ក្រុងដុងគ័ន: នៅក្នុងរោងសៀកចិន Prosperous National Circus Troup អ្នកទស្សនាតែប្រមាណ ១០ នាក់ បានមើលសត្វខ្លាដំបងស៊ីបេរី ដែលជិតផុតពូជ កំពុងស្រែកតបនឹងបញ្ជាអ្នកបង្វឹកវាឲ្យឈរជើង ២ ហក់ចូលរង្វង់កង។
រីឯសត្វតោ និងខ្លាឃ្មុំក្មេង ដែលមានរបួសនៅត្រង់ច្រមុះ បានធ្វើត្រាប់តាមមនុស្ស ដើម្បីកំដរអារម្មណ៍ទស្សនិកជន ៤-១០ នាក់នៅខេត្តគ័រដុង គ្រាន់បានថ្លៃសោហ៊ុយឲ្យក្រុមសៀកនេះ ដោះស្រាយជីវភាពមួយគ្រា ដើម្បីបន្តដំណើរទៅមុខទៀត។
ការប្រើសត្វព្រៃសម្ដែងក្នុងរោងសៀក កំពុងរងការរិះគន់ខ្លាំងឡើងៗជុំវិញពិភពលោក ប៉ុន្តែសម្រាប់ក្រុមអ្នកសម្ដែងនៅរោងសៀកចិន សត្វព្រៃត្រូវបានចាត់ទុកថា ជាភាពទាក់ទាញដ៏សំខាន់មួយ។
អ្នកគ្រប់គ្រងក្រុមអ្នកសម្ដែងសៀក លោក លី វៃសេង បាននិយាយថា៖ «ជនជាតិចិនជាច្រើនរស់នៅទីក្រុង មិនស្គាល់ព្រៃភ្នំទេ។ យើងជាអ្នកនាំយកធម្មជាតិមកបង្ហាញពួកគេ»។
ក្រុមសៀកមានប្រវត្តិសាស្ត្រយូរអង្វែងហើយនៅប្រទេសចិន ដោយកាលពី ២៥០០ ឆ្នាំមុន គេនិយមសម្ដែងសៀកជាមួយការបំផាយសត្វសេះ។ ការប្រើប្រាស់ខ្លា សត្វស្វា និងខ្លាឃ្មុំ ទើបតែមាននៅសម័យក្រោយៗនេះទេ។
ចំពោះសត្វសម្ដែងសៀក ដែលត្រូវដឹកពីមួយកន្លែងទៅមួយកន្លែងក្រុមអ្នកតស៊ូមតិបានអំពាវនាវឲ្យមានបទប្បញ្ញត្តិតឹងរ៊ឹងជាងមុន ខណៈចិនមានច្បាប់ស្តីពីសិទ្ធិសត្វមានលក្ខណៈធូររលុងបំផុតក្នុងពិភពលោក។
កំពុងឈរនៅជិតតង់ឆ្នូតពណ៌ក្រហម និងស នៅក្នុងទីក្រុងដុងគ័ន លោក លី ដែលជាអ្នកគ្រប់គ្រងក្រុមសៀកនៅតែទទូចថា៖ «សត្វគឺជាភាពទាក់ទាញធំមួយ បើទោះបីជា ចំនួនអ្នកមកទស្សនាបានធ្លាក់ចុះនាប៉ុន្មានឆ្នាំនេះក្ដី»។
តោអាហ្រ្វិក ២ និងខ្លាឃ្មុំខ្មៅអាយុ ២ ឆ្នាំ ក្រុមសត្វឆ្កែ និង ខ្លា ត្រូវដាក់ក្នុងទ្រុងដែកក្រោមតង់ធំមួយ។ សត្វខ្លាឃ្មុំបានតោងលើដំបូលដែកនៃទ្រុង ហើយបានយោលខ្លួនទៅមុខទៅក្រោយ។ សត្វខ្លា និងសត្វតោកំបុតកន្ទុយអាយុប្រមាណ ១ ឆ្នាំ បានដើរក្រវែលទៅមកនៅក្នុងទ្រុងជាមួយគ្នា។ ក្នុង ១ ថ្ងៃ ពួកវាត្រូវបានបញ្ចេញមកក្រៅដើម្បីសម្ដែងសៀក។
ក្រុមសៀកនៅតែយល់ថា ពួកគេនឹងរក្សាប្រពៃណីសៀកឲ្យរស់រានជាមួយជំនឿចិត្តថា ការសម្ដែងនេះគឺជាប្រយោជន៍ដល់សាធារណជន និងសត្វ។
លោក លី បាននិយាយថា៖ «យើងកំពុងជួយសាធារណជនឲ្យយល់ដឹងច្រើនអំពីធម្មជាតិ និងសត្វ»៕