ក្រុង​ហ្វុងញ៉ា៖ ថ្ម​ភ្នំ​ធំៗ​​ប៉ុន​អគារ​​ច្រើនជាន់​ផុស​ឡើង​​យ៉ាង​មហិមា​​ ខណៈ​លោក ហូ មិញ​ហ្វឹក ដើរ​​រុករាន​ទៅ​កាន់ទី​ងងឹង​​នៃ​រោង​ភ្នំ​ដ៏​ធំបំផុត​ក្នុងលោក។

លោក ហ្វឹក​ ធ្លាប់តែ​ចិញ្ចឹមជីវិត​ដោយ​​អាស្រ័យ​ផល​​ពី​ការ​កាប់ឈ់​ខុ​ស​ច្បាប់​ សព្វ​ថ្ងៃ​បាន​ចាប់អាជីព​ជា​​​អ្ន​ក​ជញ្ជូន​សម្ភារៈ​ផ្គត់ផ្គង់​ក្រុម​ទេសចរ ដែល​មក​ផ្សង​ព្រេង​​កម្សាន្ត​នៅ​ល្អាង​សុន​ដុង (Son Doong) ជា​ល្អាង​ដ៏​បំផុត​​ក្នុង​លោក ​ មាន​ប្រព័ន្ធ​អេកូឡូហ្ស៊ី និង​​សណ្ឋាន​អាកាសធាតុ​ផ្ទាល់​របស់វា។

ល្អាង​​​នេះ​ជា​ជម្រក​​សត្វ​ជ្រឹង​ធំ និង​ផ្ទាំង​ថ្ម​កម្ពស់​ ៧០ ម៉ែត្រ​ទម្រង់​ដូច​ជើង​ឆ្កែ​។ ក្រៅពី​សម្បត្តិ​ធម្មជាតិ​​ដ៏អស្ចារ្យ ល្អាង​នេះ​​ក៏​បាន​កែ​ប្រែ​ជីវិត​រស់នៅ​របស់ពលរដ្ឋ​សហគមន​ក្នុង​តំបន់​នោះ​ផង​ដែរ ចាប់តាំង​ពី​មានការ​បើក​​​ស្វាគមន៍​ភ្ញៀវ​ទេសចរ​​ក្នុង​ឆ្នាំ ២០១៣។

យោង​តាមក្រុមហ៊ុន Oxalis ដែល​នាំ​ភ្ញៀវ​​មក​ផ្សងព្រេង​កម្សាន្ត​ ទំហំ​ល្អាង​សុនដុង​អាច​ដាក់​អគារ​​កម្ពស់ ៤០​ជាន់​ចូល​ក្នុង​​នោះបាន។ រូបថត AFP

ដោយសារ​តែ​ភាពក្រីក្រ យុវវជន​ដូច​លោក ​ហ្វឹក ធ្លាប់​តែ​អាស្រ័យ​​ជីវិត​ក្នុង​ព្រៃ ដោយ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​រុករក​​ឈើ និង​សត្វ​ ពី​ឧទ្យានជាតិ ហ្វុង​ញ៉ា​កេបាង ជា​តំបន់​បេតិកភ័ណ្ឌ​ពិភពលោក និង​ជា​ទី​​​​​ល្អាងស៊ុនដុងតាំងនៅ​។

ប្រជាជន​រស់នៅទីនោះ​នាំ​គ្នា​ចូល​ព្រៃ​កាប់​ឈើ​​​ក្លឹម​ចន្ទន៍​ក្រស្នា ប្រមាញ់​សត្វ​កាំប្រមា និង​សំពោច។

លោក​ ហ្វឹក ដែល​សព្វ​ថ្ងៃ​មាន​វ័យ ៣៥ ឆ្នាំ បាន​រំឭក​ពីជីវភាព​ពីអតីតកាល​ថា៖ «កាលណោះ​យើង​ចាំបាច់​ត្រូវ​តែ​គេច​ពី​ឆ្មាំ​ព្រៃ ព្រោះអ្វី​ដែល​បាន​បាន​ប្រព្រឹត្ត​គឺ​វា​អត់​ល្អ​ចំពោះ​ធម្មជាតិ​នោះទេ»។

