ក្រុង​​កំពត៖ នា​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី ៨ ជុំទី ២ ដែល​ទើប​កន្លង​ផុត​ទៅ​​​កាល​ថ្ងៃទី ២០-២២ ខែ ធ្នូ ឆ្នាំ ២០១៩ នៅឯ​​ខេត្ត​កំពត​នោះ គេ​​ក៏​ឃើញ​​​រូប​សំណាក​សិល្បៈ​មាន​​ឈ្មោះ សេ្ដច​សមុទ្រ​ និង​នាង​ទេពមច្ឆា មាន​​កម្ពស់​ជាង​ ​១ ​ម៉ែត្រ ​ដំឡើង ​និង​ច្នៃ​​យ៉ាង​ទាក់ទាញ​ ដោយ​​វិចិត្រករ លោក រៀម មុនីស៊ីឡុង និង​ក្រុម​សិល្បករ​ចំនួន ​៦ រូបទៀត បាន​រួម​គ្នា​បង្កើត​​ស្នាដៃ​នេះ​ឡើង ​ដើម្បី​បំផុស​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​សំរាម ​និង​គុណ​ប្រយោជន៍​នៃ​ការ​​ច្នៃ​សំរាម​​ឡើង​វិញ​។​

លោក រៀម មុនីស៊ីឡុង ត្រូវ​បាន​មហាជន​ស្គាល់​ច្រើន​តាម​រូប​សិល្បៈ​​នានា ដែល​​លោក​បាន​កែច្នៃ​ពី​សំរាម ជាពិសេស​ប្លាស្ទិក​ និង​សំរាម​ផ្សេងៗ​ទៀត​។ នាពេល​ថ្មីៗ​នេះ លោក​បាន​ដំឡើង​​រូបសិល្បៈ​មួយ​ដ៏​ទាក់ទាញ និង​ជា​ស្នាដៃ​សិល្បៈ​ខ្នាត​ធំ​ដំបូង​របស់​លោក គឺ​រូប​សំណាក​សេ្ដច​សមុទ្រ និង​នាង​ទេពមច្ឆា ដែល​ច្នៃ​ពី​កាក​អំពៅ ដើម​ឈូក ស្រកាត្រី សម្បកងាវ​ សម្បក​ពងទា និង​ដប​ប្លាស្ទិក។

រូបសំណាក​​ស្តេច​សមុទ្រ​​។ រូបថត Selong Vat

លោក រៀម មុនីស៊ីឡុង ដែល​មាន​ប្រវត្តិ​រូប​ដ៏​កំសត់ ដោយ​បាន​រៀន​តែ​ត្រឹម​ថ្នាក់​ទី៤ នៅ​សាលា​បឋម​សិក្សា ពេល​​​មាន​​វ័យ ១៤ ឆ្នាំ ទើប​បាន​ចូល​រៀន​​ព្រោះ​តែ​ជីវភាព​គ្រួសារ​ក្រីក្រ​លំបាក ​និង​ឧស្សាហ៍​ផ្លាស់ប្តូរ​លំនៅឋាន​​​​​ទៀត​នោះ​បាន​ឲ្យ​ដឹង​ថា៖ «​ក្រុម​ការងារ​លោក​ចំណាយ​ពេល​ទាំង​យប់​ទាំង​ថ្ងៃ​ដំឡើង​ ប្រើ​ពេល​ជាង ១ ខែ​ទើប​រួចរាល់។ តាម​ធម្មតា​ក្នុង​រូប ១ ​យ៉ាង​ហោច​ណាស់ ក៏​ចំណាយ​ពេល​ធ្វើ​​​ជាង ២ ខែ​ដែរ ដោយ​សារ​នេះ​គឺ​ជា​ករណី​ពិសេស ទើប​ខ្ញុំ និង​ក្រុម​ការងារ​ ៦ ​រូប​ផ្សេង​ទៀត ខំ​ប្រឹង​ធ្វើ​រូប​សិល្បៈ​ខាង​លើ​ដោយ​ប្រើ​បច្ចេកទេស​ដំឡើង​ ដែល​​​យក​រូបមន្ត បាន​ស្រាវជ្រាវ​កាល​ពី ១០ ឆ្នាំ​មុន​មក​ប្រើ។ រូបមន្ត​នោះ គឺ​​ការ​យក​វត្ថុធាតុ​ដើម​ ដែល​មាន​កាក​អំពៅ ដើម​ឈូក សម្បក​ពងទា ឬ​ពង​មាន់ ​មក​កិន​ច្របល់​ចូល​គ្នា ហើយ​បន្ទាប់​មក​ក៏​​​​យក​ទៅ​បៀក​​លើ​គ្រោង​ដែក​​ដែល​​បាន​ដំឡើង​រួច​»។

