The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រំពេ​ក្លាយជា​បក្សី​រំខាន​ត្រចៀក​អ្នកក្រុង​ប៉ារីស ដែល​ធ្លាប់តែ​ស្ដាប់​ចម្រៀង​ចាប

រំពេ​ក្លាយជា​បក្សី​រំខាន​ត្រចៀក​អ្នកក្រុង​ប៉ារីស ដែល​ធ្លាប់តែ​ស្ដាប់​ចម្រៀង​ចាប

Content image - Phnom Penh Post
សំណង់ និង​ចម្លាក់​នានា​មាន​សត្វ​រំពេ​ហើរ​ទំ​ព្រោងព្រាត​។ រូបថត AFP

រំពេ​ក្លាយជា​បក្សី​រំខាន​ត្រចៀក​អ្នកក្រុង​ប៉ារីស ដែល​ធ្លាប់តែ​ស្ដាប់​ចម្រៀង​ចាប

ក្រុងប៉ារីស: អ្នកក្រុង​ប៉ារីស លែង​បាន​ទៅលេង​ឆ្នេរសមុទ្រ​ក្នុង​វេលា​អបអរ​ប្រពៃណី​ខែ​សីហា ដើម្បី​ស្ដាប់​សំឡេង​ស្រែកច្រៀង​នៃ​បក្សី​រំពេ តែ​សំឡេង​ដ៏រំខាន​ត្រចៀក​របស់​បក្សី​ទាំងនេះ​ក៏បង្ក​ផលប៉ះបាល់​ដល់​ក្រុង​បារាំង​នេះ​ផងដែរ​។

ទោះបី​ជា​ការធ្វើ​ដំណើរ​រហូត​ដល់​ ២ ​ម៉ោង​ពី​សមុទ្រ ក្រុងប៉ារីស​នៅតែ​រក​នូវ​ការឈ្លានពាន​ពី​ហ្វូងបក្សី​រំពេ ដែល​បាន​នាំគ្នា​មក​ទំ​ចំទើត​ពេញ​ដំបូលផ្ទះ​ និង​សំណង់​ស្ថាបត្យកម្ម​នានា​។

Anne Castro ចិត្ដវិទូ​មកពី​ស្រុក​ភ្នំ Belleville ស្ថិតនៅ​ភាគ​ឦសាន​ទីក្រុង​ប៉ារីស ជា​តំបន់​សម្បុក​បក្សី​ដ៏ពេញនិយម​មួយ​បាន​និយាយថា​៖ «​នៅ​និទាឃ​រដូវ យើង​ធ្លាប់​ឮ​សំឡេង​សត្វ​ចាប់​តូចៗ វា​ជា​សំឡេង​ចម្រៀង​នាពេល​ព្រឹក​ព្រលឹម និង​គួរ​ឲ្យ​ចង់​ស្ដាប់​។ ប៉ុន្ដែ​ពេលនេះ​វា​ប្រែ​ជា​សំឡេង​រំពេ​លាន់ឮ​រំពង​ដ៏រំខាន​ត្រចៀក​ទៅ​​វិញ​»​។

Content image - Phnom Penh Post
ការពិបាក​រក​អាហារ​តាម​ឆ្នេរ បាន​ធ្វើឲ្យ​រំពេរ​ហោះ​មកកាន់​ក្រុង​ប៉ារីស​។ រូបថត AFP

លោក រ៉ូដូផេ ហ្គេលហ្វី ជា​សន្ដិសុខ​ម្នាក់​អាយុ​ខ្ទង់ ៥០ ​ឆ្នាំ​ដែល​រស់នៅ​ក្បែរ​ខាង​នោះ​ក៏​មាន​អារម្មណ៍​ធុញថប់​នឹង​សំឡេង​រំខាន​នោះ​ផងដែរ​។ លោក​និយាយ​ថា​៖ «​ពេល​ខ្ញុំ​រើ​មក​នៅ​ទីក្រុង​ប៉ារីស ២០ ​ឆ្នាំ​មុន ខ្ញុំ​ចូលចិត្ដ​ស្ដាប់​សំឡេង​ព្រាប​ស្រែក និង​ចាប​ច្រៀង​ចេកចាច​រាល់ថ្ងៃ​។ ប៉ុន្ដែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រំពេ​សមុទ្រ​នាំ​គ្នា​មក​ផ្ដុំគ្នា​លើ​ដំបូល​ផ្ទះ និង​ចាប់ផ្ដើម​ស្រែក​ទ្រហឹង​នាពេល​ព្រឹក​ព្រលឹម​»​។

លោក​បាន​ប្រាប់ AFP ដោយ​ចាត់ទុក​សំឡេង​រំពេ​សមុទ្រ​ជា​សំឡេង «​នរក​» ថា​៖ «​ខ្ញុំ​មិន​ចាំបាច់​ដាក់​ម៉ោង​រោទ៍​អី​ទៀត​ទេ​ឥឡូវនេះ​»​។

ក្នុង​ចំណោម​ទីកន្លែង​ដែល​រំពេ​សមុទ្រ​វាយលុក​ច្រើន​បំផុត​គឺ​បរិវេណ​អគារ​រង​អគ្គិភ័យ Notre-Dame Cathedral លើ​ដែន​កោះ​កណ្ដាល​ទន្លេ Seine ព្រមទាំង​អគារ​ជ្វីហ្វ Le Marais ជាដើម​។

លោក Jean-Philippe Siblet អ្នកជំនាញ​បក្សី​សត្វ​មកពី​សារមន្ទីរ​ប្រវត្ដិសាស្ដ្រ​ធម្មជាតិ​ក្នុង​ទីក្រុង​ប៉ារីស បាន​ភ្ជាប់​ការ​បំផ្លាស់ទី​របស់​បក្សី​រំពេ​មកកាន់​ទីក្រុង​នូវ​ភាពលំបាក​របស់​ពួកវា​ក្នុងការ​ស្វែងរក​ចំណី​តាម​ឆ្នេរ ជាទី​ដែល​ជីវចម្រុះ​រងនូវ​ប៉ះពាល់​ពី​សំណាក់​ភ្ញៀវទេសចរ និង​សំណង់​អគារ​ធំៗ​។

នៅលើ​ភ្នំ​សំរាម​ក្រៅ​ក្រុង​ប៉ារិស សព្វាសី​សត្វ​ទាំងនេះ​ត្រូវ​បាន​ប្រទះឃើញ​ច្រើន​បំផុត​។ Siblet ប្រាប់​ថា​៖ «​សត្រូវ​ដែល​ពួកវា​ត្រូវ​ប្រុងប្រយ័ត្ន​នោះ​គឺ​ពពួក​ឆ្មា និង​កញ្ជ្រោង​ដែល​កម្រ​បញ្ចេញ​ខ្លួន​នៅលើ​ភ្នំ​ខ្ពស់​បែបនេះ​»៕ HR

អត្ថបទគួរចាប់អារម្មណ៍