ភ្នំពេញ: បាយ​ស្រូប ១ ប្រអប់​តម្លៃ​ចន្លោះ​ពី ៣០០០ ទៅ ៥០០០ រៀល អ្នក​លក់​ត្រូវ​ប្រើ​ប្លាស្ទិក​ជាច្រើន​ដូចជា​ប្រអប់​បាយ ស្លាប​ព្រា ថង់​ច្រក​ជ្រក់ និង​ថង់​ច្រក​វត្ថុ​ទាំង​នេះ។ ស្ទើរ​តែ​គ្រប់​ដង​វិថី និង​តាម​របង​ផ្ទះ​ប្រជា​ពលរដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ សំរាម​ដែល​ជះ​ក្លិន​ស្អុយ​អសោច​កំពុង​តែ​បង្ក​ជា​កង្វល់​ចំពោះ​បញ្ហា​បរិស្ថាន​ដល់​សង្គម​ជាតិ។

នៅក្នុង​ចំណោម​សំរាម​ប្រមាណ ៣០០០ តោន​ដែល​កកើតឡើង​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង ១ ថ្ងៃ មាន​សំរាម​ប្លាស្ទិក​ចំនួន ១៨ ភាគរយ ឬ​ស្មើ​នឹង ៦០០ តោន​ក្នុង ១ ថ្ងៃ។ ប្រជាពលរដ្ឋ​ទូទៅ​ហាក់​និយម​ប្រើប្រាស់​ប្លាស្ទិក​ស្ទើរ​តែ​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង។

អ្នកខ្លះ​ចោទ​អ្នក​រើស​អេតចាយ​ថា ជា​អ្នក​កកាយ​មាត់​ថង់ ពង្រាយ​សំរាម​ដែល​ចងទុក​ដាក់​ត្រឹមត្រូវ​ហើយ តែ​តាម​ពិត​ពួកគេ​ជា​អ្នក​ជួយ​មួយ​ផ្នែក​ដល់​បរិស្ថាន​តាមរយៈ​ការ​ស្វែងរក​វត្ថុ​ប្លាស្ទិក ដែល​អាច​លក់​ដូរ​បាន។

អ្នក​ថតរូប​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​លោក មី​ហ្គែ​ល ជេ​រ៉ូ​នី​ម៉ូ ជាប់ចិត្ដថ​ត​រូប​ក្មេង​រើស​អេតចាយ និង​មាន​បំណង​រៀបចំ​ពិព័រណ៍​ថ្មី​ក្រោម​ចំណង​ជើង​ថា «រាជាណា​ចក្រ​ប្លាស្ទិក​ជុំវិញ​ទស្សនៈ​ផ្សេងៗ​លើ​បញ្ហា​សំណល់ និង​អេកូឡូស៊ី​នៅ​កម្ពុជា»។

ស្នាដៃ​សិល្បៈ Say No To Plastic ដោយ Sonich Touch​​។ សហការី

លោក ជេ​រ៉ូ​នី​ម៉ូ និយាយថា៖ «នេះ​ជា​ផ្នែក​មួយ​នៃ​ស៊េរី​ថតរូប​ឈ្មោះ Invisible Soldiers។ អ្នក​រើស​អេត​ចាយ​ធ្វើ​ការងារ​លំបាក​ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ទាប តែ​ជា​អ្នក​សម្អាត​តាម​ដង​ផ្លូវ និង​ស្ទួយ​ការ​ប្រើប្រាស់​ឡើង​វិញ។ ដោយសារ​កម្ពុជា​មិន​ទាន់​មាន​យន្ដការ​កែច្នៃ​ផលិតផល​ប្រើប្រាស់​ឡើង​វិញ​ជា​ផ្លូវការ ខ្ញុំ​ចង់​ផ្ដល់​កិត្ដិយស​ដល់​ពួកគេ និង​និយាយ​ពី​ការ​រើស​អើ​ស​ចំពោះ​អាជីព​ពួកគេ។ ពួកគេ​មិន​ត្រូវ​បាន​គេ​មើល​ឃើញ ស្ទើរ​តែ​ជា​សំរាម​ក្នុង​សង្គម»។

អ្នក​ថតរូប​ដែល​ឈឺឆ្អាល​រឿង​បរិស្ថាន​រូបនេះ​បាន​បន្ដថា៖ «ទាំងនេះ​ជា​អ្វីដែល​យើង​អាច​ធ្វើ​បាន​ចំពោះ​ការ​លើក​ស្ទួយ​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​រវាង​ធម្មជាតិ និង​ការ​កាត់​បន្ថយ​បម្រែប​ម្រួល​អាកាស​ធាតុ»។

លោក​បាន​ឲ្យ​ដឹងថា ពិព័រណ៍​នេះ​នឹង​បង្ហាញ​ពី​ទស្សនៈផ្សេងៗ​ជុំវិញ​បញ្ហា​កាក​សំណល់ និង​អេកូឡូស៊ី​នៅ​កម្ពុជា ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​សិល្បៈ​ក្នុង​ស្រុក ១៤ នាក់ រួម​ជាមួយ​បរទេស ៨ នាក់​ថែម​ទៀត។ «រាជា​ណាចក្រ​ប្លាស្ទិក​ជុំវិញ​ទស្សនៈ​ផ្សេងៗ​លើ​បញ្ហា​សំណល់ និង​អេកូឡូស៊ី​នៅ​កម្ពុជា» មាន​រយៈពេល ១ ខែ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា​នេះ​ពី​ម៉ោង ៦ ដល់​ម៉ោង ៨ យប់​នៅ​ផ្ទះ​មេត្ដា​រាជធានី​ភ្នំពេញ៕