ភ្នំពេញ៖ ក្រោយ​ពី​​ក្លាហាន​ដោយ​​ហ៊ាន​បង្ហាញ​មុខ​​មាត់​ពិត​គូស្នេហ៍​​ កាល​​​​ពី​ខែ​​មុន​នោះ​ ឥឡូវ​នេះ​​ស្រាប់​តែ​ស្រីស្រស់​ តារា​សម្តែង​ស្រី​អភិវឌ្ឍ​​ខ្លួន​ពី​តារា​ម៉ូដែល និង​​​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​​ឆ្នាំ ​២០១៨ កញ្ញា រឿន ណាត និង​ម្ចាស់​ចិត្ត​លេច​​មុខ​សម្តែង​កុន​ជាមួយ​គ្នា​ ដើម្បី​រឹត​បន្តឹង​នូវ​​ចំណង​​ស្នេហ៍​​ឲ្យ​កាន់​តែ​រឹងមាំ បន្ត​ដំណើរ​ទៅ​​មុខ​​រួម​​គ្នា​​នៅ​លើ​វិថី​សិល្បៈ​​​។​​

ពេល​កន្លង​មក​ថ្មីៗ​នេះ ប្រិយ​មិត្ត​ជា​ច្រើន ដែល​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ដែល​អតីត​​កញ្ញា​ចក្កវាឡ​កម្ពុជា​ឆ្នាំ ​២០១៨ កញ្ញា រឿន ណាត បាន​ប្រកាស​ទម្លាយ​មុខ​មាត់​ពិត​ ​​ប្រាប់​ទៅ​​​កាន់​មហាជន ភ្ជាប់​​ភាព​ផ្អែម​ល្ហែម​​​​ជាមួយ​​​​​គូស្នេហ៍​នាង​គឺ​បុរស​សង្ហា​ ឃាង ឆែជា ហៅ​ ជូអ៊ី កាល​​ពេល​ទៅ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​​។​

មហាជន​ជា​អ្នក​គាំទ្រ​ក៏​មាន​​ការ​ត្រេកអរ​ដែរ ជាមួយ​នឹង​វត្តមាន​របស់​កញ្ញា​ រឿន ណាត និង​លោក​ ជូអ៊ី ពេល​បង្ហាញ​​វត្តមាន​នៅ​​ក្នុង​​​កុន​ភាគ​​រឿង «​មនុស្ស​ពិត» ដែល​កំពុង​ត្រៀម​ចាក់​ផ្សាយ​នៅ​​កញ្ចក់​ទូរទស្សន៍​បាយ័ន​ឆាប់ៗ​នេះ​ ហើយ​គេ​ក៏​​​ឃើញ​ចេញ​ ​Trailer ​រួច​មក​ហើយ​ដែរ​ សម្រាប់​ខ្សែ​ភាពយន្ត​មាន​ជាង​ ​៥០ ​ភាគ​នេះ​​​។

កញ្ញា រឿន ណាត តារា​ស្រី​​វ័យ ២៤ ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​​កំពង់ចាម ​កាន់​តែ​មាន​​សម្រស់​ស្អាត​រូប​នេះ​ បញ្ជាក់​ពី​​បទ​ពិសោធ​ទទួល​បាន​​ហាក់​ជា​ការ​រឹត​បន្តឹង​នូវ​​ចំណង​​​ស្នេហ៍​បន្ថែម​​​ ខណៈ​ពេល​​ការ​ថត​កុន​ប្រើ​ពេល​​យូរ​គឺ​ ៣​ខែ​ នោះ​​​ថា​៖ «បើ​និយាយ​ពី​​ដំបូង​នោះ ចាប់​​ផ្តើម​ថត​កុន​ជាមួយ​គ្នា ​ខ្ញុំ​ និង​​គាត់​​គឺ​ពិត​ជា​​មាន​អារម្មណ​ថា​ វា​ពិបាក​​ខ្លាំង​ ដោយសារ​​តែ​​នៅ​​អៀន​​នឹង​គ្នា​ច្រើន​ព្រោះ​តែ​យើង​​ជា​គូស្នេហ៍​នឹង​គ្នា​ តែ​ដល់់​ពេល​​គេ​​ឲ្យ​សម្តែង​ហាក់​ដូចជា​​នៅ​តែ​មាន​​​ការ​​អៀន​គ្នា​។

តែ​ក្រោយ​មក​​យើង​​ទាំង ​២ បាន​តាំង​ចិត្ត និង​ខិតខំ​ប្រមូល​អារម្មណ៍​ឲ្យ​បាន​ល្អ​ និង​ចាត់​ទុក​ថា នេះ​ជា​កិច្ច​ការ​ត្រូវ​​តែ​បំពេញ​ឲ្យ​បាន​ ទើប​​អាច​ឲ្យ​ពួក​យើង​​សម្តែង​​បាន​​ល្អ​រលូន​ពី​ដើម​​រហូត​ដល់​ចប់​»។​

តារា​សម្តែង​ស្រី​អភិវឌ្ឍ​ខ្លួន​ពី​តារា​ម៉ូដែល និង​ជា​​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ​២០១៨ កញ្ញា រឿន ណាត ក៏​បាន​បន្ត​ថា​៖ «ការ​ថត​កុន​ដំបូង​ជាមួយ​​គ្នា​នេះ អាច​ជួយ​ឲ្យ​យើង​ទាំង ​២ បាន​ស្គាល់​ចិត្ត​គ្នា​បន្ថែម​មួយ​កម្រិត​ទៀត ហើយ​នាង​ខ្ញុំ​ក៏​អាច​និយាយ​បាន​ថា ប្រសិន​បើ​ប្រៀបធៀប​ពី​ការ​​សម្តែង​កុន ​​ជាមួយ​នឹង​តួ​សម្តែង​ប្រុស​ផ្សេង​ ដែល​ធ្លាប់​ថត​​កុន​ពី​មុន​មក​​នោះ​គឺ​ការ​ថត​សម្តែង​ជាមួយ​គាត់ ​[គូ​ស្នេហ៍​នាង​​​លោក ជូអ៊ី] គឺ​ថា​ហាក់​មាន​​ភាព​ងាយ​ស្រួល​​​សម្តែង​ និង​អាច​ឆាប់​ចូល​អារម្មណ៍​សម្តែង​ជាង​»។

តើ​វត្តមាន​​កំលោះ​​រូប​សង្ហា​លោក​ ជូអ៊ី អាច​ព្យាបាល​​បេះដូង​កញ្ញា រឿន ណាត បាន​ដែរ​ទេ​ក្នុង​សាច់​រឿង ឬ​យ៉ាង​ណា? ដូច្នេះ​សូម​កុំ​ភ្លេច​​តាម​ដាន​ការ​សម្តែង​​របស់​តារា​ស្រី​ជា​ Idol​ ក្នុង​ចិត្ត​លោក​អ្នក​ទាំង​អស់​គ្នា ​ដែល​ចាក់​បញ្ចាំង​នា​ពេល​ឆាប់ៗ​នេះ​ហើយ!៕​