ភ្នំពេញ៖ បញ្ចប់បរិញ្ញាបត្រសិក្សាពីផ្នែកពាណិជ្ជកម្ម និងការរចនានៅទីក្រុងឡុងដ៍ពីឆ្នាំ ២០១៧ កញ្ញា ទីតា ប៊ុត បានត្រឡប់មកបើកហាងវីដេអូហ្គេមមួយនៅខេត្តកំពត មុននឹងប្រែខ្សែជីវិតដ៏គួរឱ្យភ្ញាក់ផ្អើល ដោយចាប់កាន់កាមេរ៉ាវិវឌ្ឍជាសិល្បការិនីថតរូប។
អ្នកថតរូប ទីតា ប៊ុត ដែលត្រូវបានគេស្គាល់ថា «ទីតា-អាត» បានប្រាប់ថា តាមពិតការថតរូបជាក្ដីសុបិនរបស់កញ្ញាតាំងពីវ័យ ១៥ ឆ្នាំ នៅពេលខ្លួនមានកាមេរ៉ាដំបូង។
ដោយស្ថិតក្នុងវ័យក្មេងខ្ចី កាលនោះកញ្ញាមិនបានដឹងអ្វីច្រើនពីការថតរូបទេ ដូច្នេះទើបកញ្ញាជ្រើសរើសការសិក្សាជំនាញផ្សេងនៅអង់គ្លេស។
អ្នកថតរូបដែលមានបទពិសោធដាក់តាំងស្នាដៃនៅវិចិត្រសាលល្បីៗរូបនេះ បានលើកឡើងថា៖ «ហាងដែលខ្ញុំបើកនៅខេត្តកំពត វាជាកន្លែងរីករាយ និងស្រស់ស្អាត។ ខ្ញុំក៏ចូលចិត្តក្នុងការបម្រើអតិថិជនរបស់ខ្ញុំ ប៉ុន្តែខ្ញុំដឹងខ្លួនថា វានៅតែមិនមែនជាអ្វីដែលខ្ញុំសប្បាយចិត្តជាមួយ។ បើទោះជាទៅរៀនមុខជំនាញពាណិជ្ជកម្ម និងការរចនានោះ ចិត្តខ្ញុំក៏នៅតែជាមួយការថតរូប»។
អំឡុងពេលកញ្ញានៅមើលការខុសត្រូវអាជីវកម្មឯទឹកដីកំពត ក៏មានមិត្តភក្តិខ្លះហៅឱ្យជួយថតរូបដោយមិនមានការគិតប្រាក់ទាំងអស់។
រហូតដល់ថ្ងៃមួយកញ្ញាមានឱកាសធ្វើជាជាងថតរូបឱ្យស្វាមីភរិយាជនជាតិអង់គ្លេស ១ គូ ហើយនោះជាប្រាក់ដំបូង ដែលកញ្ញាទទួលបានពីកិច្ចការថតរូប។
ទីតា បានរំឭកប្រាប់ថា៖ «ខ្ញុំរីករាយមែនទែនហើយក៏ចាប់ផ្ដើមយល់ថា តាមពិតទៅខ្ញុំអាចរកលុយបានតាមរយៈអ្វី ដែលខ្ញុំស្រឡាញ់ ព្រោះកន្លងមកខ្ញុំបានតែគិតថា វាអាចគ្រាន់តែជាចំណង់ចំណូលចិត្តពេលទំនេររបស់ខ្ញុំ»។
កញ្ញាក៏បានសម្រេចចិត្តត្រឡប់មករាជធានីភ្នំពេញវិញកាលពីឆ្នាំ ២០១៩ ទាំងពុំទាន់មានភាពជឿជាក់ អត់អតិថិជនទាក់ទង ស្ទើរបទពិសោធការងារ ហើយបណ្ដុំស្នាដៃរូបថតក៏មិនទាន់មាន។
រហូតដល់ដើមឆ្នាំ ២០២០ អ្នកថតរូបវ័យ ២៤ ឆ្នាំរូបនេះចាប់ផ្ដើមមានអតិថិជនហៅឱ្យធ្វើការងារគម្រោងធំ។ ពេលនោះហើយ ដែល ទីតា ចាប់ផ្ដើមជឿជាក់ថា ខ្លួនមានអាជីពជាជាងថតរូបពិតប្រាកដ។
ពេលនេះកញ្ញាមានស្ទូឌីយោតូចមួយនៅអាផាតមិនសម្រាប់ការងារតូចៗ តែកញ្ញាក៏នៅតែទទួលថតរូបក្រៅម៉ោង។
