ក្រុងហូជីមិញ: ដើម្បី​រំឭក​ដល់​មនុស្ស​ថា សូម្បីតែ​របស់​ប្លាស្ទិក​តូច​មួយ​ក៏​អាច​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន សិល្បករ​កាណាដា បេនចាមីន វ៉ុន វ៉ុង បាន​រំលេច​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ជា​ការដំឡើង​នូវ​រលក​សិប្បនិម្មិត​ធ្វើ​ពី​បំពង់​បឺត​ប្លាស្ទិក ១៦៨០០០ ដើម​នៅ Estella Place ឯ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។

បំភ្លឺ​ដោយ​អំពូល LED ស្នាដៃ​សិល្បៈ​រលក​ពណ៌​ខៀវ​លាយ ស បោកបក់​យ៉ាង​រស់រវើក​កម្ពស់ ៣,៣ ម៉ែត្រ​ដែល​អាច​បង្កើត​កំណត់ត្រា​ហ្គីនណេស​ពិភពលោក ជា​ស្នាដៃ​សិល្បៈ​ដែល​ធ្វើ​ពី​ទុយោប្លាស្ទិក​ដ៏ធំ​បំផុត​ក្នុង​លោក​។

សិល្បករ​លោក បេនចាមីន បាន​លើក​ឡើង​ថា​៖ «​មនុស្ស​ជាង ៨ ​ពាន់​លាន​នាក់​សុទ្ធតែ​គិត​ថា​គ្រាន់តែ​ទុយោប្លាស្ទិក​មួយ​មាន​ទៅ​ស្អី​?»​។

ដោយ​មិន​បាន​ប្រើប្រាស់​លុយកាក់​ទិញ​ទុយោ​ថ្មី​មក​បង្កើត​ស្នាដៃ​សិល្បៈ​ឡើយ​។ ដោយ​សហការ​ជាមួយ Zero Waste Saigon ហាង​កាហ្វេ Starbucks Vietnam និង​អ្នកស្ម័គ្រចិត្ត​ជាច្រើន​នាក់​ទៀត លោក​អាច​ប្រមូល​បាន ១៦៨ ០០០ ​ដើម​ដោយ​ប្រើ​រយៈពេល​ប្រមាណ ៦ ​ខែ​។

លោក បេនចាមីន បាន​សរសេរ​ថា​៖ «​បញ្ហា​ប្លាស្ទិក​ជា​រឿង​ដែល​ភ្នែក​មើល​មិន​ឃើញ​ហើយ​ខួរក្បាល​មិន​បាន​គិតដល់ ខណៈ​វា​ជា​បញ្ហា​ប៉ះពាល់​បរិស្ថាន​ដែល​កើតឡើង​គ្រប់​ទីកន្លែង​»​។

ទោះបី​ជា​ការបំពុល​បរិស្ថាន​ដោយសារ​ទុយោប្លាស្ទិក​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ទឹក​មួយ​តំណក់​ក្នុង​ធុង ប៉ុន្តែ​តាមការពិត វា​ជា​ប្លាស្ទិក​ដែល​ស្ទើរតែ​ពុំ​អាច​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​។ យោង​តាម​ការ Plastic Pollution Coalition សហរដ្ឋអាមេរិក​ប្រើ​ទុយោ​ជាង ៥០០ ​លាន​ដើម​ឯណោះ​ក្នុង​ ១ ​ថ្ងៃ​៕