ភ្នំពេញៈ គ្រាន់តែចុះពីយន្តហោះវិលពីកើបប្រាក់ដុំនៅឯកូរ៉េខាងត្បូងភ្លាម តារាចម្រៀងស្រីជ្រកទ្រនំថោនកូនកាត់ចិនកញ្ញា លី អ៊ីវ៉ាធីណា ក៏ទៅចូលរួមកម្មវិធីសិល្បៈឯជាយដែនខ្មែរ-ថៃភ្លែតក្នុងកម្មវិធីសម្ពោធកាស៊ីណូ ហើយក៏ថតរូបបង្ហោះប្រាក់ដុល្លារទាំងដុំៗ និងលុយថៃ បង្ហាញពីអារម្មណ៍សប្បាយចិត្តខ្លាំងដ៏កម្រធ្វើឲ្យផ្អើលមហាជនពេញហ្វេសប៊ុក។
បណ្តុំរូបថតជុំគ្នានឹងក្រុមរាំមានដុំប្រាក់ដុល្លារ និងលុយថៃក្រដាស ១០០០ បាតជាច្រើនសន្លឹកនោះកញ្ញា លី អ៊ីវ៉ាធីណា សរសេរថា៖ «ថ្ងៃនេះបានបញ្ចប់ការងារ Grand Opening CASIO CAISEN GUOJI YUIE គឺអរគុណម្ចាស់ Casino ដែលបានផ្តល់កិត្តិយសដល់រូបនាងខ្ញុំ ហើយថែមទាំងបានឲ្យលុយធីបច្រើនទៀត ហើយ អរគុណ សម្រាប់ការទទួល យ៉ាងកក់ក្តៅ ញ៉ាំអីហើយក៏ទៅវិញទាំងយប់ ឃើញញញឹម តិចថាសប្បាយចិត្តចុះ»។
កញ្ញា លី អ៊ីវ៉ាធីណា តារាចម្រៀងស្រី ដែលចេះច្រៀងចម្រៀងទាំងខ្មែរទាំងចិន ជ្រកក្រោមដំបូលផលិតកម្មថោន ជារឿយៗតែងតែបានចូលរួមការងារមនុស្សធម៌ជួយអ្នកក្រីក្រ និងក្មេងកំព្រាស្ងាត់ៗ ប៉ុន្តែក៏ធ្លាប់ត្អូញថា គ្មានលុយទិញសម្លៀកបំពាក់ថ្លៃៗឡើងឆាកដូចជាតារាចម្រៀងឯទៀតប្រាប់ភ្នំពេញប៉ុស្តិ៍អំពីអារម្មណ៍សប្បាយចិត្តខ្លាំង នឹងប្រាក់រង្វាន់ពីការអញ្ជើញឲ្យចូលរួមច្រៀងបើកសម្ពោធកាស៊ីណូនៅឯខេត្តប៉ៃលិនថា៖ «ដោយសារតែការចូលរួមនេះ ខាងម្ចាស់កាស៊ីណូ ពួកគាត់មានការរាក់ទាក់ខ្លាំង ចំពោះនាងខ្ញុំ និងក្រុមការងារ ហើយក៏បានចូលរួមមករាំច្រៀងលេងយ៉ាងសប្បាយជាមួយក្រុម អ្នកសិល្បៈយើង និងការផ្តល់ ជារង្វាន់លើកទឹកចិត្តជាលុយធីបច្រើនដល់ពួកយើងទៀតផងក្រៅពីប្រាក់ឈ្នួលហៅទៅច្រៀងនោះ។ ចំពោះប្រាក់លើកទឹកចិត្ត ឬជាលុយធីប ដែលភ្ញៀវ និងខាងម្ចាស់កាស៊ីណូ ឧបត្ថម្ភក្រៅនោះ នាងខ្ញុំសរុបទាំងប្រាក់ដុល្លារ និងប្រាក់បាតនោះគឺនាងខ្ញុំទទួលបានចំនួនជាង ២ ពាន់ដុល្លារ»។
ក្រៅពីអាជីពជាតារាចម្រៀងនៅទ្រនំផលិតកម្មថោននោះ តារាចម្រៀងវ័យ ៣០ ឆ្នាំ ដែលបដិសេធថាមិនទាន់រកម្ចាស់ស្នេហ៍បាន ក្រោយពីបែកបាក់ចំណងស្នេហាពីបុរសកូនកាត់ចិនដូចគ្នា ដែលរំពឹងដឹកដៃគ្នាចូលរោងការនោះ ក៏មានអាជីវកម្មរកស៊ីក្រៅសិល្បៈផងដែរ ដូចជាបើកសេវាកម្មតុបតែងផ្កាស្រស់ឈ្មោះថា «B Floris» និងបើកភោជនីយដ្ឋានចិនមួយមានទីតាំងនៅខាងក្រោយភោជនីយដ្ឋាន V-Friend។
មួយរយៈចុងក្រោយនេះ កញ្ញាលី អ៊ីវ៉ាធីណា ហាក់មានការ ដូរស្ទីលថតបែប សុភាព ឬស្លូតមកថតបទបែបស៊ីវិល័យ និងបង្ហាញភាពសិចស៊ីទៀតផង តួយ៉ាងគឺថតចម្រៀងបទថ្មីជាមួយបុរសសាច់ដុំធំៗរូបសង្ហាម្នាក់ ក្នុងកាយវិការស្និទ្ធស្នាល បានឱបថើបយ៉ាងស្រើបស្រាលក្នុងបទ «Babe I am Sorry» ៕