ឈានដល់ចំណុចនេះ ទីតា បានឱ្យដឹងថា ព្រោះតែទទួលបានគំរូពីអ្នកម្ដាយដែលតស៊ូធ្វើការតាំងពីនៅវិទ្យាល័យដើម្បីផ្គត់ផ្គង់គ្រួសារ។
កញ្ញាបាននិយាយថា៖ «ម៉ាក់ខ្ញុំជាស្ត្រីដែលរឹងមាំ។ គាត់តែងតែទូន្មានឱ្យខ្ញុំតស៊ូហើយគាត់បានបំពេញតួនាទីជាម្ដាយម្នាក់តាមដែលអាចធ្វើបានដល់កូនស្រី។ ខ្ញុំរំភើបចិត្តដែលពេលនេះ ខ្ញុំអាចធ្វើឱ្យម៉ាក់មានមោទនភាពចំពោះខ្ញុំ»។
ជាអ្នកថតរូបនេះកញ្ញាប្រាប់ថា អ្វីដែលពិបាកនោះ គឺនៅពេលដែលទទួលការងារមួយ ត្រូវចំណាយពេលច្រើនក្នុងការសិក្សាស្រាវជ្រាវ និងកត្តាអាកាសធាតុ ព្រោះរូបរបស់កញ្ញាថតឡើងដោយប្រើពន្លឺធម្មជាតិច្រើន តែកញ្ញាចង់ធ្វើឱ្យល្អបំផុតសម្រាប់អតិថិជន។

ផ្ទុយមកវិញរង្វាន់នៃការប្រឹងប្រែងនេះត្រូវបាន ទីតា រៀបរាប់ថា៖ «វាបានបង្ហាញការច្នៃប្រឌិត និងសមត្ថភាពក្នុងការបកប្រែគំនិតអរូបីរបស់ខ្ញុំទៅជាអ្វីដែលមានលក្ខណៈជាក់ស្តែង»។
កញ្ញាបានបន្តទៀតថា៖ «ខ្ញុំសប្បាយចិត្តពេលដែលឃើញថា រូបភាពដែលខ្ញុំថតអាចនាំភាពរីករាយទៅកាន់អ្នកដែលខ្ញុំថតរូបជូន»។
កញ្ញា ទីតា បានធ្វើការតាំងពិព័រណ៍ចំនួន ៤ ដងរួមទាំងនៅវិចិត្រសាលនៃសណ្ឋាគារលំដាប់ខ្ពស់រ៉ូសវូដភ្នំពេញ កាលពីឆ្នាំមុនផងដែរ។
ក្នុងចំណោមស្នាដៃកន្លងមក ផ្ទាំងរូបភាព ២ ដែលកញ្ញាពេញចិត្តបំផុតនោះ គឺរូបភាពលោកយាយស និងរូបញ្ញាណសរីរាង្គ។
លោកយាយស គឺជារូបដែលកញ្ញា ទីតា បានតាំងនៅការពិព័រណ៍ Eternal នៃវិចិត្រសាលស្រាអាត។
ទីតា បានជួបលោកយាយស ដែលមានជំងឺភឿក និងមានជីវភាពក្រីក្រលំបាកនៅក្នុងផ្សារកំពង់ត្រាច ពេលគាត់កំពុងសុំទាន។
ទីតា បានសូមលោកយាយថត ដោយឱ្យលោកយាយកាន់ស៊ុត ៥ គ្រាប់ តំណាងពីជីវិត ៥ ដំណាក់កាលរបស់មនុស្ស។ រីឯរូបផ្សិតនៅលើឆ្នួតក្បាលក្រណាត់ប៉ាក់ពណ៌ស ជាតំណាងការគោរពដល់ព្រះពុទ្ធសាសនា។
ជាអ្នកដទៃសុទ្ធសាធតែអ្នកថតរូបវ័យក្មេងរូបនេះមានចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ពេលបានសំណេះសំណាលជាមួយលោកយាយស កញ្ញាហាក់មាននិស្ស័យនឹងលោកយាយ បីដូចជាមនុស្សស្គាល់គ្នាតាំងពីយូរមកហើយ។
នេះក៏ជាចំណុចមួយដែលកញ្ញា ទីតា សប្បាយចិត្តក្នុងកិច្ចការជាអ្នកថតរូបដោយកញ្ញាអាចទទួលដឹង និងស្វែងយល់ពីរឿងរ៉ាវជីវិតរបស់អ្នកដទៃផងដែរ៕