ក្រុងញូវដែលី៖ សាន់នីត សាម៉ា បានរៀបចំពិធីបុណ្យជាច្រើននាក់ក្នុងមួយថ្ងៃដោយសារតែវិបត្ដិកូវីដសកលនៅប្រទេសឥណ្ឌា ដោយគ្មានការតក់ស្លុតអ្វីឡើយ តែលោកហាក់ដូចជាភាន់ភាំងស្មារតីពេលបានឃើញឪពុកម្នាក់បីសពកូនស្រីតូចមកកាន់ទីប៉ាឆា។
អ្នកស្ម័គ្រចិត្ដអាយុ ៤៨ ឆ្នាំ មកពីទីក្រុងញូវដែលីក្នុងនាមជាសមាគម Sikh ជាក្រុមមួយក្នុងចំណោមក្រុមជាច្រើនកំពុងតែធ្វើកិច្ចមនុស្សធម៌ និងប្រពៃណីសាសនាក្នុងការជួយគ្រួសារសពជូនដំណើរអ្នកស្លាប់ជាលើកចុងក្រោយ។
សពមកដល់ទីប៉ាឆា និងកន្លែងបញ្ចុះ ហាក់គ្មានការស្រាកស្រាន្ដនាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ហើយក្រុមការងារខិតខំបំពេញភារកិច្ចជាច្រើនម៉ោងក្រោមកម្ដៅថ្ងៃក្នុងឯកសណ្ឋាគារការពារដើម្បីកាត់បន្ថយហានិភ័យឆ្លងវីរុស។
មិនខុសពីលោក សាម៉ា ក្រុមអ្នកស័្មគ្រចិត្ដដទៃ មានសណ្ដានចិត្ដចែករំលែកភាពសោកសៅ និងជួយសែងសពទៅរៀបចំពិធីចុងក្រោយ។
លោក សាម៉ា បានប្រាប់ AFP ថា៖ «យើងធ្វើក្នុងនាមមនុស្សធម៌ និងសណ្ដានចិត្ដ។ ប៉ុណ្ណឹងឯង។ ជួនកាល វាពិតជាឈឺចាប់មែនទែន»។
នៅក្រោយខ្នងលោក ផ្សែងហុយខ្មួលខ្មាញចេញពីរងើកអុសបូជាសព ហើយសមាជិកគ្រួសារឈរយ៉ាងស្ងៀមស្ងាត់ក្នុងឈុតការពារ។
លោក សាម៉ា បានបន្ដថា៖ «យើងធ្លាប់បូជាសពប្រមាណ ៥០ នាក់ក្នុងមួយថ្ងៃ តែយើងមិនដែលស្រក់ទឹកភ្នែកនោះទេ។ ថ្ងៃនេះ ខ្ញុំបានឃើញក្មេងស្រីតូចម្នាក់ ហើយថ្ងៃនេះ យើងក៏ចាប់ផ្ដើមហូរទឹកភ្នែក។ មែនហើយ ខ្ញុំខ្លាចណាស់»។
លោកដេកក្នុងរថយន្ដនាពេលរាត្រី និងមិនបានជួបមុខក្រុមគ្រួសារ ២ ខែមកហើយ ដោយបារម្ភថា លោកអាចឆ្លងវីរុសទៅដល់ពួកគេ។
លោក ស៊ីយេដ អ៊ីប្រាហ៊ីម ជាអ្នកស្ម័គ្រចិត្ដម្នាក់ទៀត មកពីសហគមមូស្លីម នៅភាគអាគ្នេយ៍ទីក្រុងឈេនណៃ ក៏បានដឹងពីកត្ដាហានិភ័យនេះដែរ។
លោកបាននិយាយថា៖ «ប្រាកដណាស់ ខ្ញុំខ្លាច។ នេះជាជំងឺដ៏កាចសាហាវ។ ចំពោះសាសនារបស់យើង ព្រះជាម្ចាស់បានរៀបចំដំណើរជីវិតឱ្យយើងរួចហើយ។ ដូច្នេះ យើងត្រូវបំពេញការងារបញ្ចុះសព និងជួយអ្នកដទៃប្រកបដោយភាពក្លាហាន»។
