ភ្នំពេញ៖ ភាពយន្ត​ខ្នាត​ធំ​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​ផលិត​​នៅ​ដើម​ខែ​តុលា​ ឆ្នាំ​ ២០១៩​ ខាង​មុខ​នេះ​ត្រូវ​បាន​​​ផលិតករ​លើក​យក​មក​ផលិត​ជា​ខ្សែ​ភាពយន្ត​ដ៏​ល្អ​ឯក​មួយ​ ​ស្តែង​ចេញ​ពី​ជីវ​ប្រវត្តិ​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ទៀ បាញ់ ដែល​បាន​​តស៊ូ​ឆ្លង​កាត់​ឧបសគ្គ​ ​ជា​ច្រើន​រួម​ទាំង​កាណុង​កាំភ្លើង​ដ៏​គួរ​ឲ្យ​តក់​ស្លុត ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ពី​អតីតកាល​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ទៀ បាញ់ បាន​ថ្លែង​ប្រាប់​​ ​ភ្នំពេញ ​ប៉ុស្តិ៍​​ ថា​៖​ «ចំពោះ​រឿង​នេះ ​«ជន​ដែល​ត្រូវ​គេ​បាញ់​» ត្រូវ​បាន​លោក​ឧត្តម​សេនីយ៍​ ណឹម សុវត្ថិ ​ចង​ក្រង​ជា​សៀវភៅ​នៅ​ពេល​ដែល​មាន​គេ​បាន​មើល​សៀវភៅ​នេះ​ហើយ​ គេ​​ក៏​ធ្លាប់​មក​សុំ​ខ្ញុំ​ផលិត​ជា​ខ្សែ​ភាពយន្ត​ច្រើន​ដែរ​ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​​អនុញ្ញាត​ទេ​ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​​នេះ​ មាន​ក្រុមហ៊ុន​មួយ​ដែល​គេ​​ទាក់ទង​ជាមួយ​កូន​ប្រុស​ខ្ញុំ​បាន​សុំ​ថត​ជា​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មាន​តួ​សម្តែង​អី​ត្រឹមត្រូវ ហើយ​រឿង​នេះ​ដែរ​គឺ​បាន​រៀបចំ​​ច្រើន​ឆ្នាំ​មក​ហើយ​ទើប​តែ​សម្រេច​ចាប់​ផ្តើម​ថត​នេះ​ឯង​»។

លោក​ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ដែរ​ថា​៖ «​រឿង​ដែល​គេ​យក​មក​ថត​នេះ ​គឺ​មិន​បាន​បង្ហាញ​ពី​ខ្សែ​ជីវិត​របស់​ខ្ញុំ​បាន​ទាំង​អស់​នោះ​ទេ គេ​ចុច​យក​តែ​ចំណុច​សំខាន់​តែ​ប៉ុណ្ណោះ​ ជា​ពិសេស​ត្រង់​ឈុត​ឆាក​គេ​យក​ទៅ​បាញ់​​ហ្នឹង​តែ​ម្តង​ ហើយ​ខ្ញុំ​ក៏​មិន​អាច​ប៉ាន់​ស្មាន​ដឹង​ដែរ​ថា​វា​បាន​ប៉ុន្មាន​ភាគរយ​ប្រៀប​ធៀប​នឹង​ជីវិត​ខ្ញុំ​ ព្រោះ​រឿង​គេ​ទើប​នឹង​ចាប់​ផ្តើម​ថត ហើយ​ណា​មួយ​វា​បាន​កន្លង​ផុត​អស់​រយៈពេល​ ៥២ ឆ្នាំ​មក​ហើយ​»​។

