ភ្នំពេញៈ ក្រុមនិស្សិត​ប្រុស​ស្រី​មាន​ចម្រុះ​វ័យ ដែល​មកពី​ខេត្ត​ក្រុង​នានា និង​មាន​ជនជាតិ​បារាំង​ផង​ដែរ​សរុប​ចំនួន ២១ ​រូប​បាន​បញ្ចប់​ការសិក្សា​ជំនាញ​ចុងភៅ​របស់​ខ្លួន​កាលពី​ថ្ងៃទី ៣១ ខែ​ឧសភា ឆ្នាំ​ ២០១៩ ចុងសប្តាហ៍​កន្លង​មក នៅ​វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា​ក្រោយពី​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១៧ មក​នោះ​។

អ្នកស្រី ឆាយ សុភី ជា​អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា ឬ Academy of Culinary Arts Cambodia (ACAC) បាន​ឲ្យ​ដឹងថា​៖ «​នេះ​គឺជា​និស្សិត​ជំនាន់​ទី ១ ដែល​មាន​ចំនួន ២១ រូប មកពី​ខេត្ត​ក្រុង​នានា និង​មាន​ជនជាតិ​បារាំង​ខ្លះ​ផង​ដែរ​ដោយ​មាន​និស្សិត​ស្រី ៩ ​រូប និង​ប្រុស​ចំនួន ១២ រូប​បាន​បញ្ចប់​ការសិក្សា​ជំនាញ​ចុងភៅ​របស់​ពួកគេ និង​ទទួល​សញ្ញាបត្រ​ផង​ដែរ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី ៣១ ខែ​ឧសភា ឆ្នាំ​ ២០១៩ ខណៈ​វិទ្យាស្ថាន​យើង​បាន​បង្កើត និង​ចាប់ផ្តើម​ទទួល​សិស្ស និស្សិត​ដំបូង​កាលពី​ឆ្នាំ​ ២០១៧ ដែល​កម្មវិធីសិក្សា​គឺ​មាន​រយៈពេល ២ ​ឆ្នាំ​ទៅ​លើ​ជំនាញ​ចុងភៅ​សុទ្ធសាធ​តែ​ម្តង​»​។

ការសិក្សា​ជំនាញ​ចុងភៅ​រយៈពេល ២ ឆ្នាំ​នេះ​គឺ​ទទួលស្គាល់​លក្ខណៈ​អន្តរជាតិ ដោយសារ​និស្សិត​ដែល​បាន​រៀន​ចប់​គឺ​សង្ឃឹម​មាន​ទីផ្សារ​ការងារ​ផ្នែក​ចុងភៅ ទាំង​នៅក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​បាន ខណៈ​ការសិក្សា​មាន​ទាំង​បង់​ថ្លៃ​សិក្សា និង​ទទួល​បាន​អាហារូបករណ៍​ផងដែរ សម្រាប់​និស្សិត​ក្រីក្រ ប្រសិន​បើ​មាន​ចំណាប់​អារម្មណ៍​ចង់​ចាប់​យក​ជំនាញ​ជា​ចុងភៅ​នេះ​។

និស្សិត​ស្រី និង​ឪពុកម្តាយ​នា​ថ្ងៃ​ទទួល​សញ្ញាបត្រ​ចុងភៅ​ពី ACAC​។ ហេង ជីវ័ន

អ្នកស្រី ឆាយ សុភី បង្ហើប​ឲ្យ​ដឹង​ថា​៖ «​ជាក់ស្តែង​ដូចជា​ចំណោម​និស្សិត​ជំនាន់​ទី​ ១ ចំនួន ២១ ​រូប​នេះ​ដែល​ទើប​បាន​បញ្ចប់​ការសិក្សា និង​ទទួល​សញ្ញាបត្រ​នេះ​មាន ១០ ​ភាគរយ​គឺជា​និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍​ពី​វិទ្យាស្ថាន​យើង​។ ខណៈ​ពួកគាត់​ត្រូវ​ឆ្លងកាត់​នូវ​អ្វី​ជា​តម្រូវការ​តាម​លក្ខខណ្ឌ​ពី​វិទ្យាស្ថាន​គឺ​ត្រូវតែ​ជា​និស្សិត​ក្រីក្រ ពិតប្រាកដ​ដោយ​មាន​លិខិតបញ្ជាក់​ភាពត្រឹមត្រូវ​ចេញ​ពី​អាជ្ញាធរ​ភូមិ​ឃុំ​របស់​ខ្លួន​ផ្ទាល់ និង​ពាក្យសុំ​អាហារូបករណ៍​ពី​វិទ្យាស្ថាន​។ ម្យ៉ាង​វិញ​ទៀត​ការសិក្សា​នេះ​ទទួល​និស្សិត​គ្រប់​ភេទ និង​គ្រប់​វ័យ​ចន្លោះ​ពី ១៨ ឆ្នាំ ដល់ ៤០ ឆ្នាំ​ហើយ​ចំពោះ​និស្សិត​ក្មេងៗ​ត្រូវ​មាន​ការកំណត់​ចាប់ពី​ការបញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី ១២ ឡើង ឬ​ជា​និស្សិត​ជាប់​បាក់ឌុប ឬ​ធ្លាក់​បាក់ឌុប​។

ចំណែកឯ​ការបង់ថ្លៃ​វិញ​គឺ​ប្រសិន​បើ​ជា​និស្សិត​ខ្មែរ​ត្រូវ​បង់ថ្លៃ​សិក្សា​​ចំនួន ​២ ​ឆ្នាំ​តម្លៃ​ ៤២៤៥ ដុល្លារ ខណៈ​ជា​និស្សិត​បរទេស​វិញចំនួន ​២ ​ឆ្នាំ​ត្រូវ​បង់ថ្លៃ ៦​៩៤៥ ដុល្លារ​»​។

ការសិក្សា​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ និង​ចូលរៀន​ចាប់ពី​ម៉ោង ៩ ព្រឹក រហូត​ដល់​មោង ៥ ល្ងាច ខណៈ​ក្រុម​និស្សិត​ដែល​បាន​រៀន​ចប់​ហើយ​គឺ​អាច​មាន​ឱកាស​ធ្វើ​ការងារ​ផ្នែក​ចុងភៅ​ភ្លាមៗ​មិន​ព្រួយបារម្ភ​រឿង​ខ្វះ​ទីផ្សារ​ការងារ​នោះ​ឡើយ​គឺ​ពួកគាត់​អាច​ធ្វើការ​ទាំង​នៅក្នុង​ប្រទេស និង​តាម​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​បាន​ដោយសារ​សញ្ញាបត្រ​ផ្នែក​ចុងភៅ​ចេញ​ពី​វិទ្យាស្ថាន​យើង​នេះ​ទទួល​ស្គាល់​ស្តង់ដា​អន្តរជាតិ​។

រាល់​ព័ត៌មាន​លម្អិត ឬ​ចង់​សិក្សា​ជំនាញ​ចុងភៅ​ដែល​មាន​កម្រិត​សញ្ញាបត្រ​ទទួល​ស្គាល់​លក្ខណៈ​អន្តរជាតិ​ដំបូង​គេ​ផ្នែក​ចុងភៅ ឬ​រៀន​នៅ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា ឬ Academy of Culinary Arts Cambodia (ACAC) នេះ​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ ០១១ ២៣៤ ០៨៨ ឬ​តាម​ហ្វេសប៊ុក https://www.facebook.com/acacambodia/៕