ក្រុង​ស៊ា​ង​ហៃ: ខណៈ​ក្រុងស៊ា​ង​ហៃ កំពុង​រង​នូវ​រលក​កម្ដៅ​នា​រដូវក្តៅ​នេះ វា​ពិត​ជា​ចម្លែក​ណាស់​ដែល​ឃើញ​មនុស្ស​ម្នា​នាំ​គ្នា​មក​ដេក​លង់​លក់​តាម​ដង​វិថី​មុខ​ផ្សារ​ទំនើប​ដ៏​ល្បី​ឈ្មោះ​យ៉ាង​រដូក​រណែល។

ជាទូទៅ វិថី​ណាន​ជី​ង​ខាងកើត​ដ៏​អ៊ូអរ ប្រែក្លាយជា​កន្លែង​បំបាត់​ភាព​ស្អុះស្អាប់​សម្រាប់​ពលរដ្ឋ​រស់​នៅ​ក្បែរ​ខាង ដោយ​ការ​ដេក​លើ​បង់ ឬ​ចិញ្ចើម​ផ្លូវ។

ក្រុងមាន​ប្រជាជន​ជាង ២៤ លាន​នាក់​នេះ​បាន​រង​នូវ​រលក​កម្តៅ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ដោយ​សីតុណ្ហភាព​ថ្ងៃ​ព្រហស្បតិ៍ បាន​ឡើង​ដល់ ៣៥ អង្សាសេ រយៈពេល ១៦ ថ្ងៃ​នៃ​រដូវ​ក្តៅ​នេះ។

ផ្ទះ​ភាគច្រើន​ក្នុង​ប្លុក​អគារ​ចាស់ទាបៗខ្វះ​ម៉ាស៊ីនត្រជាក់​ប្រើប្រាស់ ខណៈ​ប្រជាពលរដ្ឋ​មាន​ម៉ាស៊ីន​ត្រជាក់​ក៏​ព្យាយាម​សន្សំ​សំចៃ​ការ​ប្រើប្រាស់​អគ្គិសនី​ដ៏​កើន​ឡើង​ខ្លាំង​ក្នុង​រដូវ​នេះ។

ម៉ោង ៤ ទៀបភ្លឺ ថ្ងៃ​ព្រហស្បតិ៍ មនុស្សម្នា​ជិត ១០០ នាក់​រួមទាំង​ស្ត្រី និង​កុមារ តែ​ភាគ​ច្រើន​ជា​បុរស​ដេក​អត់​ពាក់​អាវ​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​លើ​ចិញ្ចើម​ផ្លូវ​ដែល​សម្បូរ​អ្នក​ដើរ​ទៅ​កាន់​ផ្សារ​ទំនើប និង​ភ្ញៀវទេសចរ នាពេល​ថ្ងៃ។

ដោយ​ខ្លះ​ទ្រាប់​ក្រដាស​កាសែត ភួយ ខ្លះ​ដេក​ផ្ទាល់​ឥដ្ឋ ពួកគេ​មក​ស្រូបយក​ខ្យល់ជំនោរ​ទន្លេ​ហួងពូ ដែល​បក់​រំភើយ​មក​មជ្ឈមណ្ឌល​ក្រុង និង​ពាណិជ្ជកម្ម Bund នេះ។

ផ្ទះ​អត់​មាន​ម៉ាស៊ីន​ត្រជាក់​ បុរស​រូប​នេះមក​ដេក​លើ​បង់​ក្បែរ​ផ្សារ​។ AFP

អ្នក​ខ្លះទៅ​ដេក​ក្នុង​តង់​ក្បែរ​សួន​មជ្ឈមណ្ឌល People''s Square ហើយ​អ្នកខ្លះ​ដេក​នៅ​ខាង​ក្រៅ​ហាង​លក់​សម្លៀក​បំពាក់​ជាមួយ​ម៉ាណឺកាំង។

បុរសៗខ្លះ​ដេក​លើ​ចិញ្ចើមផ្លូវ អត់​ពាក់អាវ​និង​ស្បែកជើង​ជាមួយ​ទឹកដបធំៗ និង​នំ​ប៉ាវ​សម្រាប់​ត្រៀម​អាហារ​ពេល​ព្រឹក។

អ្នករស់នៅ​ក្នុង​ក្រុង​ស៊ា​ង​ហៃ​ឧស្សាហ៍​នាំគ្នា​ជ្រក​ក្នុង​ម៉ាស៊ីនត្រជាក់​នៅតាម​ស្ថានីយ​រថភ្លើង ផ្សារ​ទំនើប បណ្ណាល័យ និង​ហាង​លក់​ទំនិញ។

ហាង​លក់រាយ IKEA របស់​ស៊ុយអែត​ទីតាំង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​សម្រាប់​អ្នក​ចង់​គេច​ចេញ​ពី​កម្ដៅ​ដោយ​ពួក​គេ​ទៅ​កាន់​ទីនោះ​ដើម្បី​សម្រាក​លើ​សាឡុង និង​គ្រែ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់។

យោងទៅតាម​ការិយាល័យ​អាកាសធាតុ​ទីក្រុង​ស៊ា​ង​ហៃ បាន​ឲ្យ​ដឹងថា ទីក្រុង​ស៊ាងហៃ​កាន់​តែ​ក្តៅ​ឡើងៗ ជាពិសេស កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន​កម្តៅ​ឡើង​ខ្ពស់​បំផុត​គឺ​រហូត​ដល់ ៤០,៩ អង្សាសេ ហើយ​សីតុណ្ហភាព​ក្តៅ​បំផុត​បាន​កើន​ឡើង​ខ្លាំង​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ ពី ៨ ទៅ ១២ អង្សាសេ៕

ពលរដ្ឋ​ក្រីក្រ​ក្រុង​ស៊ាងហៃ ដេក​លើ​ចិញ្ចើមផ្លូវ​​ទទួល​ខ្យល់បក់ផាត់ពី​ទន្លេ។ AFP