រូបភាព​ដកស្រង់ពី​វីដេអូ​ខ្លី​នៃរឿង «ជនដែលត្រូវគេបាញ់»។ សហការី

លោក​ សួន​ ពិសិដ្ឋ ជា​តារា​សម្តែង​ និង​ជា​គ្រូ​បង្វឹក​តារា​ចម្រៀង ដែល​ជា​អ្នក​រ៉ាប់រង​ទៅ​លើ​ការ​តែង​និពន្ធ​បទ​ភ្លេង​ និង​សម្តែង​ជា​តួ​អង្គ​សភាវៈ​អាក្រក់​ជា​តួអង្គ​សំខាន់​​នៃ​រឿង​បាន​ប្រាប់​មក ​ភ្នំពេញ ​ប៉ុស្តិ៍ ​​ដែរ​ថា​៖ ​«​ខ្សែ​ភាពយន្ត​នេះ​ជា​ខ្សែ​ភាពយន្ត​ធំ​ប្រចាំ​ឆ្នាំ ហើយ​នឹង​ចាប់​ផ្តើម​ថត​នៅ​ខែ​ ១០​ នេះ​ហើយ​ ពេល​ដែល​ថត ​គឺ​ត្រូវ​ការ​បិទ​ប្រៃសនីយ៍ ដើម្បី​ថត​ ហើយ​ក៏​មាន​ការ​រៀបចំ​គ្រប់​ទីតាំង​ដែល​ត្រូវ​ថត​ឲ្យ​ដូច​ទៅ​នឹង​ទិដ្ឋភាព​នៃ​សម័យ​នោះ​ដូច​គ្នា​ ដោយ​មាន​ការ​សម្រិត​សម្រាំង​​យ៉ាង​ល្អ​ឥត​ខ្ចោះ​សម្រាប់​ចាក់​បញ្ចាំង​ស្ទើរ​តែ​គ្រប់​ប្រទេស​ អាច​និយាយ​បាន​ថា​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​»​។

តួ​អង្គ​ដែល​ត្រូវ​សម្តែង​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ ​«​ជន​ដែល​ត្រូវ​គេ​បាញ់​» មាន​ការ​ជ្រើសរើស​យ៉ាង​ពិសេស​ឲ្យ​សម​ស្រប​ទៅ​នឹង​សម័យ​កាល​ ដោយ​តំណែង​តួឯក​​​ជា​តារា​សម្តែង​ និង​ជា​តារា​ចម្រៀង​លោក​ នូ ឧសភា ដែល​ត្រូវ​បាន​ជ្រើសរើស​​មាន​អាយុ​ និង​មុខ​មាត់​ស័ក្ដិសម​នឹង​តួអង្គ​​យុវជន​ ទៀ សង្វាន​ ក្នុង​សម័យ​នោះ​។

ខ្សែ​ភាពយន្ត​នេះ​មាន​ការ​​ដឹកនាំ​ផលិត​ដោយ​លោក​ ទៀ សីហា លោក​ ទៀ សាយ៉ាម និង​លោក​ ប៊ូ​ សីហា។ ​ការ​ដឹកនាំ​សម្តែង​ត្រូវ​បាន​ចូលរួម​ពី​អ្នក​ដឹកនាំ​​ល្បី​ឈ្មោះ​លោក​ ខាំ ភូរិ។

តារា​ប្រុស​ដែល​មាន​ទេពកោសល្យ​ពហុ​ជំនាញ​លោក សួន​ ពិសិដ្ឋ បាន​បន្ត​ពី​ការ​រៀបចំ​ទីតាំង​ដែល​ត្រូវ​ផលិត​ដូច្នេះ​ដែរ​ថា​៖ ​«​ទាំង​ការ​តុបតែង​មាន​តុ​ទូ​ កៅ​អី​ ម៉ូតូ​ ឡាន កង់​ គឺ​វិល​ទៅ​រក​សម័យ​កាល​ទសវត្សរ៍​ទី​ ៦០ ​វិញ​ទាំង​អស់​​ក្នុង​ការ​រៀបចំ​នេះ ​គឺ​មាន​ភាព​ហ្មត់ចត់​បំផុត​ដែល​ត្រូវ​អស់​រាប់​លាន​ដុល្លារ​ និង​តួ​អង្គ​វិញ​ត្រូវ​ការ​រៀបចំ​ខ្លួន​ ផ្លាស់ប្តូរ​ពាក្យ​ស័ព្ទ​ក្នុង​ការ​និយាយ​ស្តី​ អត្តចរិត គ្រប់​យ៉ាង​ទាំង​អស់​ ដើម្បី​ឲ្យ​ដូច​ទៅ​នឹង​សម័យ​ទសវត្សរ៍​ទី ​៦០​ ប្រាកដ​មែន​​»​។

ក្រោយ​ពី​ដំណើរការ​​ថត​​នៅ​​​កែប កំពង់សោម និង​កំពត ខ្សែ​ភាពយន្ត​ ដែល​នឹង​បញ្ចប់​ការ​ថត​នៅ​ចុង​ឆ្នាំ​នេះ ​ត្រូវ​បាន​រំពឹង​ថា​ នឹង​នាំ​ទៅ​​ចាក់​បញ្ចាំង​នៅ​ទីផ្សារ​បរទេស​ផង​ដែរ​៕