ភ្នំពេញ: បន្ទាប់ពី​ឱកាស​សាង​ភាពល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ​តាមរយៈ​វត្តមាន​នៅ​មហោស្រព​ភាពយន្ត ក្រុង​ប៊ូសាន ប្រទេស​កូរ៉េ​ខាង​ត្បូង ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស និង​រដ្ឋ​ហាវ៉ៃ សហរដ្ឋអាមេរិក ខ្សែភាពយន្ត​បែប​វាយប្រហារ ដែល​ផលិត​នៅ​កម្ពុជា​រឿង The Prey នឹង​ត្រូវ​បាន​នាំ​យក​មក​ចាក់​បញ្ចាំង​នៅ​ប្រទេស​កំណើត​វិញ​ក្នុង​អំឡុង​ចុង​ឆ្នាំ​នេះ​ដោយ​ពុំ​ទាន់​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នៅ​ឡើយ​។

វណ្ណកម្ម​ដឹកនាំ​ថត​ដោយ​ផលិតករ​ជនជាតិ​អ៊ីតាលី​លោក ជីមមី ហេនដឺសិន (Jimmy Henderson) ដែល​ត្រូវ​បាន​គេ​ស្គាល់​ខ្សែភាពយន្ត​វាយតប់​រឿង ហែក​គុក (Jailbreak) រឿង The Prey នេះ​ត្រូវ​បាន​ទិញ​សិទ្ធិ​ចែកចាយ​ដោយ​ក្រុមហ៊ុន Lightbulb Film Distribution សម្រាប់​ការចាក់បញ្ចាំង​នៅ​ចក្រភព​អង់គ្លេស និង​ក្រុមហ៊ុន XYZ Films តំណាង​ឲ្យ​សិទ្ធិ​ចែកចាយ​នៅ​អាមេរិក​ខាងជើង​ព្រម​ទាំង​ក្រុមហ៊ុន​អនឡាន Netflix ផង​ដែរ​។ ប៉ុន្តែ​កាលបរិច្ឆេទ​សម្ពោធ​បញ្ចាំង​ភាពយន្ត​ថត​នៅ​កម្ពុជា​មួយ​នេះ​នៅ​ពុំទាន់​កំណត់​ទេ​សម្រាប់​ប្រទេស​ធំៗ​ទាំង​ ២ ​ខាង​លើ​។

ឈុតឆាក​វាយប្រហារ​ដកស្រង់​ពី​ភាពយន្ត​រឿង The Prey​។ រូបថត Youtube

ដោយ​ចំណាយ​ថវិកា​ខ្ទង់ ១ ​លាន​ដុល្លារ​អាមេរិក​រឿង The Prey ដែល​បាន​ចាប់ផ្ដើម​ថត​តាំងពី​ខែ​មីនា ឆ្នាំ ២០១៨ នៅ​រាជធានី​ភ្នំពេញ និង​តំបន់​ព្រៃ​ ឯ​ខេត្ត​កោះកុង​មាន​ការចូលរួម​សម្ដែង​ដោយ​មាន​តួឯក​ជា​តារា​វាយតប់​ជនជាតិ​ចិន​លោក ហ្គូ សាងវ៉ៃ (Gu Shangwe) តារា​ខ្មែរ​លោក អ៊ូ តារា កញ្ញា ឌី សូនីតា លោក រស់ មុនី លោក វណ្ណឌី ពិសិដ្ឋ លោក ហ៊ុន សុភី រួមទាំង​តារា​ជនជាតិ​ថៃ​មួយ​ចំនួន​ផង​ដែរ​។

អ្នក​ច្នៃ​ម៉ូដ​ល្បី​នៅ​កម្ពុជា​លោក រ៉េមី ហ៊ូ ទទួល​បន្ទុក​រចនា​សម្លៀកបំពាក់​តួ​សម្រាប់​ការថត​ភាពយន្ត​មួយ​នេះ​។

ផលិតករ និង​អ្នកដឹកនាំ​រឿង​លោក ជីមមី ហេនដឺសិន បាន​និយាយ​ពេល​ប្រកាស​ពី​ដំណើរការ​ផលិត​ភាពយន្ត​កន្លង​មក​ថា​៖ «​ខ្ញុំ​តែងតែ​ចាប់​អារម្មណ៍​សិក្សា​អំពី​ធម្មជាតិ​របស់​មនុស្ស​។ ការរុករក​បែប​ជា​សភាវគតិ​ដំបូង​នៃ​មនុស្ស​ក្នុង​ការរស់រាន​មាន​ជីវិត​។ ដូចជា​ភាពយន្ត​រឿង Quest for Fire រឿង Deliverance និង​រឿង​ថ្មី​បំផុត​គឺ​រឿង Revenant​។ ទាំងនេះ​សុទ្ធតែ​ឆ្លុះ​បញ្ចាំង​នូវ​របក​គំហើញ​នៃ​ឫសគល់​របស់​វា ហើយ​រឿង «THE PREY» មាន​ភាពវឹកវរ​ដែល​បាន​រៀបចំ​មាន​ភាព​សុខដុមរមនា​តាមរយៈ​ផ្ទាំងគំនូរ Euonymus Bosch ប៉ុន្តែ​ភាពសុខដុមរមនា​នេះ​ត្រូវ​បាន​រំខាន​ដោយ​ការមក​ដល់​នៃ​បុរស​ម្នាក់​ដែល​រុញច្រាន​ស្ថានការណ៍​មួយ​នេះ​ឲ្យ​កាន់តែ​ខ្លាំង​ជាង​មុន ហើយ​និង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​រស់ និង​នាំ​យក​យុត្តិធម៌​ដែល​ប្រឆាំង​នឹង​អ្នក​បង្កើត​ល្បែង ប្រមាញ់ នឹង​អំពើ​ដ៏កំណាច​»​។

ភាពយន្ត​វាយប្រហារ​ប្រមាញ់​មនុស្ស​មួយ​នេះ​មាន​រយៈពេល​បញ្ចាំង ៩៣ នាទី និង​ ៣ ​ភាសា​គឺ​ខ្មែរ ចិន និង​អង់គ្លេស​។ សម្រាប់​ការចាក់​បញ្ចាំង​នៅ​កម្ពុជា យោង​តាម​ទំព័រ​ហ្វេសប៊ុក The Prey បាន​បង្ហើប​ថា​ទំនង​ជា​ចុង​ឆ្នាំ​ ២០១៩ នេះ​ហើយ​៕