ក្រុងសៀមរាប៖ វិចិត្រករមានប្រវត្តិកម្សត់លោក រៀម មុនីស៊ីឡុង ដែលមហាជនបានស្គាល់ច្បាស់ និងតែងត្រូវបានគេនិយមហៅឈ្មោះរហស្សនាមខាងក្រៅរបស់លោកថា «វិចិត្រករសំរាម» នោះ បាននាំយកស្នាដៃសិល្បៈចំនួន ៩ ផ្ទាំង ដោយច្នៃប្រឌិតជា ៣ ប្រភេទនៃស្នាដៃ ដាក់តាំងនៅវិចិត្រសាល «ផ្ទះសិល្បៈ» នៅក្រុងសៀមរាប ខេត្តសៀមរាប។
លោក រៀម មុនីស៊ីឡុង ដែលបានរៀនចំណេះដឹងត្រឹមតែថ្នាក់ទី ៤ នៅសាលាបឋមសិក្សារហូតដល់មានវ័យ ១៤ ឆ្នាំ ទើបចូលរៀនព្រោះ តែជីវភាពគ្រួសារក្រីក្រលំបាកពេកនោះ បានឲ្យដឹងថា៖ «ការតាំងពិព័រណ៍នេះ ជាការសហការគ្នា រវាងក្រុមវិចិត្រករខ្មែរ និងបរទេស មានជំនាញសិល្បៈផ្សេងៗគ្នាមានចំនួន ៥ រូប រួមទាំងខ្ញុំ។ ដោយយើងចាប់ផ្តើមដាក់តាំងរយៈពេល ១ ខែ គឺពីថ្ងៃទី ២០ ខែមករា បន្តដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខ។ សម្រាប់ខ្ញុំមានស្នាដៃចំនួន ៩ ផ្ទាំង ដើម្បីចូលរួមនៅក្នុងពិព័រណ៍នេះ មាន ៣ ប្រភេទស្នាដៃគឺទី១ ជាប្រភេទស្នាដៃគំនូរទឹកថ្នាំ ទី២ ជាប្រភេទគំនូរបិទរូប និងទី ៣ ប្រភេទស្នាដៃសិល្បៈដំឡើងដោយវល្លិរពាក់»។
ក្រោយពីបានខិតខំប្រឹងប្រែងខ្លាំង ជាមួយការងារច្នៃសំរាមរួមមានដូចជាស្រកាត្រី និងថង់ប្លាស្ទិក ឲ្យទៅជាវត្ថុសិល្បៈនានាប្រើពេលជាង ១០ ឆ្នាំមកនោះ និងមានសមិទ្ធផលកែច្នៃវត្ថុសិល្បៈជាច្រើនពីសំរាម នាអំឡុងឆ្នាំ ២០១៨។
ការងារច្នៃវត្ថុសិល្បៈនោះ ក៏បានជួយសម្រួលឲ្យលោក រៀម មុនីស៊ីឡុង អាចលក់ដូរស្នាដៃនានារកប្រាក់ចំណូលបានគួរសមប៉ុណ្ណោះ ដើម្បីចិញ្ចឹមជីវិតគ្រួសារ តែមិនទាន់មានភាពធូរធានៅឡើយនោះទេ។
បើទោះបីកើតនៅក្នុងគ្រួសារមានជីវភាពលំបាកខ្លាំង មិនអាចឲ្យខ្លួនបានរៀនសូត្រចេះដឹងជ្រៅជ្រះ និងជំនាញវិចិត្រកម្មមែនក្តី តែទេពកោសល្យដ៏ប៉ិនប្រសប់ពីកំណើតរបស់លោក ដែលអាចប្រើគំនិតច្នៃប្រឌិតខ្ពស់ គឺការជ្រើសយកសំរាមមកច្នៃជាវត្ថុសិល្បៈមានតម្លៃ និងអាចយកទៅប្រើប្រាស់ធ្វើជាគ្រឿងសិល្បៈលម្អ ឬជារូបសត្វ នានាគួរឲ្យសរសើរពីក្រុមអតិថិជនទាំងខ្មែរ និងបរទេសតែម្តង។
វិចិត្រករដែលបានបង្កើតស្នាដៃលេចធ្លោពីសំរាមជាច្រើន រួមមានដូចជាត្រីយក្សធ្វើពីស្រកាត្រី ចាប៉ីដងវែងយក្សធ្វើពីសម្បកដបទឹកសុទ្ធ និងរូបស្តេចសមុទ្រ និងនាងទេពមច្ឆា ជាដើមនោះ ក៏បានបង្ហើបឲ្យដឹងពីការប្រើពេលវេលាកែច្នៃស្នាដៃសិល្បៈបាន ៩ ផ្ទាំង និងតម្លៃលក់របស់វាផងដែរ សម្រាប់ការដាក់តាំងរយៈពេល ១ ខែ នៅឯវិចិត្រសាល «ផ្ទះសិល្បៈ» នោះ។ លោក រៀម មុនីស៊ីឡុង បានបញ្ជាក់ឲ្យដឹងថា៖ «ចំណោមស្នាដៃទាំង ៩ នោះ ខ្ញុំក៏បានដាក់តម្លៃលក់រួចហើយដែរ ដោយតម្លៃទាបបំផុត គឺមានពី ២១៩ ដុល្លារ រហូតទៅដល់តម្លៃខ្ពស់បំផុត ៣ ៥០០ ដុល្លារ ដោយមាន ២ ស្នាដៃ ដោយគំនូរបិទ ១ ផ្ទាំង គឺជារូបវេជ្ជបណ្ឌិត Beat Richner។ ហើយស្នាដៃទាំងនេះ ខ្ញុំក៏បានប្រើអស់រយៈពេល ១ ខែផងដែរ ទើបអាចសម្រេចចេញជាស្នាដៃបាន»។
គួរបញ្ជាក់ដែរថា ការច្នៃសំរាមជាវត្ថុសិល្បៈនានានេះ មានតាំងពីអំឡុងឆ្នាំ ២០១៦-២០១៧ មក តែមិនទាន់បានជួយរកប្រាក់ចំណូលអាចចិញ្ចឹមជីវិតគ្រួសារបានទេ គឺទើបតែនៅឆ្នាំ ២០១៨ ទើបអាចចូលរួមចំណែកនៅក្នុងជីវភាពគ្រួសារបាន ដោយវត្ថុច្នៃតូចតម្លៃទាបបំផុត ចាប់ពី ៥ ដុល្លារ រហូតដល់តម្លៃថ្លៃបំផុតជាង ៣ ០០០ ដុល្លារផងដែរ៕