ភ្នំពេញ៖ ការ​​រស់នៅ​ផ្ទះ​បិទ​ជិត​គ្មាន​បង្អួច ឬ​​​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ សម្បូរ​ឧបករណ៍​អេឡិចត្រូនិក​ និង​មាន​​​ម៉ាស៊ីន​ត្រជាក់​​តែ​ខ្វះ​ខ្យល់​បរិសុទ្ធ​ចេញ​​ចូល​ ​ហាក់​ពុំ​សូវ​ល្អ​​ដល់​សុខភាព​​ប៉ុន្មាន​ទេ​។

មើល​ឃើញ​ពី​តម្រូវការ​​រុក្ខជាតិ​​ធម្មជាតិ​​មក​ជំនួយ​បរិយាកាស​រស់នៅ និស្សិត​ត្រៀម​បញ្ចប់​ថា្នក់​​អនុបណ្ឌិត​ មុខ​វិជ្ជា​សិក្សា​អភិវឌ្ឍន៍​នា​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ លោក ​​ហែម​ ​ច័ន្ទសុភ័ក្ត្រ​ បាន​ណែនាំ​ការ​ដាំ​រុក្ខជាតិ​លម្អ​ ដើម្បី​ជួយ​បន្សុទ្ធ​ខ្យល់​​ បន្ថែម​ពណ៌​​បៃតង​ក្នុង​ការិយាល័​យ​ ​បន្ធូរ​បន្ថយ​អារម្មណ៍​ស្មុគស្មាញ​ ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​ពាក្យ​ ​«អផ្សុក»​ ចេញ​ពី​អារម្មណ៍​របស់​អ្នក​​​មិន​ចេញ​ក្រៅ​ផ្ទះ​​។

ដោយសារ​តែ​មាន​ទំនោរ​ចិត្ត​ស្រលាញ់​បរិស្ថាន​ធម្មជាតិ​តាំង​ពី​កុមារភាព​ ​សុភ័ក្ត្រ​ បាន​​ធ្វើ​ការ​​សិក្សា​រៀន​សូត្រ​បន្ថែម​​អំពី​ការ​ដាំដុះ​រុក្ខជាតិ​ ដោយ​ខ្លួនឯង​ ​និង​ពី​សាលារៀន​រហូត​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​​ក្សេត្រសាស្ត្រ​ នា​សាកល​​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ​និង​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ម្ចាស់​ហាង​រុក្ខជាតិ​លម្អ​។

លោក ​​សុភ័ក្ត្រ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ ​«នា​ដើម​ឆ្នាំ ​២០១៨​ ខ្ញុំ​​ចាប់​ផ្ដើម​បង្កើត​ទម្លាប់​ដាំ​​ដើម​រុក្ខជាតិ​លម្អ​ផ្សេងៗ​នៅ​ក្នុង​​ផ្ទះ​របស់​ខ្ញុំ​។ ខ្ញុំ​បាន​ព្យាយាម​សិក្សា​​ស្វែងយល់​បន្ថែម​អំពី​រុក្ខជាតិ​​​លម្អ​ដោយ​ខ្លួន​ឯង​តាមរយៈ​សៀវភៅ​ ឬ​វីដេអូ​នានា ​តាម​​គេហទំព័រ​អ៊ីនធឺណិត​ ​និង​​តាម​ Youtube»​។​

ហាង «ព្រៃ» ​លក់រុក្ខជាតិលម្អតម្លៃ​ចាប់ពី ៤ ពាន់រៀល​​។ រូបថត សហ​ការី

មុន​នឹង​ក្លាយ​ជា​ម្ចាស់​ហាង​រុក្ខជាតិ​លម្អ​ សុភ័ក្ត្រ ​បាន​អនុវត្ត​ដាំ​រុក្ខជាតិ​លម្អ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ ផ្ទះបាយ ​ដំបូល​ផ្ទះ ​និង​​តាម​បន្ទប់​គេង​ រហូត​មាន​ការ​កោត​សរសើរ​ពី​មិត្តភក្តិ​ និង​បងប្អូន​។

ម្ចាស់​ហាង​សំឡេង​ទន់​រូប​នេះ​​បាន​បង្ហើប​ថា៖ ​«រាល់​លើក​នៅ​ពេល​ដែល​មាន​មិត្តភកិ្ដ ឬ​បងប្អូន​មក​លេង​ផ្ទះ​ខ្ញុំ ​គេ​តែង​​ភ្ញាក់​ផ្អើល​ និង​លាន់​មាត់​គ្រប់ៗ​គ្នា​ថា​ បន្ទប់​គេង​ខ្ញុំ​ដូច​នៅ​ក្នុង​ព្រៃ ​ហា៎ហា៎​... ព្រោះ​មាន​រុក្ខជាតិ​លម្អ​​តូច​ធំ​មិន​ក្រោម​ ២០ ​ប្រភេទ​​នោះ​ទេ​ ហើយ​នេះ​ជា​មូលហេតុ​​ដែល​ខ្ញុំ​ដាក់​ឈ្មោះ​ហាង​របស់​ខ្ញុំ​ ថា​ «ព្រៃ» ​ឬ (Jungle à Domicile)»។

