ភ្នំពេញ៖ ភាពយន្ត​ភាគ​អប់រំ​ខ្នាត​ខ្លី បែប​អប់រំ​ផ្លូវ​ចិត្ត ដែល​មាន​ប្រភព​ដក​ស្រង់​ចេញ​ពី​ព្រះត្រៃបិដក​នៃ​ព្រះពុទ្ធសាសនា​រឿង «ព្រះ​ភិក្ខុ​ពនេចរ» ដែល​មាន​អត្ថន័យ​ខ្លឹមសារ​ល្អ ឆ្លុះ​បញ្ចាំង​តថភាព​សង្គម​ស្ទើរ​តែ​គ្រប់​រសជាតិ​នៃ​ឆាក​ជីវិត​ទាំង​មនុស្ស និង​សត្វ ត្រូវ​បាន​អង្គការ​សកម្មភាព​សិល្បៈ​ខ្មែរ​បាន​ថត​ជាបណ្តើរៗ​ហើយ ក្រោយ​ពី​​បាន​រើស​តួ​សម្តែង និង​មាន​ដៃគូ​សហការ​ឧបត្ថម្ភ​មក។

លោក សួង សុភ័ក្រ ដែល​ជា​ស្ថាបនិក​នៃ​អង្គការ​សកម្មភាព​សិល្បៈ​ខ្មែរ (KAA) និង​ជា​ផលិតករ​កុន​ឯករាជ្យ​បាន​ឱ្យ​ដឹង​ថា៖ «ក្រោម​គំនិត​ផ្តួចផ្តើម​ព្រះតេជព្រះគុណ គូ សុភាព ទើប​រឿង​នេះ ត្រូវ​បាន​រៀបចំ​ផលិត​ជា​ភាពយន្ត​ឡើង ​ដើម្បី​បង្កើត​គំនិត​ប្រាជ្ញា​បាន​យ៉ាង​ទូលាយ ជា​ឱសថ​រម្ងាប់​រោគ​ចិត្ត​យ៉ាង​ស័ក្តិសិទិ្ធ ផ្តល់​ការ​យល់​ពី​តម្លៃ​ពុទ្ធសាសនា​យ៉ាង​ងាយ ចោទ និង​ដោះស្រាយ​បញ្ហា​ជីវិត​ប្រចាំ​ថ្ងៃ។ ម្យ៉ាង​ទៀត ដើម្បី​ចូលរួម​ចំណែក​លើក​តម្កើង ផ្សព្វផ្សាយ​អំពី​ព្រះធម៌ ជាពិសេស​បង្ហាញ​ពី​សារៈសំខាន់​នៃ​ព្រះសង្ឃ​នៅ​ក្នុង​សន្តិភាព​សង្គម ព្រះសង្ឃ​ជាទី​ពឹង​ផ្លូវចិត្ត និង​ដាស់​សតិ ព្រះសង្ឃ​ចូលរួម​យ៉ាង​សំខាន់ សម្រាប់​សុខដុម​នីយកម្ម ការអភិវឌ្ឍ​សហគមន៍​បង្ហាញ​វប្បធម៌​ខ្មែរ និង​ទំនៀមទម្លាប់​របស់់​ខ្មែរ នៅ​ក្នុង​ព្រះពុទ្ធសាសនា»។

គួរ​បញ្ជាក់​ដែរ​ថា ភាពយន្ត​ភាគ​រឿង «ព្រះ​ពនេចរ» ជា​ប្រភេទ​រឿង​ភាពយន្ត​បែប​អប់រំ​តាម​ព្រះពុទ្ធធម៌ មាន​ឥទ្ធិពល​អំពី​ព្រះពុទ្ធសាសនា​នៃ​សង្គម​បរិយាកាស​ក្នុង​សម័យកាល​លង្វែក កាល​កំណត់​តែង​ឆ្នាំ ១៩៦៥ នៃ​សៀវភៅ​រឿង «ព្រះ​ពនេចរ» របស់​អ្នក​និពន្ធ​លោក​សាស្ត្រាចារ្យ ឱម ណាគ្រី ផលិតករ​ប្រតិបត្តិ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព អ្នក​និពន្ធ​អត្ថបទ​ភាពយន្ត បូ សុគន្ធា ដឹកនាំ​សម្តែង​ដោយ​លោក សួង សុភ័ក្រ ជំនួយ​ការ​ដឹកនាំ​ដោយ Preeka ប្រធាន​ផ្នែក​រូបភាព​ដោយ​លោក វន បូរិន្ទ ខណៈ​តួអង្គ​ឯក​លោក សន ពិសិដ្ឋ​ដែល​ជា​វណ្ណកម្ម​ផលិត​ដោយ​អង្គការ​សកម្មភាព​សិល្បៈ​ខ្មែរ (KAA)។

ទិដ្ឋភាព​ និង​ឈុតឆាក​ខ្លះ​នៃ​ការ​ថត​កុន​ភាគ​រឿង «ព្រះភិក្ខុពនេចរ» ឥទ្ធិពល​ព្រះពុទ្ធសាសនា​​​។ រូប សហ​ការី

លោក សួង សុភ័ក្រ ក៏​ធ្លាប់​បាន​បញ្ជាក់​រំឭក​ដែរ​ថា កាល​ពី​មុន​ធ្លាប់​ជួបពិភាក្សា​ជាមួយ​ព្រះតេជ​ព្រះគុណ គូ សុភាព កាល​ពី​ប្រមាណ ២-៣ ឆ្នាំ​មុន ព្រះអង្គ​ចង់​ថតកុន​អប់រំ​ភាគ​ខ្លី ដែល​មាន​ប្រភព​ដកស្រង់​ចេញ​ពី​ព្រះត្រៃបិដក នៃ​ព្រះពុទ្ធសាសនា​ដើម ពី​ប្រទេស​ឥណ្ឌា ដោយ​យើង​បកប្រែ​ជា​ភាសា​ខ្មែរ និង​យក​មក​ចងក្រង​ផលិត​ជា​កុន​មាន​ប្រមាណ ២០ ភាគ (២០ cases)។

នាពេល​បច្ចុប្បន្ន អង្គការ​សកម្មភាព​សិល្បៈ​ខ្មែរ​ក៏​បាន​រើស​តួ​សម្តែង​ប្រុស​ស្រី​ជា​ច្រើន​រូប ដោយ​មាន​តួ​សម្តែង​សំខាន់ និង​តួ​បន្ទាប់បន្សំ​ទៅ​តាម​ភាគ​នីមួយៗ​ចំនួន ៣៨ នាក់ ដើម្បី​សម្តែង ខណៈ​ការ​ថត​នេះ​មាន​សហការ​ផលិត​ពី​ផលិតកម្ម​រាម និង​មូលនិធិ​ធម្ម​ឱសថ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ៕