ភ្នំពេញ៖ ដោយសារ​វត្តមាន​​គួរ​​ឲ្យ​ភ័យ​ខ្លាច​​​នៃ​​ការ​រាល​ដាល​របស់​ជំងឺ​ឆ្លង​កូវីដ ១៩ ​ពាស​​ពេញ​ពិភព​លោក​ ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​​​​ច្នៃ​ពី​ក្រមា​គ្រង​​​ដោយ​តារា​សម្តែង​ស្រី​អភិវឌ្ឍ​ខ្លួន​ពី​​​តារា​ម៉ូដែល និង​អតីត​​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​​ឆ្នាំ ​២០១៨ កញ្ញា រឿន ណាត ខកខាន​​​ចេញ​​​​មុខ​បង្ហាញ​​នៅ​ក្នុង​​​​កម្មវិធី​ស្តីពី​ផ្នែក​វប្បធម៌​នៃ​តំបន់​អាស៊ី​មួយ​​។

រូប​គ្រង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​​​ច្នៃ​ដោយ​ក្រមា​ខ្មែរ​ ពី​សំណាក់​​អតីត​កញ្ញា​ឯក​ចក្កវាឡ​​កម្ពុជា ​ឆ្នាំ ​២០១៨ ​កញ្ញា រឿន ណាត លេច​ចេញ​តាម​អ៊ីស្តាក្រាម​ មិន​ត្រឹម​តែ​ទទួល​បាន​ការ​កើត​សរសើរ​ថា​​ ស្អាត​ទាំង​​មនុស្ស និង​​ការ​រចនា​ម៉ូដ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​កើត​ចេញ​ជា​​ចម្ងល់​ផង​ដែរ​ថា តើ​​ស្រី​ស្រស់​វ័យ​ ២៥ ឆ្នាំ ជា​បុប្ផា​ដុះ​​នៅ​លើ​ទឹក​ដី​កំណើត​ខេត្ត​កំពង់ចាម​​ រូប​នេះ បែប​ទំនង​ជា​មាន​​ឱកាស​​​​ជា​តំណាង​​កញ្ញាឯក​អ្វី​ផ្សេង​​ទៀត​ហើយ​មើល​ទៅ​?

អតីត​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​ដែល​ស្រូប​បាន​នូវ​ប្រជាប្រិយភាព​​​ខ្លាំង​ពី​មហាជន​​​ពេល​​​ប្រកួត​​បវរកញ្ញា​ចក្កវាឡ​ពិភព​លោក​​ឆ្នាំ ២០១៨ រឿន ណាត ក៏​ផុសផុល​នឹង​ទីផ្សារ​​​ថតកុន ថត​ស្ប៉ត​នានា​​ និង​ថត MV បទ​​ចម្រៀង​​​ជា​​ហូរហែ​បោះ​​​ជំហាន​​ទៅ​រក​ភាព​​ជោគជ័យ​លើ​វិថី​សិល្បៈ​។

កញ្ញា ក៏​បាន​​​​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «អូ! ​ចាស​បង! ​តាម​ពិត​ទៅ​ ឈុត​គ្រង​ម៉ូដ​ក្រមា​នេះ មិន​មែន​ជា​​ការ​ប្រកួត​កញ្ញា​​​ឯក​អ្វី​ដូច​មុន​នោះ​ទេ​ តែ​វា​​តម្រូវ​ឲ្យ​មាន​​ការ​​បង្ហាញ​ឈុត​​សម្លៀក​បំពាក់​តំណាង​ជាតិ​​នីមួយៗ​នៅក្នុង​​តំបន់​​អាស៊ី​​ ដែល​​​ប្រារព្ធ​ធ្វើ​​ជា​រៀងរាល់​ឆ្នាំ​ ដោយ​តម្រូវ​ឲ្យ​ប្រទេស​ជា​សមាជិក ​រៀបចំ​ឆ្លាស់គ្នា​​។ ​តែ​ដោយសារ​កូវីដ ​១៩ ទើប​នាង​ខ្ញុំ​ខកខាន​ចូលរួម​កម្មវិធី​នេះ»​៕​