ភ្នំពេញ៖ ដោយសារ​តែ​ធ្លាប់​​ទទួល​បាន​នូវ​ប្រជាប្រិយភាព​ និង​កសាង​​​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​​ចម្រៀង​ ដែល​មហាជន​ភាគ​ច្រើន​​ជក់​ចិត្ត​ដិត​អារម្មណ៍​នឹង​សំនៀង​បទ​មរតក​ដើម ​​មាន​ចំណង​ជើង​ថា «​មេម៉ាយ​សប្បាយ​ចិត្ត​» ពី​សំណាក់​តារា​ចម្រៀង​ស្រី​សម្បូរ​សាច់ ​ស្រស់​សោភា កញ្ញា រ័ត្ន រចនា ខណៈ​ថ្មីៗ​នេះ​ ក៏​ស្រាប់​តែ​​លេច​​ចេញ​បទ​មរតក​ដើម​ជា​បន្ត​បន្ទាប់​​ក្នុង​ផលិតកម្ម​ Galaxy Navatra បង្កើត​ការ​ចាប់​អារម្មណ៍​សា​ជា​ថ្មី​។

ក្រោយ​ពី​​ឃើញ​ចេញ​បទ​ជា​ទម្រង់​មរតក​ដើម​ ដែល​ច្រៀង​ឡើង​វិញ​ តាម​គេហទំព័រ​ផ្លូវ​ការ​របស់​​ផលិតកម្ម​ខាង​លើ ​មាន​ដូចជា​បទ «តាវៅ» និង​បទ ​«ជិះទូក​លេង​តាម​មាត់​ទន្លេ»​ មក​​នោះ ប្រិយ​មិត្ត​​​គាំទ្រ​ តារា​ចម្រៀង​ស្រី​​សាច់​ដ៏​ទ្រលុក​ទ្រលន់​កញ្ញា រ័ត្ន រចនា ដែល​ត្រូវ​​គេ​ដាក់​រហស្សនាម​​ថា អ្នក​មេម៉ាយ​សប្បាយ​ចិត្ត ​នោះ​​ធ្វើ​ឲ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​ខ្លាំង ក៏​​លើក​​ឡើង​ថា៖ «​បទ​​ចម្រៀង​​​បែប​​មរតក​ដើម​ នៅ​​ផលិតកម្ម ​Galaxy Navatra ទំនង​ជា​ត្រូវ​ម៉ៅ​ដាច់​ឲ្យ​កញ្ញា រ័ត្ន រចនា ហើយ​មើល៍​ទៅ បាន​ឃើញ​ពេល​​ចេញ​ចម្រៀង​​មក​ច្រើន​​​ជា​បទ​​បែប​​មរតក​ដើម!​»។

អតីត​ជា​តារា​ចម្រៀង​ស្រី​គ្មាន​​ផលិតកម្ម​ដោយ​មក​ជ្រក​ក្រោម​ទ្រនំ​​ប៉ុស្តិ៍​​​ហ្វេសប៊ុក សំឡេង​មាន​ទឹក​ដម​ពី​រោះ​​ទៅ​លើ​ការ​បក​ស្រាយ​​បទ​ចម្រៀង​ជា​មរតក​ដើម​ រ័ត្ន រចនា ដែល​​ប្រឡូក​នៅ​ក្នុង​វិថី​សិល្បៈ​ចម្រៀង​​ជាង ២០ ​ឆ្នាំ​ហើយ​​នោះ បាន​បង្ហើប​ពី​​អារម្មណ៍​ផ្ទាល់​​ ដោយ​ការ​​​ដាក់​ខ្លួន​ថា​ជា​តារា​វ័យ​​ចាស់​ហើយ​នោះ​​​ថា៖ «​ខ្លួន​ជា​តារា​ចាស់​ស្រាប់​ផង​​នោះ ប្រសិន​បើ​គេ​ឲ្យ​ច្រៀង​ជា​បទ​ចម្រៀង​បែប​​​មរតក​ដើម​ មែន​នោះ​​ នាង​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​​ខ្លាំង​ណាស់ ក៏​ព្រោះ​តែ​ខ្ញុំ​ចូល​ចិត្ត​ប្រភេទ​បទ​ពី​​ដើម​ស្រាប់​ផង។ តែ​យ៉ាង​ណា ទោះបី​ជា​បទ​ចម្រៀង​​​ពី​ដើម​ក្តី ឬ​បទ​ថ្មី​សម័យ​ឥឡូវ​នេះ​ក្តី ក៏​នាង​ខ្ញុំ​នឹង​ខិតខំ​តាម​ជំនាញ​ខ្លួន​ និង​តាម​ការ​​​សម្រេច​របស់​ផលិតកម្ម​ផង​ដែរ​»។​

ដោយ​​ឡែក​បើ​តាម​ការ​បញ្ជាក់​ពី​លោក យឹម តាស្រង់ ដែល​ជា​អ្នក​គ្រប់គ្រង​ទូទៅ​ផលិតកម្ម​ Galaxy Navatra ក៏​បាន​បញ្ជាក់​ពី​ភាព​សមសួន​​របស់​តារា​ចម្រៀង​ស្រី រ័ត្ន រចនា ទៅ​​​នឹង​ការ​បក​ស្រាយ​នូវ​បទ​ចម្រៀង​​មរតក​ដើម​ដែរ​ថា៖ «​ជា​ការ​ពិត​ យើង​​នៅ​សល់​បទ​មិន​ទាន់​ចេញ​​​ច្រើន​របស់ ​រ័ត្ន រចនា។ ទើប​តែ​​ថ្មីៗ​នេះ​ យើង​បាន​ចេញ​​​បទ​ទាំង​នោះ​។ និយាយ​ឲ្យ​​ចំ​នោះ សំឡេង​ រ័ត្ន រចនា ស៊ី​គ្នា​​ច្រើន​​​ទៅ​នឹង​បទ​​មរតក​ដើម​»។​

គួរ​បញ្ជាក់​ដែរ​ថា ​តារា​ចម្រៀង​ស្រី​ដែល​​ផ្ទុះ​ភាព​ល្បី​ខ្លាំង​​​ពេញ​ហ្វេសប៊ុក​ ដោយសារ​​លើក​យក​បទ​​ពី​​ដើម​របស់​​​លោកស្រី ប៉ែន រ៉ន ដែល​មាន​ចំណង​ជើង​ថា «​មេម៉ាយ​សប្បាយចិត្ត​» មក​​​បក​ស្រាយ​នៅ​តាម​កម្មវិធី​ជប់លៀង​នានា គួប​ផ្សំ​​ទឹក​ដម​​ពីរោះ និង​កាយវិការ​ក្រមិចក្រមើម ​ខណៈ​កញ្ញា រ័ត្ន រចនា ក៏​មាន​ទ្រនំ​ជ្រក​កោន​ហើយ​​ គឺ​ផលិតកម្ម Galaxy Navatra៕​