ភ្នំ​ពេញៈ​ តា​រា​សម្តែង​ប្រុស​រាង​ខ្ពស់​ស្រ​ឡះ​ លោក​ លឹម​ ជា​ឡាយ​ ទោះ​បី​ជា​មានធ្លាប់​មាន​​រឿង​អា​ស្រូវ​ជា​រឿយៗ​ជា​មួយ​តា​រា​សម្តែង​ជើង​ចាស់​ពី​ទំ​នាក់​ទំ​នង​ស្នេហា​ជា​មួយ​អ្នក​នាង​ កែវ​ នី​សា​ ព្រម​ទាំង​តា​រា​វ័យ​ក្មេង​កញ្ញា​ គៀត​ សុ​វណ្ណា​ឡាង​ ប៉ុន្តែ​បើ​និយាយ​រឿង​ទី​ផ្សារ​ថត​កុន​វិញ​ ​មាន​​ជាហូរ​ហែ​ជាប់​មិន​ដាច់ឡើយ។​

ដោយ​ឡែក​នាពេល​ថ្មីៗ​នេះ​ដែរ​ តារា​ប្រុស​​សង្ហា​ ពេល​​​​ចូល​រួម​ក្នុង​ការ​សម្ភោធ​កុន​ភាគ​ថ្មី​របស់​ផលិត​កម្ម​ LD Picture ដែល​ចាក់​​បញ្ចាំង​នៅ​ទូរ​ទស្ស​ន៍​ PNN ​នោះ​ លោក​​ លឹម​ ជា​ឡាយ​ បាន​ចាប់​ដៃ​គូជា​មួយ​តួយឯក​ស្រី​ស្អាត​អ​តី​ត​ Freshie Girl លេខ ​១​ កញ្ញា​ ពុធ​ ស្រី​ខួច​។​

តា​រា​សម្តែង​ប្រុស​កំ​ពុង​ស្រូប​បាន​​ប្រ​ជា​ប្រិយ​ភាព​ពី​​អ្នក​គាំ​ទ្រ​យ៉ាង​ក្រាស់​ក្រែលតាម​រយៈ​រឿង​ «​មន្ត​ស្នេហ៍​ក្រ​មុំ​បាយ​ឆា​»​​ និង​រឿង​ «​អា​ពាហ៍​ពិ​ពាហ៍​ចម្លែក​»​ លោក​ លឹម​ ជា​ឡាយ​ បានប​រិ​យាយ​ពីអារម្មណ៍​ផ្ទាល់​ខ្លួន​ ដែល​ត្រូវ​សម្តែង​​​ក្នុង​រឿង​ ​«​ថ្ងៃ​មុន​ស្អប់​ថ្ងៃ​នេះ​ស្រ​លាញ់»​ ថា​ជា​មនុស្ស​ដែលមាន​ចរិត​ឈ្លើយ​​​ម៉ា​ហ្វៀរ​មួយ​រូប​ ហើយ​ក្នុង​ឈុត​សម្តែង​ជា​មួយ​តួ​ឯក​ស្រី​​ កញ្ញា​ ពុធ​ ស្រី​ខួច​ វិញ ​គឺ​ធ្វើ​បាប​គ្រប់​ពេល​រ​ហូត​ដល់​លោក​គិត​ថា ​នឹង​មាន​ទស្ស​និក​ជន​​​លប​​ជេរ​លោក​មិន​ខាន។​ ប៉ុន្តែ​បុ​រស​សង្ហា​រូប​នេះ​បាន​រំឮក​​ថា៖ ​«​ទោះ​បី​ជា​អា​ក្រក់​យ៉ាង​ណា ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​ភាព​​ស្មោះ​ត្រង់​ជា​មួយ​តួ​ស្រី​ មិន​ក្បត់​ចិត្ត​តួ​ស្រី​នោះ​ទេ​គឺ​មាន​ម​នោ​សញ្ចេត​នា​ជ្រៀលជ្រៅ​ទៀតផង​»​។

យ៉ាង​ណា​មិញ​តា​រា​សម្តែង​ប្រុស​ លោក​ លឹម​ ជា​ឡាយ​ ក៏​បាន​បង្ហើប​ពី​ឈុត​ ដែល​លោក​គិត​ថា ​ទស្ស​និក​ជន​ជក់​ចិត្ត​​​ក្នុង​សាច់​រឿង ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ទាំង​អស់​សំណើច​បែប​ឌឺ​ដង​ទៅ​តួ​ស្រី​ដូច្នេះ​ថា​៖​ «​នៅ​ពេល​ ដែល​បង​ប្អូន​បាន​ទស្ស​នា​ខ្សែ​ភាព​យន្ត​​នេះ​ បង​ប្អូន​ប្រា​កដ​ជា​ជក់​ចិត្ត​ក្នុងឈុត​មួយ​ នៅ​​ក្នុង​ផ្ទះ​ចាស់​ និង​​ក្នុង​ខុន​ដូ​ ដែល​ជា​ឈុត​ដែល​​ខ្ញុំ​ចាប់​ធ្វើ​បាប​តួស្រី​ ហើយ​ក៏​មាន​ឈុត​​ថើប​​ដូច​​គ្នា​ ជាពិ​សេស​ឈុត​ថើប​នឹង​ខុស​ច្រើន​ដង​ ម្តង​មិន​សូវ​សម​ ដល់​​ពេល​​ម្តង​ទៀត​មាន​ញើស​ហូរ​មក​មិន​សូវ​ស្អាត ​និ​យាយ​ទៅ​ថត​ច្រើន​ដង​ ប៉ះ​​ដៃ​គូ​ខ្ញុំ​គាត់ (កញ្ញា​ ពុធ​ ស្រី​ខួច​)​ ពូ​កែ​​អៀន​ផង​នោះ!»​។

ចំ​ណែក​ឯ​កញ្ញា​ ពុធ​ ស្រី​ខូច​ វិញ ​នា​ពេល​​ដៃ​គូ​សម្តែង​រឿង​ «ថ្ងៃ​មុន​ស្អប់ថ្ងៃ​នេះ​ស្រ​លាញ់» ​ទម្លាយ​​រឿង​​នៅ​​​មុខ មហាជន​បែប​​នេះ​​​ អ​តី​ត Freshie Girl ក៏​គ្មាន​​ម​តិច្រើន​ទេ​ ក្រៅ​ពីនិ​យាយ​​ថា​៖ «​គាត់​ធ្វើ​បាប​ខ្ញុំ​រហូត​​» ហើយ​​បញ្ចេញ​អា​កា​រ​​អឹម​អៀននោះ គឺ​​ដូច​គូ​ស្នេហ៍​​ក្នុង​សាច់​រឿងតែ​​ប៉ុណ្ណោះ​»៕​