ក្រុងគូឡាឡាំពួ: កម្ពុជាបានទទួលជោគជ័យផ្ទួនគ្នាកាលពីសប្តាហ៍មុន សម្រាប់ការប្រកួតជ្រើសរើសចុងភៅអាស៊ីឆ្នើមជាងគេ ឬ Top10 of Asia ដែលប្រារព្ធធ្វើនៅឯទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ដោយមេចុងភៅឈ្មោះ លូ ម៉េង ជាអ្នកឈ្នះ កាលពីថ្ងៃសុក្រ បន្ទាប់ពីកម្ពុជាទើបតែឈ្នះការប្រកួតប្រជែងអង្ករល្អបំផុតក្នុងពិភពលោក។
លោក លូ ម៉េង ត្រូវបានក្រុមទស្សនាវដ្តីពាណិជ្ជកម្មម៉ាឡេស៊ី Top10 of Malaysia និង Top10 of Asia ចុះផ្សាយ និងផ្តល់ជ័យលាភីចុងភៅឆ្នើមសម្រាប់ការប្រកួតប្រចាំឆ្នាំ ដែលបានប្រារព្ធធ្វើលើកទី២។
លោក ដាតូ អ័រ រ៉ាជិន ដ្រាន ប្រធានប្រតិបត្តិនៃកម្មវិធី Top10 និងក្រុមហ៊ុន RHA Media ដែលបានផ្ដល់វិញ្ញាបនបត្រចុងភៅឆ្នើមប្រចាំអាស៊ីដល់លោក លូ ម៉េង នោះបាននិយាយថា៖ «យើងបានស្រាវជ្រាវ និងសិក្សាថែមទាំងបានប្រៀបធៀបផងដែរទើបអាចចម្រាញ់រកបានអ្នកឈ្នះកំពូលទាំងដប់នាក់ សម្រាប់កម្មវិធី Top10 of Asia នេះ»។
ទាក់ទិននឹងមោទនភាពនៃវិស័យម្ហូបនៅកម្ពុជានេះកញ្ញា ហាក់ លីណា ប្រធានសមាគមភោជនីយដ្ឋានប្រទេសកម្ពុជា និងជាអ្នកគ្រប់គ្រងទូទៅនៃភោជនីយដ្ឋាន Topaz បាននិយាយថា ជ័យជម្នះរបស់លោក លូ ម៉េង នៅឯទីក្រុងគូឡាឡាំពួនោះ ជាជំហានមួយសម្រាប់ការនាំកេរ្តិ៍ឈ្មោះមុខម្ហូបខ្មែរឲ្យគេបានស្គាល់មួយកម្រិតទៀត។
កញ្ញាបន្តថា៖ «នេះជាមោទនភាពមួយរបស់ខ្មែរដែលយើងអាចណែនាំមនុស្សនៅក្រុងគូឡាឡាំពួបានស្គាល់ម្ហូបខ្មែរ។ ជ័យជម្នះរបស់លោក លូ ម៉េង នឹងរួមចំណែកផងដែរក្នុងការធ្វើឲ្យវិស័យបដិសណ្ឋារកិច្ចខ្មែរល្បីល្បាញនៅតំបន់អាស៊ីអាគ្នេយ៍»។
ការប្រកួតនេះមានបេក្ខជនចូលរួមប្រកួតចំនួន៤៣រូប មកពីតំបន់អាស៊ី រហូតដល់ប្រទេសស៊ូដង់ចូលរួមដែរ ខណៈស្ថានីយទូរទស្សន៍ម៉ាឡេស៊ីមួយក៏បានផ្សាយផ្ទាល់នូវកម្មវិធីនេះទៀតផង។ កម្មវិធីប្រព្រឹត្តទៅនៅឯសណ្ឋាគារលំដាប់ផ្កាយប្រាំ Palace of the Golden Horses នៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
លោក លូ ម៉េង បានលើកឡើងថា៖ «គេបានផ្ញើសំបុត្រ និងលិខិតអញ្ជើញមួយច្បាប់ឲ្យពួកយើង។ ខ្ញុំដូចមិនចាប់អារម្មណ៍ រហូតដល់គេផ្ញើលិខិតទាក់ទងជាលើកទីពីរ។ ដូច្នេះហើយបានខ្ញុំដឹងថាខ្លួនឯងជាអ្នកឈ្នះរង្វាន់ឆ្នើមជាងគេនៅក្នុងកម្មវិធីនេះ»។
គួរបញ្ជាក់ថា លោក លូ ម៉េង ជាប្រធានចុងភៅនៅភោជនីយដ្ឋានម្លិះក្នុងរាជធានីភ្នំពេញ ជាម្ចាស់ក្រុមហ៊ុន Almond Group និងជានាយកក្រុមហ៊ុន Thalias Group ដែលមានកម្មសិទ្ធិនៅក្នុងភោជនីយដ្ឋានម្លិះ Topaz និង Khema ទៀតផង។
ដោយឡែក ការឈ្នះជ័យលាភីផ្នែកចុងភៅនេះមិនមែនជាលើកដំបូងឡើយ ខណៈកាលពីមុនលោក ក៏ធ្លាប់មានវត្តមានលើឆាកអន្តរជាតិមុនៗផងដែរជាមួយចុងភៅល្បីៗដទៃទៀតដូចជា លោក ហ្គ័រដុន រ៉ាមស៊ី និងលោក អេនតូនី ប័រឌែន ជាដើម។
ទោះយ៉ាងណាជោគជ័យពាំនាំពីទឹកដីម៉ាឡេស៊ីលើកនេះត្រូវបានលោក លូ ម៉េង ចាត់ទុកថា មិនស្មើនឹងកិត្តិយសដែលអង្ករខ្មែរក្លាយជាអង្ករល្អបំផុតក្នុងលោកនោះឡើយ។
នាកម្មវិធីបុណ្យអង្ករលើកទី៦កន្លងទៅថ្មីៗនេះសារព័ត៌មានអាមេរិក The Rice Trader បានចុះផ្សាយថា កម្ពុជាបាននាំមុខប្រទេសផលិតអង្ករសំខាន់ៗរួមទាំងសហរដ្ឋអាមេរិក និងប្រទេសជប៉ុនទៀតផង។
លោក លូ ម៉េង បន្ថែមថា៖ «ខ្ញុំគិតថាជ័យជម្នះទាំងនេះជាជំហានចាប់ផ្ដើមប៉ុណ្ណោះ ព្រោះយើងនៅមានកិច្ចការជាច្រើនទៀតត្រូវធ្វើ»៕