ក្រុងគូឡាឡាំពួ៖ បុគ្គលិក​ម៉ាឡេស៊ី​ម្នាក់​បាន​ចាក់​​គ្រាប់​កាហ្វេ​លីង​ចូល​ក្នុង​ឆ្នាំង​ទឹក​ពុះ បន្ថែម​ស្ករ ពេល​ម៉ាស៊ីន​កូរ​គ្រឿង​ផ្សំ​ទៅ​ជា​ល្បាយ​ខ្មៅ​លើ​រងើក​ភ្លើង​ដុត​អុស​។

ម៉ាស៊ីន​កិន​គ្រាប់​កាហ្វេ​​ Antong ដែល​ជឿ​ថា ​ជា​រោងចក្រ​​​វ័យ​​ចំណាស់​បំផុត​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​ប្រើ​វិធី​ដូច​គ្នា​ក្នុង​ការ​ផលិត​កាហ្វេ​ដ៏​ពេញ​និយម​អស់​រយៈ​ជិត ៩ ​ទសវត្សរ៍​មក​ហើយ។

លោក ធៀន ប៊ុនឈុង ម្ចាស់​​រោងចក្រ​​គ្រាប់​កាហ្វេ​ធុន​តូច​ក្នុង​ទីក្រុង​តៃពីង ប្រទេស​ម៉ាឡេស៊ី បាន​ប្រាប់​ទីភ្នាក់ងារ ​AFP ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ដឹង​ពី​រូប​រាង​ម៉ាស៊ីន​ផលិត​កាហ្វេ​កាល​ពី ៥០ ឬ ១០០ ​ឆ្នាំ​មុន​។ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​កោត​ស្ញប់ស្ញែង​ពី​វិធី​ផលិត​កាហ្វេ​បុរាណ​»។

ម៉ាស៊ីន​កិន​គ្រាប់​កាហ្វេ​នេះ​ត្រូវ​បាន​ផលិត​​ឡើង​ដោយ​ជីតា​របស់​លោក ធៀន និង​មនុស្ស ​២ នាក់​ទៀត ក្នុង​ឆ្នាំ ​១៩៣៣ គឺ​ជា​ឧបករណ៍​ឈើ​តូច​ដែល​ប្រក់​ដំបូង​សង្កសី​។

វា​ផ្ទុក​ម៉ាស៊ីន​សម្រាប់​លីង​គ្រាប់​កាហ្វេ ឧបករណ៍​ចម្រោះ​សម្បក​គ្រាប់​កាហ្វេ​ និង​លាយ​ជាមួយ​ស្ករ​ស​។

សកម្មភាពផលិត​កាហ្វេ​ស្ករ នៅ​រោងចក្រ​បុរាណ​ដ៏​ចំណាស់មួយ​ក្នុង​ប្រទេ​សម៉ាឡេស៊ី។ រូបថត AFP

បរិក្ខារ​ម៉ាស៊ីន​ដ៏​ហួស​សម័យ​បន្សល់​នូវ​សភាព​ដើម​ ដែល​មាន​ប្រវត្ដិ​តាំង​ពី​រោងចក្រ​ចាប់​ផ្ដើម​ប្រតិបត្ដិការ​ដំបូង​ ថ្វី​ដ្បិត​តែ​ម៉ូទ័រ​របស់​វា​ត្រូវ​បាន​ដាក់​ជំនួស​ថ្មី​ក៏​ដោយ​។

កម្មករ​នៅ​រោងចក្រ​នេះ​ប្រើ​អុស​ប្រមូល​ពី​ការដ្ឋាន​សំណង់​ និង​ផ្ទះ​បាក់​បែក ​ដើម្បី​ដុត​កម្លោច​​​​គ្រាប់​កាហ្វេ​ ដែល​ជះ​ក្លិន​ឈ្ងុយ​ភាយ​ពេញ​ភូមិ​។

លោក ធៀន បាន​និយាយ​ថា កាហ្វេ​រំលីង​អុស​មាន​រសជាតិ​ឆ្ងាញ់​ជាង​កាហ្វេ​ផ្សេងៗ​ទៀត​។ លោក​បាន​អះអាង​ថា៖ «​វាមាន​រសជាតិ​ពិសេស​អ្វី​ម្យ៉ាង​ដែល​ពិបាក​នឹង​រៀប​រាប់​ប្រាប់​»។

ក្លិន​លីង​កម្លោច​កាហ្វេបុរាណ​សាយភាយ​ពេញ​ភូមិ​។ រូបថត AFP

ក្រោយ​ពី​គ្រាប់​កាហ្វេ​ត្រូវ​បាន​​លាយ​ជាមួយ​ស្ករ ល្បាយ​ទាំង​នេះ​ក៏​ត្រូវ​សម្ងួត​ និង​កិន​ទៅ​ជា​ម្សៅ​ មុន​ពេល​ច្រក​ដាក់​កញ្ចប់ និង​ដាក់​លក់​នៅ​តាម​ភោជនីយដ្ឋាន និង​អតិថិជន​ផ្សេង​ៗ​ទៀត​។

រោងចក្រ​ផលិត​កាហ្វេ​បែប​​បុរាណ​នេះ​​​អាច​ផលិត​កាហ្វេ​បាន​រហូត​ដល់​ ២ ពាន់​គីឡូក្រាម​​ក្នុង ​១ ​ថ្ងៃ ដោយ​ប្រើប្រាស់​វត្ថុធាតុ​ដើម​គ្រាប់​កាហ្វេ​​ពាក់​កណ្ដាល​ជា​ធនធាន​ក្នុង​ប្រទេស និង​ពាក់​កណ្ដាល​ទៀត​​នាំ​ចូល​ពី​បរទេស​។

ផលិតផល​កាហ្វេ​ផ្អែម​ដែល​ផលិត​នៅ​រោង​ចក្រ​នេះ​មាន​ប្រជាប្រិយភាព​តាំង​ពី​យូរយារ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ជា​ទី​ដែល​​មនុស្ស​ម្នា​ចូល​ចិត្ដ​ទទួល​ទាន​​កាហ្វេ​ស្ករ និង​រមែង​លក់​នៅ​តាម​បណ្ដា​ភោជនីយដ្ឋាន​នានា​៕ AFP/HR