ភ្នំពេញៈ បង្ក​ការភ្ញាក់ផ្អើល​ពី​មហាជន និង​ប្រិយមិត្ត​គាំទ្រ​ដោយ​តារាសម្តែង​ស្រី​អភិវឌ្ឍ​ខ្លួន​ពី​តារា​ម៉ូដែល និង​ជា​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ​ ២០១៨ កញ្ញា រឿន ណាត ស្រាប់តែ​ហ៊ាន​បង្ហាញ​មុខមាត់​ពិត​គូស្នេហ៍ ពេល​កំពុង​បណ្តើរ​គ្នា​នៅ​តំបន់​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​នាពេល​ថ្មីៗ​នេះ​។

អ្វី​កាន់តែ​ឲ្យ​មហាជន​កោតសរសើរ​បន្ថែម​នោះ​គឺ​ភាពក្លាហាន​របស់​កញ្ញាឯក​ចក្កវាឡ​តំណាង​កម្ពុជា សម្រាប់​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្កវាឡ​ពិភពលោក​នា​ឆ្នាំ​ ២០១៨ (Miss-Universe 2018) កញ្ញា រឿន ណាត បាន​ទម្លាយ​រូបថត​ច្រើន​សន្លឹក​បង្ហាញ​មុខមាត់​ពិត​របស់​គូស្នេហ៍​ខ្លួន​តាម​បណ្តាញ​សង្គម​ដោយ​ការបើក​ចំហ និង​ហាក់​ដូចជា​មិន​បាន​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​ទៅ​ដល់​ទីផ្សារ​សិល្បៈ​របស់​ខ្លួន​នោះ​ឡើយ​។

គ្រាន់តែ​ចូល​ដើម​ឆ្នាំ​ ២០១៩ មក​នោះ អតីត​កញ្ញាឯក​ចក្កវាឡ​តំណាង​កម្ពុជា ដែល​ស្រូប​បាន​ប្រជាប្រិយ​ភាពខ្លាំង​ពី​មហាជន​ខ្មែរ​នៅក្នុង​ការប្រកួត​បវរកញ្ញា​ចក្ក​វា​ឡ​ពិភពលោក​ឆ្នាំ ២០១៨ កញ្ញា រឿន ណាត ក៏​ផុសផុល​នឹង​ទីផ្សារ​ថតកុន ថតស្ប៉ត និង​ថត MV បទ​ចម្រៀង​ជា​ហូរហែ​តែម្តង ដែល​ជា​ការបោះ​ជំហាន​ទៅ​ភាពជោគជ័យ​លើ​វិថី​សិល្បៈ ក្រៅពី​អាជីព​ដើរ​ម៉ូដ និង​ក្រោយ​អស់​ភារកិច្ច​ជា​កញ្ញាឯក​ចក្កវាឡ​តំណាង​ឲ្យ​កម្ពុជា​។

ចំពោះ​សម្ព័ន្ធ​ស្នេហ៍​រវាង​ខ្លួន និង​គូស្នេហ៍​ដែល​មាន​អាជីព​តារា​បង្ហាញ​ម៉ូដ​ដូចគ្នា​គឺ​លោក ឃាង ឆែជា នោះ​ក៏ត្រូវ កញ្ញា រឿន ណាត បាន​បង្ហើប​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​តាម​ឆាត Voice- Messenger ឲ្យ​ដឹង​ថា​៖ «​សម្រាប់​ពួកយើង​បើ​និយាយ​ពី​ស្គាល់​គ្នា​វិញ​គឺ​ស្គាល់​យូរយារ​ណាស់​មក​ហើយ​ក្នុង​អាជីព​ដើរ​ម៉ូដ​ដូចគ្នា​។ តែ​ទំនាក់ទំនង​ជា​គូស្នេហ៍​ដែល​ពួកយើង​បាន​សម្រេចចិត្ត​ថា​ស្រឡាញ់​គ្នា​នោះ​គឺ​ទើបតែ​ថ្មីៗ​ដែរ​ទេ​។ ខណៈ​ពេលនេះ​ពួកយើង​ក៏​មាន​ឱកាស​ដើរតួ​សម្តែង​នៅ​កុន​មួយ​ជាមួយ​គ្នា​ដែល​សុំ​លាក់​ចំណងជើង​សិន​គឺជា​កុន​របស់​ផលិតកម្ម​ក្នុងស្រុក​មួយ​។ ហើយ​តាមរយៈ​រូបភាព​បណ្តើរ​គ្នា​នៅ​សៀមរាប​នោះ​គឺជា​ពេលវេលា​ដែល​ពួកយើង​កំពុងតែ​ចាប់ផ្តើម​ថតកុន​នោះ​ជាមួយ​គ្នា​ផង​ដែរ​»​។

បើ​តាម​ស្តាប់​ពី​ការរៀបរាប់​ពី​ចំណង​ស្នេហ៍​ដោយ​បើកចំហ និង​ហ៊ាន​បង្ហាញ​រូបថត​មុខមាត់ និង​ឈ្មោះ​ពិត​របស់​គូស្នេហ៍​បែប​នេះ​គឺថា​កញ្ញា រឿន ណាត ពិតជា​ក្លាហាន ហើយ​ក៏​មិន​បាន​បង្ហាញ​ពី​ក្តីបារម្ភ​នូវ​ផលប៉ះពាល់​ដល់​ទីផ្សារ​សិល្បៈ​ខ្លួន​នោះ​ឡើយ ក្រោយពី​ទម្លាយ​ការពិត​នៃ​សម្ព័ន្ធភាព​ស្នេហា និង​មិនទាន់​បាន​ប្រាប់​ពី​គម្រោង​រៀបការ​នៅ​ឡើយ​ដែរ​ទេ​។

កញ្ញា រឿន ណាត នាពេល​បច្ចុប្បន្ន​មាន​វ័យ ២៤ ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម​កាន់តែ​មាន​សម្រស់​ស្អាត​រូបនេះ​បញ្ជាក់​ថា​៖ «​នៅពេល​នេះ​យើង​សុំ​ប្រើពេល​ដើម្បី​មើលចិត្ត​ថ្លើម​គ្នា​បន្ថែម​មួយរយៈ​សិន ហើយ​ក៏​មិន​ទាន់​មាន​គម្រោង​គិត​ទៅ​ដល់​រឿង​រៀបការ​ភ្លាមៗ​នោះទេ​។ ម្យ៉ាង​ទៀត​ក៏​ចង់​ប្រើពេល​សម្រាប់​ផ្តោតលើ​ការងារ​សិល្បៈ​ឲ្យ​បាន​ច្រើន​សិន​ផង​ដែរ​»៕