The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រូប​ចម្លាក់​អវកាស​នៅ​វិហារ​បុរាណ​នាំ​ចម្ងល់​ដ៏​ច្រើន

រូប​ចម្លាក់​អវកាស​នៅ​វិហារ​បុរាណ​នាំ​ចម្ងល់​ដ៏​ច្រើន

រូប​ចម្លាក់​អវកាសយានិក​នៅ​លើ​ជញ្ជាំង​ព្រះវិហារ​សាឡាម៉ាន់កា។
រូប​ចម្លាក់​អវកាសយានិក​នៅ​លើ​ជញ្ជាំង​ព្រះវិហារ​សាឡាម៉ាន់កា។

រូប​ចម្លាក់​អវកាស​នៅ​វិហារ​បុរាណ​នាំ​ចម្ងល់​ដ៏​ច្រើន

ក្រុង​សាឡាម៉ាន់កាៈ ទីក្រុង​បុរាណ សាឡាម៉ាន់កា​ របស់​អេស្បាញ ស្ថិត​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​ថរម៉េស គឺជា​ទីក្រុង​ប្រជុំ​ដោយ​សាកល​វិទ្យាល័យ​ដ៏​ចាស់​បំផុត​មួយ​ក្នុង​ទ្វីប​អឺរ៉ុប​ជាមួយ​នឹង​ប្រវត្ដិ​ដ៏​អស្ចារ្យ​នៃ​វិមាន​រេណៃសេន រ៉ូម៉ាំង ហ្គូទីក និង​វិមាន​បារ៉ុក។

ក្នុង​ចំណោម​វិមាន​ដ៏​ស្កឹម​ស្កៃ​ទាំង​នោះ​ មាន​សំណង់​ពីរ​ជា​ព្រះវិហារ​គ្រិស្ដ​សាសនា​ដ៏​មហិមា​ដែល​កសាង​ចន្លោះ​សតវត្សរ៍​ទី១២ និង​ទី​១៨ យក​លំនាំ​តាម​រចនាប័ទ្ម​ហ្គូទីក​ចាស់​បូក​ផ្សំ​នឹង​រាង​ដំបូល​អគារ​ស្ទីល​បារ៉ុក។ ពិតាន​ថ្ម​របស់​ព្រះវិហារ​នេះ​មាន​គំនូរ​ដ៏​ស្រស់​ស្អាត​ ហើយ​ជញ្ជាំង​ថ្ម​ខ្សាច់​របស់​វា​ត្រូវ​បាន​ឆ្លាក់​ជា​រូប​ភាព​នានា​។ ប៉ុន្ដែ​​ រូប​ភាព​មួយ​ហាក់​ដូចជា​ឆ្លាក់​ខុស​កន្លែង និង​ខុស​សម័យ​កាល​។

នៅ​ផ្លូវ​ចូល​ភាគ​ខាង​ជើង​ព្រះ​វិហារ​ ចម្លាក់​​ផុស​មួយ​ផ្ទាំង​ បែរ​ជា​បង្ហាញ​ពី​រូបភាព​អវកាស​យានិក​តូច​មួយ​កំពុង​បណ្ដែត​ខ្លួន​លើ​លម្ហ​អាកាស​ទៅ​វិញ​។ បុរស​ក្នុង​ចម្លាក់​នោះ​អង្គុយ​លើ​មែក​ឈើ​ពាក់​ស្បែក​ជើង​កវែង មួក​សុវត្ថិភាព និង​ប្រើ​បំពង់​ខ្យល់​អុកស៊ីសែន​ស្ពាយ​លើ​ស្មា​ដោយ​មាន​បំពង់​ខ្សែ​ភ្ជាប់​មក​ខាង​មុខ​តាម​ឈុត​សម្លៀក​បំពាក់​របស់​គាត់​។

រូបភាព​តួ​អង្គ​ជា​អវកាសយានិក​ត្រូវ​បាន​បង្ហោះ​ពេញ​អ៊ីនធឺណិត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​បច្ចុប្បន្ន​ទើប​ត្រូវ​បាន​គេ​នាំ​គ្នា​យក​ប្រធាន​បទ​នេះ​មក​ជជែក​រក​ឫសគល់។ អ្នក​ខ្លះ​ជឿ​ថា រូប​ភាព​នេះ​គឺជា​ការ​ប្រឌិត​​កាត់​ត​ ខណៈ​អ្នក​សង្កេត​ដទៃ​ទៀត​បាន​លើក​ឡើង​ពី​អព្ភូតហេតុ​ដែល​មនុស្ស​ភព​ផ្សេង​មក​កាន់​ភព​ផែន​ដី​កាល​ពី​សម័យ​នោះ​។

រូបចម្លាក់​អវកាស​យានិក​​នោះ​​ប្រាកដ​​ជា​មាន​មែន​ ប៉ុន្ដែ​វា​មិន​មែន​ជា​រូប​ចម្លាក់​ដែល​ឆ្លាក់​ក្នុង​សតវត្សរ៍​ទី​១៦​ទេ​។ វា​គ្រាន់​តែ​ជា​រូប​បន្ថែម​ក្នុង​ឆ្នាំ​១៩៩២​ នេះ​ប៉ុណ្ណោះ​។ វាគឺជា​ស្នាដៃ​របស់​ជាង​ចម្លាក់​ថ្ម មីហ្គែល រ៉ូមេអូ ដែល​បាន​ជ្រើស​រើស​យក​រូប​អវកាសយានិក​មក​បំពេញ​ចន្លោះ​ជា​និមិត្ដរូប​ក្នុង​សតវត្សរ៍​ទី​២០​។

រូប​អវកាសយានិក​មិន​មែន​ជា​រូប​ភាព​សហសម័យ​តែ​មួយ​ដែល​ត្រូវ​បាន​បន្ថែម​លើ​ជញ្ជាំង​ព្រះ​វិហារ​បុរាណ​​នោះ​ឡើយ​។ ​អម​ដោយ​​អវកាស​យានិក​នោះ​ក៏​មាន​រូប​ចម្លាក់​ផ្សេង​ទៀត​ដូច​ជា​ រូប​មនុស្ស​​ទទួល​ទាន​ការ៉េម​ក្នុង​កាយវិការ កំប្លុក​កំប្លែង សត្វ​ឆ្មា​ព្រៃ សត្វ​គោ​ព្រៃ និង​បង្កង​ផង​ដែរ៕ HR

អត្ថបទគួរចាប់អារម្មណ៍