«ព្រៃ» ជា​កន្លែង​បង្កើន​ការ​យល់​ដឹង​ដល់​ប្រជាជន​ខ្មែរ​ និង​ជន​បរទេស​ អំពី​រុក្ខជាតិ​លម្អ​ទាំង​​លក្ខណៈ​ជីវសាស្រ្ត​ រូប​សាស្រ្ត​ ការ​ថែទាំ​ និង​អត្ថប្រយោជន៍​របស់​រុក្ខជាតិ​លម្អ​នីមួយៗ​។

បុរស​វ័យ ២៧ ឆ្នាំ​រូប​នេះ​ បាន​បន្ត​ទៀត​ថា​៖ «ខ្ញុំ​បង្កើត​​ Jungle ​ជាមួយ​គោល​បំណង​ចង់​ឲ្យ​ទីនេះ​​ក្លាយ​ជា​ទី​កន្លែង​ដែល​​អ្នក​ស្រឡាញ់​ធម្មជាតិ​ និង​ចង់​ស្វែង​យល់​ពី​រុក្ខជាតិ​លម្អ​ ជួបជុំ​គ្នា​ដើម្បី​សិក្សា​ពិភាក្សា​ និង​ចែក​រំលែក​បទពិសោធ ​និង​ចំណេះ​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​»។

ការ​ដាំ​រុក្ខជាតិ​លម្អ​អាច​ជា​វិធីសាស្ត្រ​មួយ​ ក្នុង​ចំណោម​វិធីសាស្ត្រ​ផ្សេង​ទៀត​ដែល​ជួយ​បន្ថយ​អារម្មណ៍​តប់​ប្រមល់​ក្នុង​អំឡុង​ពេល​មនុស្ស​សំងំ​នៅ​ផ្ទះ​។

លោក​បាន​ណែនាំ​វិធីសាស្ត្រ​ជ្រើសរើស​រុក្ខជាតិ​លម្អ​ដូចជា ​ដើម​ត្រចៀក​ដំរី​ ដើម​លុយ​ ដើម​កៅស៊ូ​ ឈ្មោះ​ដើម​ឆត្រ​ជប៉ុន​ ឬ​ឆត្រ​អាមេរិក​ ដើម​លំពែង​ព្រះរាម​ និង​​ដើម​បក្សី​សួគ៌។

ម្ចាស់​ហាង​ ព្រៃ​ លើក​ឡើង​ថា​៖ «រុក្ខជាតិ​ទាំង​នេះ​សុទ្ធសឹង​តែ​ជា​ប្រភេទ​រុក្ខជាតិ​លម្អ​ដែល​ពេញ​និយម​សម្រាប់​ដាក់​តាំង​លម្អ​នៅ​តាម​ទីធ្លា​នានា​ និង​មិន​ពិបាក​ថែ​ទាំ​ឡើយ»​។

យ៉ាងណា​មិញ លោក​បញ្ជាក់​ថា​ ដើម​លំពែង​ព្រះរាម​ជា​ប្រភេទ​រុក្ខជាតិ​ដែល​ធន់​ មាន​តម្រូវការ​ពន្លឺ​ថ្ងៃ​ និង​ទឹក​តិចតួច​ ជួយ​បន្សុទ្ធ​ខ្យល់​បាន​ល្អ​ និង​ជា​រុក្ខជាតិ​ស័ក្តិសម​បំផុត​សម្រាប់​ដាំ​លម្អ​ក្នុង​បន្ទប់​គេង​។

លោក​បន្ថែម​ថា ចំណុច​សំខាន់​ដំបូង​គឺ​ ការ​ជ្រើសរើស​ទីតាំង​ ប្រសិន​បើ​អ្នក​ចង់​ដាំ​ក្នុង​បន្ទប់​គេង​ដែល​មាន​បង្អួច​បែរ​​ទៅ​ទិស​​​ខាង​កើត​ និង​មាន​ពន្លឺ​ថ្ងៃ​ចាំង​ចំ​ផ្ទាល់​រៀង​រាល់​ពេល​ព្រឹក​ អ្នក​អាច​ដាំ​រុក្ខជាតិ​លម្អ​បាន​ច្រើន​​ប្រភេទ​ ដូចជា​​ដើម​បក្សី​សួគ៌ ដើម​ឆត្រ​ជប៉ុន​ ដើម​កៅស៊ូ​ ដើម​ត្រចៀក​ដំរី​ជាដើម។

លោក​បន្ត​ពន្យល់​ថា បើ​ទីតាំង​​នោះ​មាន​ពន្លឺ​ថ្ងៃ​តិចតួច​យើង​គួរ​​ដាំ​ដើម​លំពែង​ព្រះរាម​ ព្រោះ​វា​មាន​តម្រូវ​ការ​ពន្លឺ​តិចតួច​ប៉ុណ្ណោះ​។

