ក្រុង​បាងកក៖ ពី​ផ្លូវ​ដើរ​លិច​ទឹក​ដ៏​តូច​ចង្អៀត​បំភ្លឺ​ដោយ​​អំពូល​ចន្លុះ​ពិល​ផ្លុងៗ​ រហូត​ដល់​សំឡេង​ដង្ហោយ​ហៅ​ខំ​ប្រកូក​ទម្លាយ​ជញ្ជាំង​ថ្ម​ភ្នំ ផលិតករ​រឿង «ល្អាង» ជា​ដំណើរ​រឿង​រ៉ាវ​នៃ​ការ​ជួយ​សង្គ្រោះ​ក្រុម​បាល់​ទាត់​វ័យ​ក្មេង​ថៃ ត្រៀម​អង្រួន​អារម្មណ៍​ទស្សនិកជន​ពេល​ដាក់​បញ្ចាំង​ដំបូង​នៅ​មហោស្រព​ភាពយន្ដ​អន្ដរជាតិ​ក្រុង​ប៊ូសាន​។

ផលិតករ​កូន​កាត់​ថៃ​-អ៊ីរ៉ង់​ ថូម វ៉លឃើរ បាន​ថ្លែង​មុន​ការ​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​សៅរ៍​ក្នុង​មហោស្រព​ភាពយន្ដ​ដ៏​ធំ​បំផុត​នៅ​អាស៊ី​ នៃ​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​ថា​៖ «​គ្មាន​នរណា​ហ៊ាន​និយាយ​ថា អូ! ​វា​គ្រាន់​តែ​ជា​ឈុត​ឆាក​សម្ដែង​នោះ​ទេ​»។

លោក​បាន​​និយាយ​បែប​លេង​សើច​ថា​៖ «​អ្នក​ដែល​ខ្លាច​ទី​ចង្អៀត​​ គួរ​មើល​រឿង​នេះ​​​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ ពី​ព្រោះ​លោក​អ្នក​អាច​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ដ​»។

បេសកកម្ម​ឆ្នាំ ​២០១៨ ក្នុង​ការ​រំដោះ​ក្មេង​ក្រុម​បាល់​ទាត់​ ១២ នាក់​ និង​គ្រូ​បង្វឹក​របស់​ពួក​គេ ឈ្មោះ​ក្រុម​ជ្រូក​ព្រៃ ពី​ល្អាង​ថាមលួង ភាគ​ខាង​ជើង​ប្រទេស ​ថៃ​ បាន​ទាក់ទាញ​​ចំណាប់​អារម្មណ៍​មនុស្ស​ទូទាំង​ពិភព​លោក​។

The Cave នឹងចាក់បញ្ចាំងនៅមហោស្រពក្រុងប៊ូសាន។ AFP

ក្រោយ​ពី​រត់​គេច​ពី​កម្ពស់​ទឹក​ឡើង​ពេល​ភ្លៀង ក្រុម​នេះ​បាន​ជាប់​គាំង​ក្នុង​រូង​ភ្នំ ១៨ ថ្ងៃ ​មុន​ពេល​ពួក​គេ​ត្រូវ​បាន​​ប្រទះ​ឃើញ​ និង​បំពាក់​ឧបករណ៍​នាំ​ចេញ​ពី​រូង​ជា​ច្រើន​គីឡូម៉ែត្រ​។

ឧបសគ្គ​របស់​លោក វ៉លឃើរ នោះ​គឺ​ការ​បង្កើត​ស្ថានភាព​​សើម​នៃ​ល្អាង​ ភាព​ងងឹត​នៃ​ទិដ្ឋភាព​ក្នុង​ល្អាង​ ដែល​ឈាន​ដល់​ការ​សង្គ្រោះ​ក្រុម​ជ្រូក​ព្រៃ កំពុង​ជួប​ប្រទះ​នូវ​ហេតុ​ការណ៍​ដ៏​អកុសល​នេះ​។

ដើម្បី​រៀបចំ​ឈុត​ឆាក​ទាំង​នេះ លោក​ថត​ទិដ្ឋភាព​ល្អាង​នានា​ក្នុង​ប្រទេស ​ថៃ និង​ជួល​ក្រុម​សង្គ្រោះ​មុជ​ទឹក ៤ នាក់ ​ដើម្បី​សម្ដែង​។ លោក វ៉លឃើរ បាន​ប្រាប់​ថា​៖ «​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​​សត្វ​អាសិរពិស​ និង​ពីងពាង​ធំ​ៗ​»។

ទិដ្ឋភាពផ្លូវទៅកាន់ល្អាង ជាទីកន្លែងដែលក្រុមបាល់ទាត់វ័យក្មេងរបស់ថៃ ជាប់នៅក្នុងនោះ។ AFP

ភាពយន្ដ​នេះ​នឹង​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ដ​នានា​មុន​គម្រោង​ភាពយន្ដ​ចំណាយ​ប្រាក់​ខ្ពស់​ និង​ខ្នាត​ធំ​ជាង​នេះ​ទៅ​ទៀត​ ហើយ​លោក​រំពឹង​ថា មហោស្រព​លើក​នេះ​នឹង​ផ្ដល់​ឱកាស​​ឲ្យ​ភាពយន្ដ​ឯករាជ្យ​អាច​ឈាន​ដល់​ឆាក​អន្ដរជាតិ​ទូទាំង​ពិភព​លោក​។

លោក វ៉ល​ឃើរ បាន​បន្ដ​ថា៖ «​យើង​មាន​ឱកាស​បាន​បញ្ចាំង​ភាពយន្ដ​នៅ​មហោស្រព​ភាពយន្ដ​ក្រុង​ប៊ូសាន​ ជា​វេទិកា​ពិភព​លោក​មួយ​»។ លោក​បាន​បន្ថែម​ថា រឿង​ ល្អាង​​ នឹង​ដាក់​បញ្ចាំង​នៅ​ប្រទេស ​ថៃ ​ក្នុង​ខែ​វិច្ឆិកា​ក្រោយ​បញ្ចប់​ដំណើរ​វិល​ជុំ​ទៅ​តាម​មហោស្រព​ភាពយន្ដ​នានា​៕ AFP/HR