ក្រុង​វីលនីញូស៖ ​លីទុយអានី ពី​ថ្ងៃ​ពុធ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាក់​​លុយ​ថ្មី ​ដើម្បី​រំឭក​ដល់​វិបតិ្ដ​កូរ៉ូណា ដោយ​បាន​រំលេច​សំណេរ​ថា «​ក្រោយ​ពី​ងងឹត ខ្ញុំ​នឹង​មើល​ឃើញ​ពន្លឺ​»។

កាក់​លុយ​ថ្មី​នេះ​បង្ហាញ​ពី​ពន្លឺ​កាំរស្មី​បញ្ចាំង​លើ​លេខ​ឆ្នាំ ​២០២០ និង​ជះ​ស្រមោល​នូវ​កាល​បរិច្ឆេទ​រំលេច​នូវ​ពាក្យ​ SOS។

លោកស្រី អាស្ដា គូនីយ៉ូស៊ិ អនុប្រធាន​ធនាគារ​កណ្ដាល​លីទុយអានី បាន​និយាយ​ថា ធនាគារ​បាន​នឹក​ឃើញ​គំនិត​នេះ កាល​ពី​ខែ​មីនា នៅ​ពេល​សមាជិក​ប្រទេស​នៅ​អឺរ៉ុប​មួយ​នេះ​បាន​ដាក់​បម្រាម​បិទ​ប្រទេស ​ដើម្បី​​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​។

លោកស្រី​បាន​និយាយ​ទៀត​ថា​៖ «ចំពោះ​កាក់​នេះ យើង​ក៏​បាន​ឧទ្ទិស​ដល់​ក្រុម​គ្រូ​ពេទ្យ​ និង​អ្នក​ដែល​បាន​ជួយ​អំឡុង​ពេល​កូវីដ​ ចាប់​ពី​អ្នក​ស្ម័គ្រ​ចិត្ដ​ដែល​ជួយ​មនុស្ស​ចាស់ រហូត​ដល់​គ្រូ​បង្រៀន​​ដែល​បង្រៀន​ក្មេង​តាម​អនឡាញ​»។

រូបិយ​ប័ណ្ណ​​ ៥ អឺរ៉ូ​រាប់​ពាន់​កាក់​ ​រួម​ទាំង​​កាក់​ផលិត​ពី​ស្ពាន់​ និង​នីកែល​តម្លៃ ១,៥ អឺរ៉ូ ពេលនេះ អាច​ប្រើប្រាស់​បាន​តាម​អនឡាញ​ និង​ហាង​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​។

ធនាគារ​បាន​ផលិត​កាក់​ ៥ អឺរ៉ូ ចំនួន ២ ៥០០​ កាក់​ និង​កាក់​ ១,៥ អឺរ៉ូ ចំនួន ៣ ម៉ឺន​កាក់។ ប្រទេស​ដែល​មាន​ប្រជាជន​សរុប​ចំនួន ២,៨ លាន​នាក់​នេះ បច្ចុប្បន្ន​បាន​បន្ធូរ​បន្ថយ​បម្រាម​រឹត​ត្បិត​ដែល​បាន​ដាក់​ចេញ​តាំងពី​ពាក់​កណ្ដាល​ខែ​មីនា​។

លីទុយអានី បាន​រាយការណ៍​ពី​ការ​ឆ្លង​វីរុស​ថ្មី​តែ ១​ នាក់​កាល​ពី​ថ្ងៃ​ពុធ ដោយ​នាំ​ឲ្យ​មាន​តួ​លេខ​សរុប ​១ ៨១៨ នាក់​ និង​អ្នក​ស្លាប់ ៧៨ នាក់​ ដែល​មាន​អត្រា​ទាប​ជាង​បណ្ដា​ប្រទេស​ភាគ​ច្រើន​នៅ​អឺរ៉ុប​៕ AFP/HR