ភ្នំពេញ៖ ពេល​ដែល​​មនុស្ស​ម្នា​​កំពុង​នៅ​ផ្ទះ​​​​អនុវត្ត​ការ​ណែនាំ​ឲ្យ​រក្សា​​គម្លាត លះបង់​ការ​ជួបជុំ​ និង​អត់​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​​ចាំ​បាច់ ​អេរីច ហ្វីលីព (Erich Phillip) សហគ្រិន​មក​ពី​រដ្ឋ​តិចសាស់​ បាន​​សម្រេច​ចិត្ត​បើក​អាជីវកម្ម​​នេះ​ដោយ​ប្រើ​រ៉ឺម៉ក​ម៉ូតូ ដឹក​ស្រាបៀរ​​​ត្រជាក់ៗ​​ដល់​មុខ​ផ្ទះ​អតិថិជន ហើយ​ផ្ដល់​ឱកាស​ឲ្យ​ភ្ញៀវ​ចែក​រំលែក​ក្ដី​ស្រឡាញ់​ដោយ​ការ​ជូន​ស្រាបៀរ​ទៅ​កាន់​មិត្តភក្ដិ​របស់​ពួក​គេ​​​​។

ជា​រៀង​រាល់​ល្ងាច​ រ៉ឺម៉ក​ម៉ូតូ Beer Bar Tuk Tuk ដឹក​ជញ្ជូន​ស្រាបៀរ​ដោយ​ឥត​គិត​ថ្លៃ​ទៅ​ឲ្យ​អតិថិជន​ដែល​ជា​ម៉ូយ​របស់​ហាង​។ បន្ទាប់​ពី​ទទួល​បាន​ស្រាបៀរ​ដោយ​ឥត​គិត​ថ្លៃ​ហើយ​ ក្រុម​ការងារ​នឹង​លើក​ទឹក​ចិត្ត​អតិថិជន​​ ឲ្យ​ទិញ​ស្រាបៀរ​ផ្ញើ​ទៅ​កាន់​​មិត្តភក្តិ​​​​ ដែល​ពួក​​គេ​កំពុង​នឹក​រឭក​។

ស្ថាបនិក​អាជីវកម្ម​​រ៉ឺម៉ក​ម៉ូតូ​ស្រាបៀរ​ លោក អេរីច បាន​បន្ថែម​ថា​៖ «ទស្សនៈ​របស់​ Beer it Forward​ គឺ​ការ​ទិញ​ស្រាបៀរ​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ មាន​ន័យ​ថា​ ប្រសិន​បើ​មាន​នរណា​ម្នាក់​ចែក​​​រំលែក​ស្រាបៀរ​ឲ្យ​អ្នក ​១ កំប៉ុង​ បន្ទាប់​ពី​នោះ អ្នក​គួរ​តែ​មាន​ទឹក​ចិត្ត​ក្នុង​ការ​ទិញ​ស្រាបៀរ​ ១ កំប៉ុង​ផ្សេង​ទៀត​ទៅ​ឲ្យ​នរណា​ម្នាក់​ទៀត​»​។

អស់​​រយៈពេល ១ ទសវត្សរ៍ លោក​ អេរីច ​និង​ភរិយា​​លោក​ស្រី ដាណា (​Dana) ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​សហរដ្ឋ​អាមេរិក​ ហើយ​ចំណាយ​ពេល​រស់​នៅ​ប្រទេស​នានា​ ដូចជា​​​​តំបន់​ ណីងបូ ​ប្រទេស ​ចិន​។

ទោះបី​ជា​លោក​ជា​ជន​បរទេស​​​រស់នៅ​ពឹង​អាស្រ័យ​លើ​ទឹកដី​ថ្មី​ លោក​​បាន​បង្កើត​មជ្ឈមណ្ឌល​​ជួយ​អ្នក​ភូមិ​តាម​​សហគមន៍​ ​ដែល​លោក​រស់នៅ​ និង​បង្កើត​​ភោជនីយដ្ឋាន​​ជា​ស្ពាន​ត​ភ្ជាប់​វប្បធម៌​នៃ​លោក​ខាង​កើត​ និង​ខាង​លិច​តាម​រយៈ​ម្ហូប​អាហារ​។