ថ្លៃសេវាកម្មរថយន្ដសង្គ្រោះបន្ទាន់ មានតម្លៃខ្ពស់ ដែលនាំឱ្យក្រុមសាសនាគ្រឹស្ដ ព្រហ្មញ្ញ និងមូស្លិម «Mercy Angels» ក្នុងក្រុងបាងហ្គាល័រ មកជួយដល់គ្រួសារក្រីក្រក្នុងការដឹកជញ្ជូនសពទៅកាន់បច្ឆា និងទីបញ្ចុះសព។
ការរៀបចំទីបញ្ចុះសព និងរៀបចំកម្មវិធីសាសនាចុងក្រោយអាស្រ័យទៅតាមសាសនារបស់សាមីអ្នកស្លាប់។
អ្នកបើកបរ មូហាមេដ សាឌីក បានប្រាប់ AFP ថា៖ «យើងបម្រើជូនទាំងអស់គ្នា មិនថា ជាព្រហ្មញ្ញ មូស្លីម ឬគ្រិស្ដនោះទេ»។
ការភ័យខ្លាចចំពោះវីរុសក្នុងប្រទេសជាមួយអត្រាឆ្លងខ្ពស់បំផុតលំដាប់ទី ២ ក្នុងលោក ដែលមានកំណត់ត្រាអ្នកស្លាប់ជាង ២៦២០០០នាក់នាពេលបច្ចុប្បន្ន ថ្វីដ្បិតតែក្រុមអ្នកជំនាញនិយាយថា តួលេខពិតប្រាកដមានច្រើនជាងនេះ ត្រូវបានមើលឃើញក្រុមគ្រួសារខ្លះមិនបានខ្វល់ខ្វាយចំពោះបុណ្យសពអ្វីទេ។
លោក មាឌី រ៉ាហ្សា អាយុ ៣០ ឆ្នាំ ដែលបើកហាងកាហ្វេមួយនៅភាគខាងជើងក្រុងឡាក់ណាវ និងបានកំពុងប្រារឰពិធីបុណ្យរ៉ាម៉ាដន លោកបានបញ្ចុះសពជនរងគ្រោះដោយសារកូវីដ រាប់រយនាក់តាំងពីចាប់ផ្ដើមផ្ទុះការរីករាលដាលឆ្នាំមុន។
ប៉ុន្ដែប៉ុន្មានខែចុងក្រោយនេះ លោកក៏បានទទួលការហៅជួយពីសហគមក្រៅមូស្លីមផងដែរ។
លោកបានប្រាប់ AFP ថា៖ «សពមួយត្រូវបានទុកចោល ៨ ម៉ោងនៅក្នុងផ្ទះនៃគ្រួសារមួយ ខណៈអ្នកផ្ទះ និងអ្នកជិតខាងមិនព្រមបូជា។ ទីបំផុត មានម្នាក់ហៅក្រុមយើង ហើយយើងទៅយកសព និងបញ្ជូនទៅកាន់កន្លែងបញ្ចុះសព»។
ត្រឡប់ទៅកាន់ក្រុងញូវដែលី លោក សាម៉ា រំពឹងថា វិបត្ដិនេះនឹងរសាយបន្ដិចម្ដងៗទីក្រុង។
នៅថ្ងៃក្រុមការងារ AFP ចុះទៅដល់ទីបញ្ចុះសព ចំនួនបុណ្យសពបានធ្លាក់ពីចំនួនច្រើនបំផុតរហូតដល់ ១២០ សព ក្នុងមួយថ្ងៃកាលពីចុងខែមេសា មកត្រឹមចន្លោះពី ៥០ ទៅ ៨០នាក់។
លោកបាននិយាយថា៖ «យើងបានទទួលការរៀបចំសពត្រឹម ២៥ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូច្នេះ យើងមានការស្រាន្ដចិត្ដបន្ដិច»៕ AFP/HR