ភ្នំពេញ៖​ ទីបំផុត​ការ​ប្រកួត​​វង់​​តន្ត្រីខ្មែរ​រដូវកាល​​ទី១ ដែល​​បាន​​រៀបចំ​ ដោយ​​​​សហភាព​សហព័ន្ធ​​​​យុវជន​​​​កម្ពុជា​ ​​នៃ​ខេត្ត​ស្វាយរៀង គាំទ្រ​​​​​ពី​​ក្រសួង​វប្បធម៌ និង​​វិចិត្រ​សិល្បៈ និង​សមាគម​​មិត្ត​តន្រ្តីករ ​សហការ​​​ផ្សាយ​ទូរទស្សន៍​​ BTV Cambodia​ បាន​​​រក​ម្ចាស់​ជយលាភី​​ហើយ​ដោយ​​​​​ក្រុម​កេរមរតក​ដូនតា​​មក​ពី​រាជធានី​​ភ្នំពេញ ទទួល​​ជយលាភី​​លេខ ១ ផ្នែក​​​​វង់​ភ្លេង​ការ​​បុរាណ​ខ្មែរ និង​ក្រុម​​​ប៊ុនថេន​ប្រពៃណី មក​ពីខេ​ត្ត​សៀមរាប ទទួល​​​​ជយលាភី​លេខ ១ ផ្នែក​​វង់​​ភ្លេង​ការ​​​សម័យ​​​​កណ្តាល​​ខ្មែរ។​

បើ​​តាម​គេហទំព័រ​ផ្លូវ​ការ​សហភាព​​​​​​សហព័ន្ធ​​​យុវជន​​​​កម្ពុជា​​​ ខេត្ត​ស្វាយរៀង​បាន​បង្ហាញ​​​បណ្តុំ​រូបភាព​​នៃ​កម្រង​រូបភាព​​នៃ​​ការ​ប្រគល់​​រង្វាន់​ជយលាភី​ ក្រោម​គណៈ​អធិបតីភាព​នៃ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ប្រធាន​ និង​អនុប្រធាន​​សហភាព​សហព័ន្ធ​​យុវជន​​​​កម្ពុជា ក្នុង​​កម្មវិធី​​​ប្រកួត​វង់​តន្រ្តី​​​ខ្មែរ​រដូវកាល​​ទី១​ នៅ​​​វគ្គ​​​​ផ្តាច់​​​ព្រ័ត្រ​ ​​​កាល​​ពី​​ថ្ងៃទី ​២៥​ ខែ​​មិថុនា ​ឆ្នាំ​ ២០២០ ​ក្រោយ​​​ពី​​បាន​​​ចម្រាញ់​​​​នៅ​​សល់​ចំនួន​​ ​៩ ​ក្រុម​​ នៅ​ត្រឹម​​​វគ្គ​ពាក់​កណ្តាល​​​ផ្តាច់​​​ព្រ័ត្រ​​​នោះ​​​។​​

តាម​​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ពី​ចំណាត់​ថ្នាក់​លេខ ​១ ដល់​លេខ ​៣​ នៃ​ការ​ប្រកួត​វង់​តន្ត្រី​ខ្មែរ​រដូវកាល​​ទី១ ទាំង ​២​ ប្រភេទ​​​គឺ វង់​ភ្លេង​ការ​បុរាណ​ខ្មែរ និង​​​​វង់​ភ្លេង​ការ​សម័យក​ណ្តាល​ខ្មែរ​ថា៖ «​ក្រុម​កេរ​មរតក​ដូនតា​ ​មក​ពី​រាជធានី​ភ្នំពេញ ​ទទួល​​បាន​​​​​​ជយលាភី​លេខ ១ ​នៃ​វង់​ភ្លេង​​​ការ​បុរាណ​ខ្មែរ​ និង​ក្រុម​ប៊ុនថេន​ប្រពៃណី មក​ពី​ខេត្ត​សៀមរាប​ ទទួល​បាន​ជយលាភី​​លេខ ​១ ​នៃ​​វង់​ភ្លេង​ការ​​​សម័យ​កណ្តាល​ខ្មែរ។ ចំណែក​​ក្រុម​មន្ទីរ​វប្បធម៌​ខេត្ត​ព្រៃវែង​​ មក​​ពី​ខេត្ត​ព្រៃវែង ​ទទួល​បាន​ជយលាភី​លេខ ​២​ នៃ​​វង់​ភ្លេង​ការបុរាណ​ខ្មែរ​ និង​ក្រុម​គ្រូ​នាដ មក​ពី​ខេត្ត​ស្វាយរៀង​ ទទួល​បាន​នូវ​ជយលាភី​លេខ ​២ នៃ​វង់​​ភ្លេង​​ការ​សម័យ​កណ្តាល​ខ្មែរ​។ ខណៈ​​​​ក្រុម​តន្ត្រី​កោះកេរ្តិ៍ មក​ពី​ខេត្ត​កណ្តាល​ទទួល​បាន​ជយលាភី​លេខ ​៣ នៃ​វង់​ភ្លេង​ការ​បុរាណ​ខ្មែរ​ និង​ក្រុម​មរតក​តន្រ្តី​​វ័យ​​ក្មេង​មក​ពី​រាជធានី​ភ្នំពេញ​ទទួល​បាន​ជយលាភី​លេខ ៣ នៃ​​វង់​ភ្លេង​ការ​​​សម័យ​កណ្តាល​ខ្មែរ»​។​