តំបន់​រូង​ភ្នំ​សុនដុង ពុំ​ទាន់​មានការ​អភិវឌ្ឍ​ហួសហេតុ​ និង​​វត្តមានទេសចរណ៍​កកកុញ​នោះទេ។ រូបថត AFP

ការ​បាត់បង់​ជាង ២ ទសវត្សរ៍

ល្អាង​សុនដុង​ ស្ថិត​នៅ​ភាគ​កណ្ដាល​ខេត្ត​​ក្វាងប៊ិញ ត្រូវ​បាន​រក​ឃើញ​ដំបូង​ដោយ​​អ្នក​ប្រមាញ់​ក្នុង​ព្រៃ ហូ កាញ់ កាលពី​ឆ្នាំ ១៩៩១ ពេល​ដែល​បុរស​រូប​នេះ​ប្រទះឃើញ​មាត់​រូង​ភ្នំ​ថ្ម និង​ឮ​សូរ​សម្លេង​ទឹក​ទន្លេ​ហូរ​នៅ​ក្នុង​ល្អាង​ភ្នំ​នោះ។

ក្រោយ​ពី​រុករាន​ព្រៃ​ក្រាស់​ដើម្បី​រក​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក កាញ់ បាន​ភ្លេច​​ច្រក​ចូល​ភ្នំ​ដែល​បិទបាំង​ដោយ​ព្រៃ​ព្រឹក្សា​លតាវល្លិ​ ហើយ​ល្អាង​សុនដុង ក៏​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​ពុំ​មាន​មនុស្ស​ទៅ​ដល់​​អស់​រយៈពេល​ជាង ២ ទសវត្សរ៍​​ទៀត។

នៅទីបំផុត​ក្នុង​ឆ្នាំ ២០០៩ លោក​ក៏​បាន​នាំ​ក្រុម​ជំនាញ​អង់គ្លេស​ទៅ​រក​រុក​ល្អាង​នោះ ហើយ​លទ្ធផល​ការ​សិក្សា​បាន​​បង្ហាញ​ថា វា​ជា​ល្អាង​ដែល​ខ្វែងខ្វាត់ និង​មាន​ទំហំធំជាង​គេ​បំផុត​ក្នុងលោក ដោយ​ពុំ​មានល្អាង​ណា​ប្រដូច​បាន​ឡើយ។

ក្រុម​ភ្ញៀវទេសចរ​ធ្វើដំណើរផ្សងព្រេង​ទៅ​កាន់ល្អាងសុនដុង កាលពីថ្ងៃទី ១៨ និង ១៩ ខែមករា កន្លងទៅនេះ។ រូបថត AFP

យោង​តាម​ក្រុមហ៊ុន​ទេសចរណ៍ Oxalis ដែល​នាំ​ភ្ញៀវ​​មក​ផ្សងព្រេង​កម្សាន្ត​ ទំហំ​ល្អាង​សុនដុង​អាច​ដាក់​អគារ​​កម្ពស់ ៤០ ​ជាន់​ ចូល​ក្នុង​​នោះបាន ហើយ​វា​លាត​សន្ធឹង​ស្មើ​នឹង​មួយ​ប្លុក​នៃ​ទីក្រុង​ញូវយ៉ក។

បួន​ឆ្នាំ​ក្រោយ​មក​ នៅពេល​ដែល​ល្អាងសុនដុង​ត្រូវ​​បាន​បើក​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ ជីវភាព​របស់​​លោក កាញ់ និង​ពលរដ្ឋ​​រាប់រយ​នាក់ទៀត​បាន​ប្រែ​ប្រួល​​ទៅ​រកភាព​ប្រសើរឡើង។

