ក្រុងរ៉ាបា: ម៉ាដូណា រាជិនីប៉ុប បានបង្ហាញខ្លួនទៅកាន់អតីតរាជធានីនៃរាជាណាចក្រ ម៉ារ៉ាកេច ស្ថិតនៅភាគខាងលិចប្រទេសម៉ារ៉ុកដើម្បីប្រារឰខួបកំណើត ៦០ ឆ្នាំរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍។
តារាចម្រៀងប៉ុបអាមេរិករូបនេះ បានសរសេរលើហ្វេសប៊ុក និងអ៊ីនស្ដាក្រាមរបស់ខ្លួននៅមុនថ្ងៃពិសេស ១ ថ្ងៃថា៖ «ដើរកាត់តាមវិថីខ្វាត់ខ្វែងអំឡុងពេលបព្វជិតអ៊ិស្លាមធ្វើពិធីសំយ៉ាំង»។
ម៉ាដូណា បានបង្ហោះវីដេអូ «ខួបកំណើត វេទមន្ដ និងដំណើរផ្សងព្រេង» នាពេលរាត្រីនៅតាមវិថីតូចៗខ្វាត់ខ្វែងក្នុងផ្សារនៃទីក្រុងបុរាណ។ កាលពីថ្ងៃអង្គារ នាងក៏បានបង្ហោះរូបខ្លួនឯងដោយពាក់មួកកន្ដឹបលម្អគ្រឿងអលង្ការបុរាណ រួមទាំងសំណេរថា «ថ្ងៃនេះ ខ្ញុំពាក់ C A K E ឬនំខេកលើក្បាលរបស់ខ្ញុំ»។
អ្នកបានឃើញរាជិនីប៉ុបរូបនេះនៅក្រុងបុរាណ ម៉ារ៉ាកេច បាននិយាយថា ប៉ូលិសម៉ារ៉ុករារាំងមិនឲ្យអ្នកកាសែត និងជាងថតរូបចូលក្បែរឡើយ។
ដើម្បីប្រារឰពិធីពិសេសនោះ ម៉ាដូណា បានបង្កើតកម្មវិធីសប្បុរសធម៌ជាហូរហែក្រោមប្រធានបទ «Raising Malawi» ដែលជួយដល់កុមារកំព្រា និងកុមារងាយរងគ្រោះនៅប្រទេសម៉ាឡាវី។
ឆ្លងកាត់ស្នេហាបុរសក្មេងជាច្រើនរូប រាជិនីប៉ុប ម៉ាដូណា ដែលបានចិញ្ចឹមកូនជនជាតិម៉ាឡាវី ៤ នាក់ បានសរសេរលើហ្វេសប៊ុកថា៖ «សម្រាប់ថ្ងៃខួបកំណើតខ្ញុំ ខ្ញុំមិនអាចគិតពីកាដូអ្វីក្រៅពីទំនាក់ទំនងគ្រួសារពិភពលោករបស់ខ្ញុំជាមួយប្រទេសដ៏ស្រស់ស្អាតនេះឡើយ ជាពិសេស កុមារដែលត្រូវការជំនួយបំផុត»៕