សិល្បករ​រូប​នេះ​​​បន្ត​ថា៖​ «ចំពោះ​រូប​​សំណាក​​ស្តេច​សមុទ្រ និង​នាង​ទេពមច្ឆា បង្កើត​ឡើង​ដោយ​កាក​សំណល់​សំរាម និង​ប្លាស្ទិក​ចូលរួម​ផ្សព្វផ្សាយ​ពី​​ការងារ​គ្រប់គ្រង​បរិស្ថាន ​​ក្នុង​ពិធី​បុណ្យ​​សមុទ្រ​លើកទី ​៨ ​ជុំទី ២ នៅ​ខេត្ត​កំពត នៃ​ឆ្នាំ ២០១៩ នេះ​​​។ ​រូប​​សំណាក​នីមួយៗ ​មាន​ទំហំ​បណ្តោយ​ប្រវែង ១,​៣០​ ម៉ែត្រ និង​កម្ពស់​ប្រហែល ២ ម៉ែត្រ ដែល​បាន​​ដាក់​តាំង​បង្ហាញ​នៅ​មុខ​ស្តង់​ពិព័រណ៍​របស់​ក្រសួង​​បរិស្ថាន​ក្នុង​ពិធី​បុណ្យ​សមុទ្រ​រយៈពេល ៣ ​ថ្ងៃ​នោះ​»។

លោក សាយ សំអាល់ ពិនិត្យ​ស្នាដៃ​ច្នៃ​ពី​សំរាម​របស់​សិល្បករ​ រៀម មុនីស៊ីឡុង​​។ រូបថត Selong Vat

លោក រៀម មុនីស៊ីឡុង ដែល​មាន​វ័យ ៣៣ ឆ្នាំ សិល្បករ​ឆ្នើម​ខាង​កែច្នៃ​សំរាម​​​ធ្វើ​ជា​គ្រឿង​​តុបតែង​លម្អ និង​វត្ថុ​អនុស្សាវរីយ៍ នៅ​ក្រុង​សៀមរាប ខេត្ត​សៀម​រាប ដែល​​គាំទ្រ​ដល់​កិច្ច​គាំពារ​​បរិស្ថាន​បង្កើត​ស្នាដៃ​ថ្មី​ ដូចជា​សង់​រូប​សំណាក​​ស្តេច​សមុទ្រ និង​ទេពមច្ឆា​ឡើង​ដោយ​មាន​សហការ ពី​សិល្បករ​ចំនួន ៦​ រូប ហើយ​សម្ភារ ឬ​វត្ថុធាតុ​ដើម​មាន កាក​អំពៅ ដប​​ទឹក​សុទ្ធ ស្រកាត្រី សម្បកពងទា សម្បកពង​មាន់ ដើម​ឈូក និង​កែវប្លាស្ទិក ដែល​ចោល​តាម​​ដង​​ផ្លូវ​សាធារណៈ​នោះ​​។

លោក​បាន​បន្ថែម​​ថា​ ធ្លាប់​មាន​របួស​ និង​រងគ្រោះ​​​ដោយ​ការ​បំពុល​នៃ​សំរាម ដូច​នេះ​​ការ​បង្កើត​​​ស្នាដៃ​សិល្បៈ​ពី​សំរាម និង​ប្លាស្ទិក​​ នេះ​ បំណង​ចង់​ផ្តល់​សារ​អប់រំ​ ទៅ​ដល់​សាធារណជន​ឲ្យ​ចេះ​គិត​​​គូរ​ពី​ការ​ទុក​ដាក់​សំរាម​ឲ្យ​​ត្រឹមត្រូវ ជា​ពិសេស ​កាត់​បន្ថយ​ការ​ប្រើប្រាស់​​ប្លាស្ទិក ដែល​​​បច្ចុប្បន្ន​កំពុង​តែ​​បង្ក​ផល​ប៉ះពាល់​ទៅ​មនុស្ស ​សត្វ ទាំង​នៅ​​​លើ​ដី ​និង​ក្នុង​​សមុទ្រ។

លោក រៀម មុនីស៊ីឡុង ក៏​ត្រូវ​មហាជន​​ស្គាល់​ខ្លាំង​ពី​​ស្នាដៃ​ថ្មី​ចុង​ក្រោយ​​ឆ្នាំ​ ២០១៨ គឺ​បង្កើត​រូប​ចាប៉ី​ដង​វែង​ធំ​បំផុត​​ពី​ដប​សុទ្ធ​ជ័រ​ចំនួន ៦ ពាន់​ដប និង​​ទុយោជ័រ ១៦ ០០០ ដប៕

រូប​​ស្តេច​សមុទ្រ និង​នាង​ទេពមច្ឆា​ ដាក់​មុខ​ស្តង់​ក្រសួង​បរិស្ថាន​។ រូបថត Selong Vat