម​នេះ​នឹង​រឹតតែ​ល្អ​ប្រសើរ​ឡើង។

យ៉ាងណាមិញ អ្នកស្រី​បាន​លើក​ពី​ផលវិបាក​ផងដែរ​ថា៖ «ប៉ុន្តែ​ខ្ញុំ​ធ្វើ​តែម្នាក់ឯង។ ខ្ញុំ​គិតថា​បើ​ច្នៃ​លក់​អ៊ីចឹង​វា​ហត់​ហើយ​មិន​ងាយ​ទេ។ ថ្ងៃមុខ​ខ្ញុំ​មាន​គំនិត​រៀបចំ​ជា​សួន​ដាំផ្កា និង​ច្នៃ​រូបរាង​ផ្សេង​ប្លែកៗ​ឱ្យ​ស្អាត​ថែមទៀត​ដោយ​គេ​អាច​ចូលមក​អង្គុយ​កម្សាន្ត ថត​លេង​បាន​ដោយ​គិត​សេវាខ្លះ។ ធ្វើ​ដូចនេះ​យើង​បាន​លុយ​ហើយ​របស់​យើង​នៅតែ​ជា​របស់​យើង»។

អ្នកស្រី​បាន​ផ្ដែផ្ដាំ​ទៀតថា៖ «ខ្ញុំ​ចង់ឱ្យ​បងប្អូន​កុំ​ចោល​ប្លាស្ទិក ដប​ទឹក​សុទ្ធ​ពាសវាល​ពាសកាល។ បើ​យើង​អផ្សុក​យើង​អាច​កែច្នៃ​ធ្វើជា​អ្វីមួយ​ដែលមាន​ប្រយោជន៍។ បើ​ចង់​ធ្វើ​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ធ្វើ​មិន​បាច់​ថា​ដូច​ ឬ​មិន​ដូច​គេ​ទេ ដើម្បី​រួមគ្នា​ជួយ​បរិស្ថាន​យើង​ និង​ជុំវិញ​ផ្ទះរៀងៗខ្លួន»។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ស្នាដៃ​ច្នៃ​ដប​ទឹក​សុទ្ធ​របស់​អ្នកស្រី ផូ សុផា ​សូម​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​លេខ ០៨៨ ៩៩៩ ១២៨ ៩៕

តម្លៃ​ផើង​ចាប់ពី ១៥ ០០០ រៀល ហើយ​អតិថិជន​នឹង​ទទួលបាន​ទាំង​ផើង និង​ផ្កា។ សហការី

អ្នកស្រី​យក​រូប​ដប​ទឹក​សុទ្ធ​ច្នៃ​ទៅ​បង្ហោះ​លេង​នាំ​ឱ្យ​មាន​ការចែករំលែក​តៗ​គ្នា។ សហការី