សុភ័ក្ត្រ បាន​លើក​ឡើង​​ថា ​បើ​​តាម​លក្ខណៈ​ជីវសាស្ត្រ​ ការ​ដាំ​​រុក្ខជាតិ​លម្អ​ក្នុង​ទីតាំង​ផ្សេងៗ​​គ្នា​បង្ក​ការ​លូតលាស់​ផ្សេងៗ​គ្នា​ផង​ដែរ។​ ចំពោះ​លក្ខណៈ​រូបសាស្ត្រ​វិញ​ ការ​ដឹង​អំពី​លក្ខណៈ​រូបសាស្រ្ត​របស់​រុក្ខជាតិ​ ជួយ​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​​ក្នុង​ការ​កំណត់​ទីតាំង​ដាំ​រុក្ខជាតិ​លម្អ​ទាំង​នេះ​។

រុក្ខជាតិដូចជា ​ដើមឆត្រ​ជប៉ុន ដើម​លំពែង​ព្រះរាម ដើម​ត្រចៀកដំរី ស័ក្ដិសម​នឹង​ដាំ​លម្អ​ផ្ទះ​។ រូបថត សហ​ការី

ស្ថាបនិក​រូប​នេះ លើក​ហេតុផល​ថា​៖ «ជាក់​ស្ដែង​រុក្ខជាតិ​ត្រចៀក​ដំរី​ដូច​ដែល​បាន​រៀប​រាប់​​ខាង​លើ ​ជា​ប្រភេទ​រុក្ខជាតិ​មិន​ធន់​ទ្រាំ​នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ដូច្នេះ​អ្នក​ដាំ​ត្រូវ​រក្សា​​​សំណើម​ដី​ជានិច្ច​ និង​ដាំ​ដោយ​ល្បាយ​ដី​ដែល​មាន​ជីវជាតិ​។ ស្រដៀង​គ្នា​នឹង​នេះ​ដែរ​ រុក្ខជាតិ​ត្រចៀក​ដំរី​ ជា​ប្រភេទ​រុក្ខជាតិ​លម្អ​មាន​ស្លឹក​ធំ​ពណ៌​បៃតង​ចាស់​ និង​អាច​លូត​លាស់​កម្ពស់​ប្រមាណ ​៥០ ​សង់ទី​ម៉ែត្រ​ ដូច្នេះ ​រុក្ខជាតិ​នេះ​អាច​ដាំ​បាន​ច្រើន​ទីតំាង​មិន​ថា​បន្ទប់​ទទួល​ភ្ញៀវ​បន្ទប់​គេង​ ឬ​ផ្ទះ​បាយ​នោះ​ទេ​»​។

ជា​ចុងក្រោយ​ សុភ័ក្ត្រ ​បង្ហាញ​​ឆន្ទៈ​របស់​ខ្លួន​ថា​៖ «ខ្ញុំ​សង្ឃឹម​ និង​​ជឿជាក់​យ៉ាង​មុតមាំ​ថា​នឹង​មាន​អ្នក​ចូលរួម​ដំណើរ​ជាមួយ​ខ្ញុំ​​ក្នុង​ការ​សិក្សា​ស្វែងយល់​ពី​អត្ថ​ប្រយោជន៍​នៃ​បរិស្ថាន ​និង​ស្រលាញ់ រុក្ខជាតិ​បៃតង​ឲ្យ​កាន់​តែ​ច្រើន ​ដើម្បី​ប្រែក្លាយ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស ​កម្ពុជា ​យើង ​ឲ្យ​ក្លាយ​ជាទី​សោមនស្ស​ពោរពេញ​ដោយ​ខ្យល់​អាកាស​បរិសុទ្ធ សោភណភាព​ស្រស់​បំព្រង​សុខភាព​ល្អ​ និង​សុខុមាលភាព​សង្គម»។

ហាង​​រុក្ខជាតិ​ «ព្រៃ» របស់​លោក​​​មាន​លក់​រុក្ខជាតិ​លម្អ​ ផើង​កាដូ​ និង​សម្ភារ​ថែ​សួន​នានា​ ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​។ តម្លៃ​​មាន​ច្រើន​ជម្រើស ​ចាប់​ពី​ ៤ ០០០​ រៀល ​​អាស្រ័យ​​ទៅ​លើ​ប្រភេទ ​ទំហំ​ និង​​លក្ខណៈ​​របស់​រុក្ខជាតិ​។

«ព្រៃ»​ មាន​អាសយដ្ឋាន​ ផ្ទះ​លេខ ​៩១E0 ផ្លូវ​ព្រះ​អង្គឌួង​ ក្បែរ AMK ផ្សារ​ចាស់​។

ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ហ្វេសប៊ុក​ផេច​ https://www.facebook.com/jungledomicile/ ឬ​ទូរស័ព្ទ​​លេខ​ ០១៦ ៣៣៣ ២៨៧៕