មក​ដល់​ទឹកដី​អច្ឆរិយៈ​ មិន​យូរ​ប៉ុន្មាន​ អេរីច បាន​រាប់​អាន​មិត្តភក្តិ​ថ្មី​ជា​ច្រើន​នាក់ និង​​ចាប់​ផ្តើម​អាជីវកម្ម​ថ្មី​មួយ​ទៀត​​នៅ​កម្ពុជា​ គឺ​ការ​ផលិត​ និង​ចែក​ចាយ​ស្រាបៀរ​ដែល​បិត​តាម​បែប​បុរាណ​ ចេញ​ពី​សិប្បកម្ម​របស់​លោក​ផ្ទាល់​។

ស្រាបៀរចំណុះ ៣៣០ml តម្លៃ ៣ដុល្លារ​។ រូបថត សហ​ការី

បុរស​អាមេរិក​រូប​នេះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ «ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ជាមួយ​ការងារ​ដែល​ខ្ញុំ​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ​ណាស់​ ពី​ព្រោះ​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ម្ហូប​អាហារ​ និង​ភេសជ្ជៈ​ ពិត​ជា​រឿង​ដែល​រីករាយ​ ដោយសារ​តែ​វិស័យ​នេះ​ជួយ​​បង្កើត​ឲ្យ​មាន​ការ​ជួប​ជុំ ​និង​ទិដ្ឋភាព​រីករាយ​ដល់​មនុស្ស​គ្រប់​គ្នា​ នៅ​ក្នុង​សហគមន៍​​»។

ក្នុង​គ្រា​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ណា​មក​​ណា​ ដោយសារ​ការ​ការពារ​ខ្លួន​ឈ្នះ​ជំងឺ​កូវីដ ១៩ លោក អេរីច​ បាន​បង្កើត​ Beer Bar Tuk Tuk នេះ​ឡើង​​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ និង​ជួយ​រំសាយ​អារម្មណ៍​តាន​តឹង​របស់​អ្នក​​កំពុង​ធ្វើ​ការ​នៅ​ផ្ទះ​​​។

សហគ្រិន និង​​អតីត​បុគ្គលិក​បម្រើ​ការងារ​ឲ្យ​អង្គការ​ជាច្រើន​នៅ​សហរដ្ឋ​អាមេរិក​ រូប​នេះ​បាន​​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ឲ្យ​ដឹង​ថា​៖ «កុំ​មើល​បញ្ហា​ជា​ឧបសគ្គ​ យើង​គួរ​សម្លឹង​​​មើល​ឱកាស​នៅ​ក្នុង​បញ្ហា​វិញ​ ជាក់​ស្តែង​នៅ​ពេល​មនុស្ស​គ្រប់​គ្នា សម្ងំ​នៅ​ក្នុង​ផ្ទះ​ភាព​ស្មុគស្មាញ​ក្តី​នឹក​រឭក​​មិត្ត​ភក្តិ​ដែល​ធ្លាប់​​ជួបជុំ​នឹង​កើត​មាន​ជាក់​ជា​ពុំ​ខាន។​ សម្លឹង​ឃើញ​បែបនេះ​ ខ្ញុំ​បាន​ព្យាយាម​រិះរក​វិធី​ដែល​អាច​ពាំនាំ​សេចក្តី​រីករាយ​ទៅ​ដល់​ផ្ទះ​ពួក​គេ​ តាម​រយៈ​ការ​បង្កើត​អាជីវកម្ម​ថ្មី​នេះ​ គឺ​ Beer Bar Tuk Tuk ខ្ញុំ​ជឿ​ថា​ វា​ជា​ពាក្យ​ថ្មី​ប្លែក​ សម្រាប់​គ្រប់​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​»។