ពួកគេ​បាន​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​នាម​ជា​អ្នក​ដឹកជញ្ជូន​សម្ភារៈ ស្បៀង​អាហារ និង​មគ្គុទេសក៍​ទេសចរណ៍។ ផ្ទះ​របស់ពួកគេ​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​​ផ្ទះ​ស្នាក់​​សម្រាប់​ភ្ញៀវ​ស្វែង​រក​បទពិសោធស្នាក់នៅសហគមន៍​​ពេល​រាត្រី។

ល្អាង​សុនដុង​ ស្ថិត​នៅ​ភាគ​កណ្ដាល​ខេត្ត​​ក្វាងប៊ិញ ត្រូវ​បាន​រក​ឃើញ​ដំបូង​ដោយ​​អ្នក​ប្រមាញ់​ក្នុង​ព្រៃ ហូ កាញ់ កាលពី​ឆ្នាំ ១៩៩១។ រូបថត AFP

មុនពេល​ប្រែ​មុខ​មាត់​ថ្មី ​លោក​ កាញ់​ដែល​សព្វ​ថ្ងៃ​មាន​វ័យ ៥២ ឆ្នាំ បាន​រំឭកទៀត​ថា៖ «អ្នក​ដែល​រកស៊ី​កាប់ឈើ​កាលពីមុន អ្នក​ខ្លះ​មានជីវភាពធូរធា តែ​ភាគច្រើន​ត្រូវ​រស់នៅយ៉ាងលំបាកតោកយ៉ាក»។

លោក​បន្ត​ទៀត​ថា៖ «នៅពេល​ដែល​មាន​វត្តមាន​ភ្នាក់ងារ​ទេសចរ​ណ៍​មក​ដល់ ខ្ញុំ​បាន​ប្រាប់​ក្មេងៗ​ជំនាន់ក្រោយ​ថា ការងារ​ដំបូង​របស់ពួកគេ​គឺ​ការពារ​បរិស្ថាន​ជាចាំបាច់ ព្រោះវា​មិនត្រឹម​តែ​ហុច​ប្រយោជន៍​ដល់​យើង​ទេ។ វា​ជា​មរតក​ដល់​កូន​ចៅយើង​តជំនាន់ ដូច្នេះ​ជីវិត​យើង​នឹង​ប្រសើរឡើង»។

មុនពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ជា​សកលោក វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​វៀតណាម​​មាន​ការ​ស្ទុះខ្លាំង ស្រប​នឹង​ផល​ប៉ះពាល់ពី​ការ​បំផ្លាញ​បរិស្ថាន។

ល្អាង​ចាប់ផ្ដើមស្វាគមន៍​ភ្ញៀវទេសចរ​នៅ​ឆ្នាំ ២០១៣ ក្រោយ​ពី​ការរុករកឃើញដំបូង​នៅ​ឆ្នាំ ១៩៩១។ រូបថត AFP

ទោះយ៉ាងណាក្ដី នៅ​តំបន់​រូង​ភ្នំ​សុនដុង ពុំ​ទាន់​មានការ​អភិវឌ្ឍ​ហួសហេតុ​ និង​​វត្តមានទេសចរណ៍​កកកុញ​នោះទេ។

ដោយ​មានគោលការណ៍កំណត់ជំនួន​ភ្ញៀវ និង​តម្លៃ​សេវាកម្ម​ខ្ពស់​ តំបន់​ល្អាង​ភ្នំ​សុនដុង នៅ​រក្សា​​សភាពធម្មជាតិ​បាន​ល្អ​ច្រើន។

ទោះជាយ៉ាងណាក្ដី អង្គការ​យូណេស្កូ​ទើបតែ​ព្រមាន​កាលពីថ្មីៗ​ ពី​ហានិភ័យ​បំផ្លិច​បំផ្លាញ​ធម្មជាតិ​នៅ​តំបន់​នោះ។

ការ​ប្រមាញ់​សត្វ​ព្រៃ និង​ការ​កាប់ឈើ នៅតែ​បន្ត​ ដោយ​កាលពីឆ្នាំ​មុន​មាន​ជនល្មើស ១៨​នាក់ត្រូវ​បានកាត់ទោស។

