ភ្នំពេញៈ គ្រាន់តែការលើកយកចម្រៀងមរតកសំនៀងដើមរបស់លោកស្រី ប៉ែន រ៉ន ដែលមានចំណងជើងថា «មេម៉ាយសប្បាយចិត្ត» មកបកស្រាយតាមកម្មវិធីជប់លៀង ឬអាហ្វែរនានា គួបផ្សំនឹងទឹកដមសំឡេងពីរោះ និងកាយវិការ ក្រមិចក្រមើមដ៏សមសួនរបស់កញ្ញា រ័ត្ន រចនា នោះក៏ស្រូបបានភាពល្បីដោយការគាំទ្រពីមហាជនតាមបណ្តាញសង្គមយ៉ាងខ្លាំងនៅពេលថ្មីៗនេះ។
តារាចម្រៀងស្រីគ្មានផលិតកម្ម តែកំពុងជ្រកក្រោមទ្រនំប៉ុស្តិ៍ហ្វេសប៊ុក សំឡេងមានទឹកដមដ៏ពីរោះទៅលើការបកស្រាយបទចម្រៀងមរតកដើម កញ្ញា រ័ត្ន រចនា ដែលប្រឡូកនៅក្នុងវិថីសិល្បៈចម្រៀងជាង ២០ ឆ្នាំហើយនោះ ក៏មិននឹកស្មានដល់ឡើយថា នាងអាចមានឱកាសទទួលការគាំទ្រពីបងប្អូនប្រិយមិត្តយ៉ាងភ្លូកទឹកភ្លូកដី នឹងសំនៀងបកស្រាយបទ «មេម៉ាយសប្បាយចិត្ត» នៃក្រុមវង់តន្ត្រីអ័រកាដង់នៅតាមភូមិ។
កញ្ញា រ័ត្ន រចនា តារាចម្រៀងស្រីរះលើវិថីសិល្បៈចម្រៀងនៃក្រុមត្រន្តីអ័រកាដង់នៅតាមភូមិ អតីតក៏ជាកូនសិស្សរបស់តន្ត្រីករ និងតារាចម្រៀងជើងចាស់លោក ម៉ិញ សុធីវណ្ណ។ ខណៈកញ្ញា រ័ត្ន រចនា បានបង្ហើបពីអារម្មណ៍សប្បាយចិត្តខ្លាំងនឹងជោគជ័យ ដែលទើបតែទទួលបាន ក្រោយពីដើរនៅលើវិថីសិល្បៈចម្រៀងសម័យនេះជាង ២០ ឆ្នាំមកនេះថា៖ «យ៉ាងណាក៏សប្បាយចិត្តឥតមានអ្វីប្រៀបបានឡើយ ទោះបីជាភាពល្បីនេះមានតែ ១ ថ្ងៃ ឬរយៈពេលខ្លីក៏ដោយគឺថា ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ចំពោះការគាំទ្រ ដែលជាផ្នែកមួយដើម្បីជួយលើកទឹកចិត្តអ្នកចម្រៀងដូចជារូបខ្ញុំ។ ចាប់តាំងពីបងប្អូនផ្អើលគាំទ្រខ្លាំងមក ឃើញថា នាងខ្ញុំ ក៏មានទីផ្សារច្រៀងតាមកម្មវិធីនានាច្រើនជាងមុន ដែលអាចឲ្យនាងខ្ញុំទទួលបានប្រាក់ចំណូលគ្រាន់បើជាងមុនផងដែរ»។
ទោះបីជាភាពល្បីផុសចេញចម្រៀងបទ «មេម៉ាយសប្បាយចិត្ត» សំនៀងដើមរបស់លោកស្រី ប៉ែន រ៉ន ក៏ពិតមែន តែតារាចម្រៀងស្រីមានសាច់ឈាមទ្រលុកទ្រលន់ សាច់សខ្ចី សម្តីផ្អែម មានស្រុកកំណើតនៅរាជធានីនៅភ្នំពេញ តែឪពុកម្តាយជាអ្នកខេត្តស្វាយរៀង កញ្ញា រ័ត្ន រចនា ក៏អាចបកស្រាយបទចម្រៀងមរតកដើមរបស់អតីតតារាចម្រៀងស្រីៗជើងចាស់ជំនាន់ទសវត្សរ៍ទី ៦០-៧០ ផ្សេងៗទៀតបានច្រើនបទ ផងដែរ។
កញ្ញា រ័ត្ន រចនា តារាចម្រៀងស្រីរូបនេះបន្ថែមថា៖ «ចំណោមបទចម្រៀងមរតកដើមទាំងឡាយរបស់តារាចម្រៀងជើងចាស់មុនៗនោះ នាងខ្ញុំអាចបកស្រាយបានប្រមាណ ២០ ភាគរយ ហើយក៏កំពុងតែហ្វឹកហាត់បន្ថែមលើបទថ្មីៗដែរ។ លើសពីនេះគឺនាងខ្ញុំក៏ត្រូវចេះប្រើស្ទីលលេងធ្វើយ៉ាងណានាំឲ្យភ្ញៀវសប្បាយចិត្តដែរ»៕