ភ្នំពេញ៖ កាលពី​ពេលថ្មីៗ​នេះ ខ្សែភាពយន្ត​ឯកសារ​មាន​រយៈពេល ៩០ នាទី ស្តីពី​ក្មេងប្រុស​ខ្មែរ​អ្នកលេង​សៀក ២ រូប ដែល​ផលិតករ​អាមេរិក លោក Joel Gershon បាន​ថត​កាលពី​អំឡុង​ឆ្នាំ ២០១១-២០១៨ បានឈ្នះ​ពាន​ជា​កុន​ឯកសារ​ដែល​មាន​រយៈពេល​វែង​ពី​កម្មវិធី​មហោស្រព​សៀក​អន្តរជាតិ​ឆ្នាំ ២០២១ ឬ Circus International Film Festival នៅឯ​សហរដ្ឋអាមេរិក។

នេះ​បើតាម​សេចក្តី​អបអរសាទរ​ពី​ខាង​គេហទំព័រ​ផ្លូវការ​នៃ​កម្មវិធី​មហោស្រព​សៀក​អន្តរជាតិ បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ ថា៖ «កម្មវិធី​មហោស្រព​សៀក​អន្តរជាតិ សូម​អបអរសាទរ​ចំពោះ​លោក Joel Gershon និង​ស្នាដៃ​រឿង Cirque du Cambodia ដែល​បានឈ្នះ​ពាន​ពី​គណៈកម្មការ (Juried Award) សម្រាប់​ភាពយន្ត​ឯកសារ​ដែលមាន​រយៈពេល​វែង។ យើង​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ក្រុម​ផលិតករ ក្រុម​អ្នក​សម្តែង ក្រុម​គណៈកម្មការ ក្រុម​អ្នក​ឧបត្ថម្ភ​កម្មវិធី និង​ក្រុម​ការងារ​ផ្សេងៗ​ទៀត ដែល​បាន​ជួយ​ឱ្យ​កម្មវិធី​មហោស្រព​សៀក​អន្តរជាតិ​លើកដំបូង​នេះ ទទួល​បាន​ជោគជ័យ»។

គួរ​បញ្ជាក់ថា កុន​រឿង Cirque du Cambodia ក៏​ធ្លាប់បាន​ជាប់​ក្នុង​ជម្រើស​ជា​កុន​ត្រូវ​យកទៅ​ចាក់​បញ្ចាំង​កាលពី​ថ្ងៃទី ២១ តុលា ឆ្នាំ ២០២០ នៃ​មហោស្រព United Nations Association Film Festival ជា​លើកដំបូង មិន​ធ្លាប់មាន​ពីមុនមក ដោយ​ជា​ខ្សែភាពយន្ត​ឯកសារ​ស្តីពី​ក្មេងប្រុស​ខ្មែរ​អ្នកលេង​សៀក ២ នាក់ និង​ត្រូវបាន​ចាក់​បញ្ចាំង​តាម​អនឡាញ ដើម្បី​រៃអង្គាសប្រាក់​ជួយ​ទ្រទ្រង់​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​កាលពី​ថ្ងៃទី ២០ និង​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២០ ផងដែរ។

យុវជន សុខ ឌីណា និង ណែម សុផា បាន​បន្ត​ការសិក្សា​ផ្នែក​សៀក​នៅ​បរទេស។ សហការី

ភាពយន្ត​ឯកសារ​នេះ រៀបរាប់​ពី​រឿងរ៉ាវ​ក្មេង​ជំទង់​ខ្មែរ ២ នាក់ មាន​ឈ្មោះ សុខ ឌីណា និង ណែម សុផា មកពី​ភូមិ​ជនបទ​នៃ​ប្រទេស​កម្ពុជា ដែល​ឆាកជីវិត​ពួកគេ​ត្រូវបាន​ផ្លាស់ប្តូរ បន្ទាប់ពី​បាន​ចូលរៀន​នៅ​សាលា​ហ្វារពន្លឺ​សិល្បៈ​នៅ​ខេត្ត​បាត់ដំបង។

ដំណើរ​ជីវិត​របស់​ពួកគេ​ត្រូវបាន​ផលិតករ​អាមេរិក លោក Joel Gershon ថត​នៅ​អំឡុង​ឆ្នាំ ២០១១-២០១៨ ឬ​ការ​ចំណាយពេល ៨ ឆ្នាំ ថត​នៅក្នុង​ប្រទេស​ចំនួន។

តួឯក​ម្នាក់​នៃ​រឿង Cirque du Cambodia លោក ណែម សុផា បាន​រំឭក​ប្រវត្តិ​របស់ខ្លួន ខណៈ​ជិត​មាន​ការចាក់​បញ្ចាំង​អនឡាញ​រៃអង្គាសប្រាក់​ជួយ​សាលា​ហ្វារ​កាលពីពេល​កន្លងមក​ថា៖ «ខ្ញុំ​មាន​បងប្អូន ១២ នាក់ ក្នុង​នោះ ៧ នាក់ សុទ្ធតែ​បាន​រៀន និង​កំពុងតែ​រៀន​សៀក​នៅ​សាលាហ្វារ។ ខ្លួន​ខ្ញុំ​ផ្ទាល់​ ដោយសារ​តែ​ផ្ទះ​ខ្ញុំ​នៅក្បែរ​ហ្នឹង ទើប​ខ្ញុំ​បាន​រៀន​មត្ដេយ្យ និង​បាន​ហាត់​សៀក​នៅ​សាលា​ហ្វារ តាំងពី​ខ្ញុំ​អាយុ ៧ ឆ្នាំ បន្ទាប់ពី​ឃើញ​បងប្រុស​ខ្ញុំ​ហាត់​បាន ខ្ញុំ​ក៏​ហាត់​សៀក​ដែរ»។

