ភ្នំពេញ: ចម្លាក់​ពាក់កណ្ដាល​ខ្លួន​រំលេច​នូវ​រូបភាព​បុរស​ចំណាស់​បរទេស ពាក់​វ៉ែនតា នៅ​ក្នុង​ទឹក​មុខ​ញញឹម​រាក់​ទាក់ ដែល​អ្នក​ផង​ទាំង​ឡាយ​បាន​ឃើញ មាន​តែ​ពោល​គោរព និង​កោត​សរសើរ​ចំពោះ​វីរភាព​ដ៏​ថ្លៃ​ថ្លា​ក្នុង​រយៈពេល ២៦ ឆ្នាំ​មក​នេះ មិន​មែន​ជា​ស្នាដៃ​កើត​ឡើង​ពី​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ជាង​ចម្លាក់​ក្បាច់​តាម​ព្រះវិហារ និង​ចេតិយ​ម្នាក់​នេះ​ឡើយ។

ជាមួយ​ការគោរព​ស្រឡាញ់​ចំពោះ​ទឹក​ចិ​ត្ដ​បុរស​ជនជាតិ​ស្វ៊ី​សរូប​នេះ​ដែល​បាន​ខិតខំ​ជួយ​កុមារ​កម្ពុជា​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ ជាង​ចម្លាក់​ក្បាច់​ដែល​បាន​ហៅ​ខ្លួន​ឯង​ថា ជា​ជាង​សំណង់​ធម្មតា​ម្នាក់ បា​នបង្ហាញ​នូវ​ការ​ដឹង​គុណ​បន្ដិច​បន្ដួច​ជាមួយ​ស្នាដៃ​ចម្លាក់​ទុក​ឲ្យ​កូន​ខ្មែរ​បាន​ស្គាល់​វីរបុរស​ពិត។

មិន​ខុសពី​បេសកកម្ម​លើ​វិថី​ដ៏​វែងឆ្ងាយ​តាំងពី​ឆ្នាំ ១៩៩២ ដែល​វេជ្ជបណ្ឌិត​ជំនាញ​កុមារ Beat Richner បាន​បង្កើត​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើង​វិញ ដោយ​បាន​ព្យាបាល​កុមារ​ខ្មែរ​រាប់​លាន​នាក់ មិន​គិត​ប្រាក់​សូម្បី​តែ ១ រៀល​នោះ រូប​សំណាក​ស្ថាបនិក​មូលនិធិ​គន្ធបុប្ផា ក៏​មិន​ត្រូវ​បាន​កសាង​ឡើង​ដើម្បី​រៃអង្គាស​ប្រាក់​ជា​ប្រយោជន៍​បុគ្គល និង​ក្រុម​ណាមួយ​ឡើយ។

ក្រោយពី​មានការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​សុំ​រៃអង្គាសប្រាក់​ពី​ការកសាង​រូបសំណាក លោក សៀន កាម៉ង់​ដង់ ជា​អ្នក​ឆ្លាក់​រូប​លោក Beat Richner ចេញ​មុខ​អះអាង​ថា៖ «ទាំង​អស់​នេះ ខ្ញុំ​អត់​បាន​ដឹង​ដែរ។ ពី​មុន គាត់​ធ្លាប់​ជា​កូន​ចៅ​របស់​ខ្ញុំ តែ​កន្លង​ទៅ គាត់​ត្រឡប់​ទៅ​ខាង​សៀមរាប​វិញ ហើយ​ខ្ញុំ​ក៏​អត់​បាន​ដឹង​ថា គាត់​ចង់​មាន​គំនិត​បែប​ម៉េច ស្រាប់​តែ​ក្រឡេក​ទៅ​ឃើញ​អ៊ីចឹង ក៏​ខ្ញុំ​ភ្ញាក់​ផ្អើល​ដែរ ពី​ព្រោះ​ខ្ញុំ​បាន​ប្រកាស​ជា​សាធា​រណៈ​ថា ខ្ញុំ​ធ្វើ​នេះ អត់​បាន​យក​ឈ្នួល​អ្វី​ទាំង​អស់ ជាមួយ​លោក គីម​សួរ និង​លោក អាចារ្យ​ធំ»។

លោក បាន​បន្ដថា៖ «ខ្ញុំ​គ្រាន់តែ​សរសេរ​យ៉ាងខ្លី​ថា សុំទោស​ប្អូន នេះ​មិនមែនជា​ចរិត​របស់ខ្ញុំ! ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​គាត់​តែ​ប៉ុណ្ណឹង ព្រោះ​អី​បើ​និយាយ​ខ្លាំង​ជាង​នេះ ខ្លាច​ប្រជា​ពលរដ្ឋ​លោក​វ៉ៃ​ប្រហារ​ទៅ​លើ​ប្អូន​ម្នាក់​នេះ​ខ្លាំង​ទៅ នាំ​តែ​កើត​មាន​បញ្ហា។ ចំពោះ​ខ្ញុំ ខ្ញុំ​អត់​បាន​ដឹង​អ្វី​សោះ​តែ​ម្ដង»។