ដោយ​មានគោលការណ៍កំណត់ជំនួន​ភ្ញៀវ និង​តម្លៃ​សេវាកម្ម​ខ្ពស់​ តំបន់​ល្អាង​ភ្នំ​សុនដុង នៅ​រក្សា​​សភាពធម្មជាតិ​បាន​ល្អ​ច្រើន។ រូបថត AFP

កិច្ចការពារ​ល្អាងភ្នំ​ធំបំផុត​ក្នុងលោក​

ខណៈ​ដែល​វីរុស​កូរ៉ូណា​រាតត្បាត​ពិភពលោក​ ពលរដ្ឋ​សហគមន៍​ធ្លាប់តែ​អាស្រ័យ​វត្តមាន​ភ្ញៀវ​ទេសចរ​បរទេស​ ចៀល​ពុំ​រួច​ពី​ការ​​លំបាក​ផ្នែកជីវភាព​។

លោក កាញ់ បាន​ត្អូញថា ភ្ញៀវ​របស់លោក​បាន​ធ្លាក់ចុះ ៩០ ភាគរយ​ឯណោះ ​ចាប់​តាំង​ពី​មាន​វិបត្តិ​កូវីដ។

​ប៉ុន្តែវិស័យ​ទេសចរណ៍​នៅ​​ល្អាង​សុនដុង​ហាក់​ពុំរង​ឥទ្ធិពល​​​ធ្ងន់ធ្ងរ​ទេ។ ជំនួស​ឱ្យ​ភ្ញៀវ​បរទេស ទេសចរ​ក្នុង​ស្រុក​​ពី​ស្រទាប់​អ្នក​វណ្ណៈ​កណ្ដាល​បាន​រីកដុះដាល​​ច្រើនគួរសម។

ជំនួស​ឱ្យ​ភ្ញៀវ​បរទេស ទេសចរ​ក្នុង​ស្រុក​​ពី​ស្រទាប់​អ្នក​វណ្ណៈ​កណ្ដាល​បាន​រីកដុះដាល​​ច្រើនគួរសម។ រូបថត AFP

ការអនុវត្ត​ទេសចរណ៍​នៅ​ល្អាង​សុនដុង ផ្ដោត​លើ​ភ្ញៀវ​ដែល​ហ៊ានចំណាយខ្ពស់។ វា​បាន​ផ្ដល់​ការងារ​ដល់​មនុស្សជាង ៥០០​ នាក់​នៅ​សហគមន៍។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន Oxalis។

សម្រាប់​អ្នក​ដឺកជញ្ជូនឥវ៉ាន់​ឲ្យ​ភ្ញៀវ​ទេសចរ​ដូចជាលោក ហ្វឹក លោក​​រំពឹង​ថា តំបន់​ធម្មជាតិ​នៅសុនដុង​នឹង​​មិន​លេប​ត្របាក់​ដោយការ​អភិវឌ្ឍ​នោះទេ។

លោក​បាន​និយាយ​ថា៖​ «ប្រសិន​បើ​យើង​ប្រែ​ក្លាយជា​តំបន់​មានភ្ញៀវ​កកកុញ នោះ​វា​​នឹង​ប៉ះពាល់ដល់​ទេសភាព​ធម្មជាតិ ហើយ​វា​ច្បាស់ជា​​យ៉ាប់ហើយ»៕ AFP/HR

ទេសចរណ៍​ផ្សងព្រេង​​នៅ​ល្អាង​សុនដុង ​បាន​ផ្ដល់​ការងារ​ដល់​មនុស្សជាង ៥០០​នាក់​នៅ​សហគមន៍។ រូបថត AFP

ល្អាង​សុនដុង​ ស្ថិត​នៅ​ភាគ​កណ្ដាល​ខេត្ត​​ក្វាងប៊ិញ ត្រូវ​បាន​រក​ឃើញ​ដំបូង​ដោយ​​អ្នក​ប្រមាញ់​ក្នុង​ព្រៃ ហូ កាញ់ កាលពី​ឆ្នាំ ១៩៩១។ រូបថត AFP