ភ្នំពេញៈ ក្រោយពី​បាន​ឱកាស​ទៅ​ច្រៀង និង​សម្តែង​លើ​ទឹកដី​អាមេរិក​កាល​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ​នោះ លុះ​វិល​ត្រឡប់​មក​ស្រុក​វិញ​ក៏​លេចឮ ដំណឹង​ខ្សឹបខ្សៀវ​ថា តារា​ចម្រៀង​ស្រី​ដែល​ផុស​ចេញ​ភាព​ល្បី​ខ្លាំង​នាពេល​បច្ចុប្បន្ន ជាមួយ​បទ «មាន់​ស្រែ» កញ្ញា រ៉ាប៊ី កំពុង​តែ​សម្បូរ​ក្រុម​កន្លង់​អាណិកជន​អាមេរិក ចោម​រោម​តាម​សុំ​ស្នេហ៍​ច្រើន តែ​នាង​មិន​ទាន់​ត្រូវ​ចិត្ត។

តារាចម្រៀង​ស្រី​ចំណូល​ថ្មី ផលិតកម្ម​ថោ​ន​ឈ្មោះ​ពិត​កញ្ញា ផាន វី​រ៉ា​ទី ហៅ​កញ្ញា រ៉ា​ប៊ី ត្រូវបាន​ប្រភព​នៃ​អ្នក​ស្និទ្ធស្នាល​នាង​ទម្លាយ​រឿង​ថា៖ «រ៉ាប៊ី ក្រោយ​វិល​ត្រឡប់​មក​ពី​អាមេរិក​វិញ​នោះ គឺ​សម្បូរ​ក្រុម​បុរស​អាណិកជន​ខ្មែរ-អាមេរិក ជាច្រើន បាន​ចាប់​ចិត្ត និង​តាម​សុំ​ស្នេហ៍ ដោយ​ពួកគេ​និយម​ចូលចិត្ត​ប្រើប្រាស់​បណ្តាញ​សង្គម​ឆាត​ឆ្លើយ​ឆ្លង​ដើម្បី​សុំ​ក្តី​ស្នេហ៍​ពី​នាង»។

តារាចម្រៀង​ស្រី ដែល​បាន​ផ្តើមចេញពី​អាជីព​ជា​ប្រធាន​ក្រុម​រាំ និង​ធ្លាប់ជា​ពិធី​ការិនី​ទូរទស្សន៍​ហង្សមាស កញ្ញា រ៉ាប៊ី បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ទាំង​អស់​សំណើច ខណៈ​នាង​ឆ្ងល់ ហេតុអ្វី​ក៏​លេច​ព័ត៌មាន​នេះ​ចេញ​ទៅ​ខាង​ក្រៅ​លឿន​ថា៖ «ជា​រឿង​ធម្មតា​ទេ សម្រាប់​ជីវិត​មនុស្ស ដែល​នៅ​មិន​ទាន់​មាន​គូគ្រង​គឺ​តែង​តែ​មាន​គេ​មក​តាម​ដូច្នេះ​ហើយ។ តែ​សម្រាប់​នាង​ខ្ញុំ នាពេល​នេះ​ដូចជា​មិន​ទាន់​ចង់​គិត​គូរ​ខ្លាំង​ទៅ​លើ​រឿង​មាន​គូគ្រង​អ្វី​នោះ​នៅ​ឡើយ គឺ​នាង​ខ្ញុំ​ចង់​ប្រើ​ពេល​វេលា​រក​ប្រាក់​ពី​ការងារ​សិល្បៈ​នេះ​មួយរយៈ​សិន​ព្រោះ​ក្រោយ​ពី​បាន​វិល​មក​ពី​សម្តែង​នៅ​អាមេរិក​នោះ ខ្ញុំ​ក៏​ទទួល​បាន​ការងារ​សិល្បៈ​ច្រើន​ណាស់ គឺ​សឹង​តែ​គ្មាន​ពេល​ទំនេរ​ទេ​ពី​មួយ​អាទិត្យ​ទៅ​មួយ​អាទិត្យ​នោះ»។