លោក សៀន កា​ម៉​ង់​ដង់ បាន​លើកឡើងថា លោក​ធ្លាប់​បានប្រកាស​ក្នុង​ក្រុម បំណង​រក​លុយ​ទិញ​ស្ពាន់ និង​សម្ភារ​ខ្លះ​ដើម្បី​សម្អាត និង​ចាក់​ពុម្ព​រូប​លោក Richner រួច​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។

ជាងចម្លាក់​រូបនេះ បាន​ប្រាប់​ថា៖ «យើង​នឹងធ្វើ​ច្បាប់ ធ្វើ​ទម្លាប់ ដោយ​សុំ​ទៅខាង​អាជ្ញាធរ​ដើម្បី​ហែ​រូប​សំណាក​នេះ​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ។ តាម​គម្រោង នៅ​ចុង​បញ្ចប់​ពេល​យើង​ហែ​រូប​ទៅ ទើប​យើង​បើក​មូលនិធិ​មួយ។ បើ​មាន​អ្នក​ចង់​ចូលរួម យើង​នឹង​យក​ថវិកា​ទាំង​អស់​នោះ​ចូល​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ដដែល​ទេ។ អ៊ីចឹង​យើង​អត់​បាន​ប៉ះពាល់​ប្រាក់​នោះ​ទេ»។

លោក កាម៉ង់ដង់ បង្ហាញ​មុខ​អ្នក​បង្ហោះ​រៃ​អង្គាស​ប្រាក់​​។ ហ្វេសប៊ុក

វេជ្ជបណ្ឌិត Beat Richner ត្រូវបាន​កាកបាទក្រហម​ស្វ៊ី​ស​បញ្ជូនមក​បំពេញ​បេសកកម្ម​ដំបូង​នៅ​មន្ទីរ​គន្ធបុប្ផា​ក្នុង​ឆ្នាំ ១៩៧៤។ នេះ​បើ​យោង​តាម​វេបសាយ​មន្ទីរពេទ្យ។ បន្ទាប់​មក លោក​ត្រូវ​បង្ខំ​ចិត្ដ​វិល​ទៅ​មាតុភូមិ​វិញ នៅ​ពេល​ខ្មែរ​ក្រហម​គ្រប់គ្រង​អំណាច។ លោក​បាន​បង្កើត​មូលនិធិ​គន្ធបុប្ផា ក្នុង​ឆ្នាំ ១៩៩២ និង​វិល​មក​កសាង​មន្ទីរពេទ្យ​ឡើង​វិញ​តាម​សំណើ​របស់​រដ្ឋាភិបាល បន្ទាប់​ពី​សង្គ្រាម​ស៊ីវិល។ ចាប់​ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០១៦ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ព្យាបាល​កម្ពុជា​ជិត ១៨ លាន​នាក់។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​មន្ទីរពេទ្យ។

ស្ថាបនិក​មូលនិធិ​គន្ធបុប្ផា បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង ២:៤៥ រំលង​អាធ្រាត្រ ថ្ងៃ​អាទិត្យ ទី ៩ ខែ​កញ្ញា ឆ្នាំ ២០១៨ ក្នុង​ទីក្រុង​ហ្សូរិក ប្រទេស​ស្វ៊ីស។

ដំណឹង​មរណភាព​នេះ បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង​ក្នុង និង​ក្រៅប្រទេស​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ចំពោះ​ការ​បាត់​បង់​បុគ្គល​ដ៏​ឆ្នើម​រូប​នេះ។

ដោយបាន​ចូលរួម​បុណ្យសព​គម្រប់ ៧ ថ្ងៃ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ក្រុងភ្នំពេញ អ្នកស្រី ភិន លីណា បាន​និយាយ​ក្រោយ​ពី​អុជ​ធូប​ជូន​ដល់​លោក Beat Richner ថា៖ «ទោះ​ខ្ញុំ​រវល់​ការងារ​យ៉ាង​ណា ក៏​ខ្ញុំ​ត្រូវ​ឆ្លៀត​មក​អុជ​ធូប ៣ សរសៃ​រំឭក​គុណ​ដល់​គាត់ ដែល​កូន​ខ្ញុំ ២ នាក់​ផ្ទាល់ តែង​តែ​មក​ទទួល​ការ​ព្យាបាល​ពី​ពេទ្យ​នេះ»។

ជាងចម្លាក់​ក្បាច់​ខ្មែរ សៀន កា​ម៉​ង់​ដង់ ត្រូវបាន​មហាជន​ស្គាល់​ច្រើន​តាមរយៈ​ការ​រំលេច​នូវ​ស្នាដៃ​សូន​រូប​លោក កែម ឡី។ លោក​ផ្ដើម​ប្រែ​ក្លាយ​ជា​ជាង​ចម្លាក់​ពហុ​ជំនាញ ចេះ​តាំង​ពី​ចម្លាក់​ក្បាច់​តាម​ចេតិយ និង​ព្រះវិហារ និង​ស្មូន​រូប៕