លោក ឌី វិជ្ជា ប្រធាន ​ស.​ស.​យ.​ក ខេត្ត​​ស្វាយ​រៀង នា​ពេលប្រគល់ពាន​។ រូបថត ស.​ស.​យ.​ក ខេត្ត​​ស្វាយ​រៀង

គួរ​រំឭក​ដែរ​ថា កម្មវិធី​ប្រកួត​​វង់តន្ត្រី​ខ្មែរ​រដូវកាល​ទី ​១ ​នេះ បាន​​​​ចាប់​ផ្តើម​​បើក​ការ​ប្រកួត​តាំង​​​ពី​ថ្ងៃទី ១ ខែ ​កុម្ភៈ ឆ្នាំ ២០២០​ ដល់​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ ​២០២០ ​មាន​ច្រើន​ដំណាក់​កាល​ដូចជា ដំណាក់​កាល​​​​ផ្សព្វផ្សាយ ​និង​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ការ​​វាយ​​តម្លៃ​ជម្រុះ​​​លើក​ទី ១ ​តាម​រយៈ​វីដេអូ​ដំបូង​របស់​ក្រុម​​បេក្ខភាព វគ្គ​​តម្រង់ទិស​​ ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ក្រោម​​​កា​រវាយ​តម្លៃ​ដោយ​គណៈកម្មការ​សាស្ត្រាចារ្យ​​​មេ​ប្រយោគ និង​នៅ​​វគ្គ​ជម្រុះ​ចុង​ក្រោយ​ តាមរយៈ​ការ​បោះ​ឆ្នោត​ពី​​សំណាក់​​​អ្នក​គាំទ្រ ​និង​មហាជន តាមរយៈ​វីដេអូ​ប្រកួត​លើក​ទី ​២ របស់​ក្រុម​ប្រកួត​​នានា​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់ ស.​ស.​យ.​ក ខេត្ត​​ស្វាយរៀង ​បូក​ផ្សំ​​​ជា​មួយនឹង​​ពិន្ទុ​ពី​វគ្គ​ពាក់​​កណ្តាល​​​ផ្តាច់​ព្រ័ត្រ វគ្គ​ប្រកួត​​​ផ្តាច់​ព្រ័ត្រ ដើម្បី​ស្វែងរក​ជយលាភី​លេខ ១​ លេខ ២ និង​លេខ ​៣ គ្រប់់​នូវ​​ទម្រង់​វង់​ភ្លេង​នីមួយៗ​ទាំង ២ ​ផ្នែក​​។

ការ​ប្រកួត​វង់​តន្ត្រី​ខ្មែរ​នេះ ​រៀបចំ​​ឡើង​ក្នុង​គោល​បំណង​ចូលរួម​លើក​កម្ពស់​ការ​​ថែ​រក្សា​ការពារ​សិល្បៈ ​ទំនៀម​ទម្លាប់​​ ប្រពៃណី​វប្បធម៌ ដែល​​ជា​អត្តសញ្ញាណ​ជាតិ និង​ផ្សព្វផ្សាយ​ឧបករណ៍​តន្ត្រី​ខ្មែរ​ទៅ​កាន់​ប្រជាពលរដ្ឋ ជាពិសេស​នោះ​ទៅ​ដល់​​ក្រុម​យុវជន​​​​ខ្មែរ​ជំនាន់​ក្រោយ និង​ជនបរទេស​ឲ្យ​បាន​ស្គាល់​​ ក្រោម​ពាក្យ​ស្លោក​រួម​មួយ​ សម្រាប់​ការ​ប្រកួត​កម្ម​វិធី​វង់​ភ្លេង​ខ្មែរ​រដូវ​កាល​ទី​១ នៅ​ឆ្នាំ ​២០២០ ​នេះ ដែល​បាន​ដាក់​ថា ​«ទាំង​អស់​គ្នា​ចូលរួម​អភិរក្ស និង​លើក​ស្ទួយ​ឧបករណ៍​​ភ្លេង​ខ្មែរ​​​»៕​

លោក ហ៊ុន ម៉ានី ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជនកម្ពុជា​ នា​ពេល​ប្រគល់ពាន​​​។ ស.​ស.​យ.​ក ខេត្ត​​ស្វាយ​រៀង