តារាចម្រៀង​ស្រី​រលក​ក្រោយ​នៃ​​ផលិតកម្ម​ថោន​គឺ​នាង​ជា​ម្ចាស់​បទ​ចម្រៀង «មាន់ស្រែ» បាន​ទាញ​បាន​ប្រជាប្រិយ​ភាព​ល្បី​ខ្លាំង ពី​យុវវ័យ​សម័យ​ថ្មី​រូបនេះ ក៏​បន្ត​ឲ្យ​ដឹង​ពី​មូលហេតុ​ពុំទាន់​បើក​ចិត្ត​ទទួល​យក​ស្នេហ៍​ពី​ក្រុម​កន្លង់​បរទេស​ជា​អាណិកជន​ខ្មែរ-អាមេរិក​ទាំង​ឡាយ ដែល​មក​តាម​សុំ​ស្នេហ៍​នាង​នោះ​ដែរ​ថា៖ «ម្យ៉ាង​ទៀត​អ្នក​តាម​សួរនាំ​ខ្ញុំ​នោះ ភាគ​ច្រើន​នៅ​មិន​ទាន់​ពេញ​ចិត្ត ឬ​ត្រូវចិត្ត​ចង់​បាន​របស់​នាង​ខ្ញុំ​នោះ​ឡើយ។ នាង​ខ្ញុំ​ក៏​សន្យា​ក្នុង​ចិត្ត​ខ្លួន​ដែរ​ថា បើ​មិន​ត្រូវចិត្ត​នាង​ខ្ញុំ​ប្រាថ្នា​ចង់​បាន​ទេ​គឺ​សុខចិត្ត​នៅ ទំនេរ​ល្អ​ជាង»។

តារាចម្រៀង​ស្រី ដែល​ធ្លាប់មាន​អាជីព​ជា​ប្រធាន​ក្រុម​រាំ និង​ធ្លាប់ជា​ពិធី​ការិនី​ទូរទស្សន៍​នៅ​ហង្សមាស កញ្ញា រ៉ាប៊ី ហើយ​ក៏​ចាប់​ឱកាស​ចេញ​ទៅ​សម្តែង​ក្រៅ​ប្រទេស​លើក​ដំបូង ចាប់​តាំង​ពី​ប្រឡូក​វិស័យ​សិល្បៈ​មក​នោះ​ព្រលយ​ប្រាប់​ពី​លក្ខខណ្ឌ​នៃ​សេចក្តី​ប្រាថ្នា​ចំពោះ​បុរស​ជា​គូ​គ្រង​ខ្លួន នាពេល​អនាគត​ដែរ​ថា៖ «សម្រាប់​នាង​ខ្ញុំ បុរស​ដែល​ខ្ញុំ​ចង់​បាន ឬ​ស្រឡាញ់​ជា​គូ​ជីវិត​នោះ​គឺជា​បុរស​ដែល​គោរព​ស្រឡាញ់ និង​ឲ្យ​តម្លៃ​នាង​ខ្ញុំ​ឲ្យ​បាន​ច្រើន​គឺ​មាន​សេរីភាព​ក្នុង​ការ​ចាយ​វាយ និង​ការ​រស់​នៅ​ជាដើម»។

នាឱកាស​លើក​ទី ១ ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​ខ្លួន​ឯនាយ​សមុទ្រ​កន្លង​មក តារា​ចម្រៀង​ស្រី​ចំណូល​ថ្មី​របស់​ផលិតកម្ម​ថោន​បាន​ចេញ​ដំណើរ​ពី​កម្ពុជា​នា​ថ្ងៃទី ១៣ ខែ​មីនា ខណៈ​កម្មវិធី​នៅ​អាមេរិក​ចាប់ផ្តើម​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ ២០១៨ ហើយ​ចេញ​សម្តែង​តាម​រដ្ឋ​ចំនួន​ប្រមាណ​ជា ១០ រដ្ឋ ដែល​កញ្ញា រ៉ាប៊ី បាន​ទៅ​សម្តែង​ចំនួន ៥ សប្តាហ៍​តែប៉ុណ្ណោះ៕