លោក​បន្ត​ទៀត​ថា​៖ «មនុស្ស​គ្រប់គ្នា​តែង​ត្រូវ​ការ​​ភាព​សប្បាយ​រីករាយ​តាមរយៈ​ការ​ជួបជុំ​ផ្សេងៗ ​ដើម្បី​ឆ្លើយ​តប​ទៅ​កាន់​តម្រូវ​ការ​នេះ​ Beer Bar ខំ​ប្រឹង​ប្រែង​ត​ភ្ជាប់​សកម្មភាព​កម្សាន្ត​ខាង​ក្រៅ​ទៅ​កាន់​កន្លែង​អ្នក​ ប៉ុន្តែ​​នៅ​ឈរ​លើ​គោលការណ៍​ នៃ​ការ​រក្សា​គម្លាត​សង្គម​​»។

Beer Bar Tuk Tuk មាន​លក់​ស្រាបៀរ​ Craft Brewery American Pale Ale – Centurion India Pale Ale – Great Glen Blonde Ale​–Khmer Honey Blonde ផលិត​ចេញ​ពី​​សិប្បកម្ម​បិទ​ស្រា​​បែប​បុរាណ ​Cerevisia Brewery។

រ៉ឺម៉ក​ម៉ូតូ​​លក់ស្រាបៀរ រក្សាគោលការណ៍​គម្លាត​សង្គម ឲ្យអតិថិជន​ក្រេបរសជាតិ​នៅផ្ទះ។ រូបថត សហ​ការី

ស្រាបៀរ ​១ ​កែវ​ចំណុះ​ ៣៣០ ​មិល្លីលីត្រ​ មាន​តម្លៃ​ ៣ ដុល្លារ។ ​ស្រាបៀរ​ ២៤ ​ដប​ ភ្ជាប់​ជាមួយ​ថូ​សម្រាប់​​ចាក់​បន្ថែម​ (Growler refill)​ មាន​តម្លៃ​ ៣៦ ​ដុល្លារ។

Cerevisia Craft Brewery ជា​សិប្បកម្ម​បិត​ស្រា​ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ National Geographic, Beer Advocate និង​ពាន​រង្វាន់​ផ្សេង​ទៀត​ពី​ស្ថាប័ន​នានា​ក្នុង​តំបន់​។

លោក អេរីច បាន​រៀបរាប់​​ទៀត​ថា​៖​ «បង្ហាញ​ក្តី​នឹក​រឭក​ និង​ការ​គិត​គូរ​​បារម្ភ​របស់​អ្នក​ទៅ​កាន់​មិត្តភក្តិ​ ឬ​ក្រុម​ការងារ​ ដែល​កំពុង​អង្គុយ​ធ្វើ​ការ​នៅ​តាម​​ផ្ទះ​ តាម​រយៈ Beer Bar Tuk Tuk ដោយ​គ្រាន់​តែ​កុម៉្មង់​ស្រាបៀរ​ ពី​ Beer Bar ប្រាប់​អាសយដ្ឋាន​មិត្ត​របស់​អ្នក​ទៅ​ក្រុម​ការងារ​ ភ្ជាប់​ជាមួយ​សំបុត្រ​រៀប​រាប់​ពី​ក្តី​នឹក​រឭក​របស់​អ្នក ​ស្រាបៀរ​ក្លាស្សេ​ត្រជាក់ៗ​ Cerevisia Craft Beer នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​មិត្ត​របស់​អ្នក​»​។

Beer Bar Tuk Tuk ចាប់​ផ្តើម​បើក​រៀង​រាល់​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​ ពី​ម៉ោង​ ៥ ល្ងាច ​ ដល់​ម៉ោង​ ៩ ​យប់​ និង​ថ្ងៃ​​ចុង​សប្ដាហ៍ ​​ចាប់​ពី​ម៉ោង​ ១២ ​ថ្ងៃ​ត្រង់​ ដល់​ម៉ោង ​៩ យប់​​។

ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក Beerbartukt​uk ឬ​តាមរយៈ​ email: Info@cerevisiacraftbrewery.com ឬ​ទូរស័ព្ទ​ទៅ​កាន់​លេខ​ ០៧៨ ៣០០ ៥៥១៕