ភ្នំពេញ៖ ​អតីត​​​​កញ្ញាឯក​ចក្កវាឡ​​កម្ពុជា​​​នៅ​​​ឆ្នាំ ​២០១៨​ កញ្ញា​ រឿន ណាត ​ត្រូវ​​មហាជន​​គាំទ្រ​​​ស្នើសុំ​​ឲ្យ​​ចូលរួម​ប្រកួត​ប្រជែង​​​តំណាង​សម្រស់​នៅ​​​លើ​ឆាក​អន្តរជាតិ​ម្តង​ទៀត​ ជាមួយ​​​កម្មវិធី​ដ៏​ស័ក្តិសម​សម្រាប់​នាង​ចំនួន ២ គឺ​​កម្មវិធី​ Miss International និង Miss Supernational​​ នាពេល​ថ្មីៗ​នេះ​។

បើ​តាម​គេហទំព័រ​ Miss Cambodia បង្ហើរសារ​ថា៖ «កញ្ញា​ឯកចក្ក​វាឡ​កម្ពុជា​ឆ្នាំ ​២០១៨ នឹង​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​ម្តង​ទៀត ​ដោយសារ​តែ​ថ្មីៗ​នេះ ​National director​ របស់​នាង​កំពុង​​សម្លឹង​មើល​សមត្ថភាព​​ថា​ តើ​រវាង​ Miss ​International និង Miss Supernational ​​មួយ​ណា​​ដែល​​ស័ក្តិសម​នឹង​នាង​ តើ​អ្នក​ទាំង​អស់​គ្នា​ចង់​ឃើញ​ រឿន ណាត ប្រកួត​កម្មវិធី​មួយ​ណា? ​ហេតុអ្វី? សម្រាប់ Admin​ ចង់​ឃើញ​នាង​ប្រកួត Miss Supernational ព្រោះ​ចង់​ឲ្យ​​​នាង​​​ក្លាយ​ជា​ស្រ្តី​ខ្មែរ​ដំបូង ដែល​ចូលរួម​​ប្រកួត​​​​​កម្មវិធី​ហ្នឹង​ ហើយ​នាង​​ក៏​មាន​ឱកាស​​​ខ្ពស់​ដែរ​​ ក្នុង​ការ​ទទួល​​បាន​មកុដ​ Miss Supernational ហើយ​នេះ​​គ្រាន់​​តែ​ជា​គំនិត​​ Admin ទេ!»។​​

អតីត​​កញ្ញាឯក​ចក្កវាឡ​តំណាង​កម្ពុជា ​ដែល​​ស្រូប​​​ប្រជាប្រិយភាពខ្លាំង​ ពេល​មាន​ភារកិច្ច​ជា​​​កញ្ញា​​ចក្កវាឡ​​តំណាង​ឲ្យ​​កម្ពុជា​ ​ក្នុង​​ការ​ប្រកួត​បវរកញ្ញា​ចក្កវាឡ​ពិភព​លោក​ឆ្នាំ ២០១៨ កន្លង​​មក​ កញ្ញា រឿន ណាត ក៏​បាន​បញ្ជាក់​​ចំពោះ​​សំណើ​ និង​សំណូមពរ​​​​មហាជន​​ខាង​​លើ​ថា​៖ «បើ​ទោះបី​ជា​សំណើ​របស់​​បងប្អូន​អ្នក​គាំទ្រ ក៏​ដូច​​​ជា​គំនិត​របស់​អ្នក​រៀបចំ​កម្មវិធី​​មែន​​ក្តី សម្រាប់​នាង​ខ្ញុំ​​ផ្ទាល់​ក៏​មាន​កូន​ចិត្ត​មួយ​ចង់​សាក​​សមត្ថភាព​នេះ​​ម្តង​ទៀត​ដែរ ​ប្រសិន​​​​​បើ​​អាច​​នោះ​។

សម្រាប់​វត្តមាន​នេះ ​​​[Miss ​International ​និងMiss Supernational] ​មិន​ត្រឹម​​​ល្អ​​​សម្រាប់​រូប​​នាង​​ខ្ញុំ​ផ្ទាល់​​ទេ ក៏​ជា​​ឱកាស​មួយ​អាច​នាំ​​ប្រទេស​កម្ពុជា ​​ចូលរួម​​​លើក​​​​​ដំបូង​​​​ផង​ដែរ​»​។

បើ​ទោះបី​ជា​​ធ្លាប់​មាន​បទពិសោធ​យ៉ាង​ណា​ក៏​តារា​សម្តែង​​​ស្រី​ ដែល​ទើប​ទទួល​​ថត​​​​កុន​​ភាគ​ថ្មី​រឿង​ «ផ្កាព្រៃ»​​ នៅ​​​ប៉ុស្តិ៍ PNN កញ្ញា រឿន ណាត ​បន្ត​ថា៖ «ប្រសិន​បើ​មាន​ឱកាស​​ចូល​រួម​មែន​នោះ​ ខ្ញុំ​គិត​ថា​មាន​ផល​​ល្អ​ច្រើន​​​​ ទៅ​វគ្គ​​បន្ត​បន្ទាប់​​នៃ​កម្មវិធី​នេះ ​ខណៈ​​​ខ្ញុំ​នឹង​ប្រើ​​​នូវ​​សមត្ថភាព​​បាន​ពី​​បទពិសោធ​​​​ចាស់​​​ឲ្យ​ប្រសើរ​​​​តែ​ម្តង​»​។​

បច្ចុប្បន្ន​នេះ​ ​​​តារា​​ស្រី​​ស្អាត​ រឿន ណាត​ កំពុង​​តែ​ផុស​ផុល​​​ខ្លាំង​នឹង​ទីផ្សារ​​​​​ថត​កុន ថត​​ស្ប៉ត​ និង​​ថត​ MV បទ​ចម្រៀង​​​​នានា។ កាន់​តែ​ពិសេស​នោះ ​ខណៈ​​​អ្នក​​សិល្បៈ​ភាគ​ច្រើន​រអ៊ូ​ថា​ ខ្សត់​ការងារ​ក្នុង​ពេល​​មាន​​​វិបិត្ត​​​ជំងឺ​កូវីដ ១៩ នោះ ស្រាប់​តែ​ស្រី​ស្អាត​​​រូប​នេះ​ បែរ​ជា​មាន​ការ​​​​មមាញឹក​​​​សម្រុក​​ថត​កុន និង​​ថត​សម្អាង​ការ​រក​​ពេល​សម្រាក​សឹង​តែ​គ្មាន​​​​ទៅ​វិញ​៕​​