លោក ណែម សុផា ក៏បាន​រៀបរាប់​បន្ត​ទៀតថា៖ «ខ្ញុំ​បាន​ព្យាយាម​លោត​លើ​ក្រណាត់​យឺត​ឱ្យ​ខ្ពស់​តាម​ដែល​អាច​ធ្វើបាន ហើយ​ចាប់ពី​ពេល​នោះ​មក​ពួកគាត់​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឱ្យ​បន្ត​ហាត់ រហូត​ដល់​ខ្ញុំ​បាន​ចូលរៀន​សាលា​សៀក​អន្តរជាតិ​នៅ​ប្រទេស​កាណាដា»។

ឆាកជីវិត​ពួកគេ​ត្រូវបាន​ផ្លាស់ប្តូរ បន្ទាប់ពី​បាន​ចូលរៀន​នៅ​សាលា​ហ្វារពន្លឺ​សិល្បៈ នៅ​ខេត្ត​បាត់ដំបង និង​បន្ត​អនាគត​សិក្សា​នៅ​ឯនាយសមុទ្រ។ សហការី

យ៉ាងណាមិញ យុវជន​ជំនាញ​ផ្នែក​សៀក​រូបនេះ​ក៏បាន​លើកឡើង​ពី​ការខំជម្នះ​ខ្លួន ពេល​សម្រប​ជីវិត​រស់នៅ​លើទឹក​ដី​ឯនាយសមុទ្រ​ផងដែរ។

លោក​បាន​បន្តទៀតថា៖ «ពេលទៅដល់​ទីនោះ​ដំបូង វា​ពិតជា​លំបាក​ណាស់​ក្នុងការ​សម្រប​ខ្លួន​នឹង​ភាពខុសគ្នា​នៃ​ពេលវេលា អាកាសធាតុ ចំណីអាហារ និង​ភាសា។ ខ្ញុំ​នឹក​ផ្ទះ មិត្តភក្តិ និង​គ្រូៗ​នៅ​ហ្វារ។ ប៉ុន្តែ​ខ្ញុំ​នៅ​ជាមួយ​មិត្ត​សៀក​ឈ្មោះ ឌីណា ដែល​យើង​ជា​តំណាង​ឱ្យ​កម្ពុជា​តែ ២ នាក់​ប៉ុណ្ណោះ ដែល​មាន​សមត្ថភាព​ចូលរៀន​នៅ​សាលា​ដែល​មាន​កិត្យានុភាព និង​តម្លៃ​ថ្លៃ ព្រមទាំង​ពិបាក​ក្នុង​ការចូល​ទៀតផង ដូច្នេះ​ហើយ ខ្ញុំ​គិតថា ខ្ញុំ​គួរតែ​ខិតខំ​ប្រឹងប្រែង​ហាត់​ឱ្យបាន​ច្រើន​បំផុត»។

តួអង្គ​នៅក្នុង​ខ្សែភាពយន្ត​ឯកសារ​ដែល​ទើប​ឈ្នះ​ពានរង្វាន់​រូបនេះ​បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​បាន​ហ្វឹកហាត់​នៅ​ទីនោះ​យ៉ាង​លំបាក​អស់​រយៈពេល ៥ ឆ្នាំ​មិន​មក​ផ្ទះ​សោះ។ ប្រជាជន​នៅ​ទីនោះ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ។ នេះ​ជា​ការចងចាំ និង​បទពិសោធ​ដ៏ល្អ​មួយ បន្ទាប់មក ឌីណា និង​ខ្ញុំ បាន​ក្លាយជា​ជនជាតិ​ខ្មែរ​ដំបូង​គេ ដែល​អាច​សម្តែង​នៅ​កម្មវិធី Cirque du Soleil!»។

សម្រាប់​ប្រិយមិត្ត ដែល​ចង​ទស្សនា​កុន​ឯកសារ​រឿង Cirque du Cambodia នោះ អាច​ចូល​តាម​បណ្តាញ​សង្គម​យូធូប https://www.youtube.com/watch?v=yTfLB-gkRf4 ៕

ការតស៊ូ បាន​ធ្វើឱ្យ​យុវជន​នៅ​ភូមិ​ជនបទ​ក្លាយ​ជា​អ្នក​សម្ដែង​សៀក​លើ​ឆាក​អន្តរជាតិ។ សហការី

យុវជន​ខ្មែរ​មាន​កំណើត​ពី​ភូមិ​ជនបទ​ក្លាយ​ជា​អ្នក​សម្ដែង​សៀក​លើ​ឆាក​អន្តរជាតិ។ សហការី

យុវជន​ខ្មែរ​មាន​កំណើត​ពី​ភូមិ​ជនបទ​ក្លាយ​ជា​អ្នក​សម្ដែង​សៀក​លើ​ឆាក​អន្តរជាតិ។ សហការី

យុវជន​ខ្មែរ​មានកំណើត​ពី​ភូមិ​ជនបទ​ក្លាយជា​អ្នក​សម្ដែង​សៀក​លើ​ឆាក​អន្តរជាតិ។ សហការី

ផលិតករ​អាមេរិក លោក Joel Gershon បាន​ថត​ភាពយន្ត​ឯកសារ​ Cirque du Cambodia នៅ​អំឡុង​ឆ្នាំ ២០១១-២០១។ សហការី