ភ្នំពេញ៖ ពិត​ជា​គួរ​ឲ្យ​កោត​សរសើ​រ និង​ស្ញប់ស្ញែង​មែន​​ដោយសារ​​តែ​មាន​ក្តី​​ស្រឡាញ់​ឧបករណ៍​ភ្លេង​បុរាណ​ និង​​​វប្បធម៌​ខ្មែរ​នោះ​ ទើប​ខណៈ​ពេល​មាន​ការ​​​ផ្លាស់​ប្តូរ​មុខ​តំណែង​ការងារ​លេខា​ទី៣ រវាង​លោក​ Inuboshi Kensuke និង​កញ្ញា​ Kusunok​i Maria​ ដែល​​​បាន​​បម្រើ​ការងារ និង​ត្រៀម​នឹង​បម្រើ​ការងារ​ប្រចាំ​ស្ថានទូត​ជប៉ុន​​ប្រចាំ​ប្រទេស ​កម្ពុជា ​បាន​សម្រេច​ចិត្ត​ជ្រើស​យក​ឧបករណ៍​ភ្លេង​បុរាណ​ចាប៉ី​ដង​​វែង​ប្រគំ​ច្រៀង​បទ​ខ្មែរ សម្រាប់​លា​គ្នា។​

លោក Inuboshi Kensuke លេខា​ទី៣ នៃ​ស្ថានទូត​ជប៉ុន នឹង​បញ្ចប់​បេសកកម្ម​ស្ថានទូត​ប្រចាំ​​នៅ​កម្ពុជា ហើយ​កញ្ញា Kusunoki នឹង​ត្រូវ​មក​ជំនួស​កិច្ចការ​លោក។ ឆ្លៀត​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ ទើប​លោក Inuboshi បាន​ជ្រើស​យក​​ចាប៉ី​ដង​វែង មក​ប្រគំ​ជា​ភ្លេង ​ខណៈ​​កញ្ញា Kusunoki គឺ​ជា​អ្នក​ច្រៀង​បទ​ចម្រៀង​​ «ឱ! ​សត្វ​មហោរី» យ៉ាង​​ពីរោះ និង​មាន​ភាព​ស្ទាត់​ជំនាញ​ ដោយ​ពួក​គាត់​ក៏​មាន​សង្ឃឹម​ថា បង​ប្អូន​ខ្មែរ​នឹង​មាន​ការ​ចូលចិត្ត​ចំពោះ​ការ​សម្តែង​នេះ​ផង​ដែរ។​

បើ​តាម​ការ​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​​ភ្នំពេញ​​ប៉ុស្តិ៍ កញ្ញា នង ច័ន្ទមល្លិកា (Nong Chanmolika) ជា​បុគ្គលិក​ផ្នែក​​វប្បធម៌ និង​ព័ត៌មាន​ នៅ​ស្ថានទូត​ជប៉ុន​​ប្រចាំ​ប្រទេស ​កម្ពុជា បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពី​ការ​សម្រេច​ចិត្ត​រៀន​លេង​ឧបករណ៍​​ភ្លេង​ចាប៉ី​ដង​វែង​ខ្មែរ​ និង​អាច​ប្រគំ​លេង​បទ​ចម្រៀង​ខ្មែរ​ផង​ដែរ​នោះ​ថា​៖ «លោក​ Inuboshi Kensuke ​បាន​​រៀន​ចាប៉ី​ដង​វែង​ រយៈពេល ៦ ខែ ចាប់​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ ២០១៨ នៅ​​សាលាតូរ្យតន្រី្ត​មួយ​​ម្តុំ​បឹង​កេងកង និង​បន្ត​ហ្វឹកហាត់​រហូត​មក​ទល់​ឥឡូវ​នេះ។​ មិន​តែ​ប៉ុណ្ណោះ​ លោក​ក៏​​អាច​​ប្រគំ​​លេង​បទ​ចម្រៀង​ខ្មែរ​ យ៉ាង​ស្ទាត់​ជំនាញ​ចំនួន​ ៥ បទ​ដែរ ​គឺ​មាន​ដូចជា​បទ «​ផាត់ជាយ» បទ ​«អារ៉ាប់ពីយ៉ា»​ បទ «ស្អាត​ជានិច្ច» បទ «​ស្រណោះ​ខែ​កត្តិក​» និង​បទ «​ឱ! ​សត្វមហោរី» ដែល​គាត់​រៀន​នៅ​សាលាតូរ្យតន្រ្តី និង ​១ បទ​ទៀត​រៀន​ ដោយ​ខ្លួន​ឯង​ដែរ ​គឺ​បទ​ភ្លេង​ជាតិ​ខែ្មរ​បទ «នគររាជ»។ លោក Inuboshi ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សំឡេង​តូរ្យតន្រ្តី និង​រូបរាង​​​ដ៏​ស្រស់​ស្អាត​របស់​ចាប៉ី​ដង​វែង។ ​គាត់​​ក៏​យល់​ឃើញ​ថា​ រូប​រាង​ចាប៉ី​ដង​វែង គឺ​មាន​ភាព​ស័ក្តិសម​ទៅ​នឹង​កម្ពស់​ខ្ពស់​​របស់​គាត់​ទៀត​ផង​»។

កញ្ញា នង ច័ន្ទមល្លិកា បាន​បន្ត​ឲ្យ​ដឹង​ទៀត​​ថា៖ «លោក Inuboshi បាន​​មក​ដល់​កម្ពុជា​នៅ​ឆ្នាំ ២០១៦ ហើយ​​បន្ទាប់​ពី​ការ​រៀន​ភាសា​ខ្មែរ​រយៈពេល ២ ឆ្នាំ គាត់​បាន​បំពេញ​ការងារ​នៅ​​ស្ថានទូត​ជប៉ុន​រយៈពេល ២ ឆ្នាំ។​ ចំណែក​ឯ​កញ្ញា Kusunoki Maria វិញ​​គាត់​ក៏​អាច​ច្រៀង​បទ​ចម្រៀង​ខ្មែរ​បាន​មួយ​ចំនួន​។ កញ្ញា​ Kusunoki Maria នឹង​បញ្ចប់​ការ​សិក្សា​ភាសាខ្មែរ ​និង​​ចាប់​ផ្តើម​បំពេញ​ការងារ​នៅ​ស្ថានទូត​​ជប៉ុន​ក្នុង​ពេល​ឆាប់ៗ​នេះ។ ស្ថានទូត​​ជប៉ុន​ក៏​នឹង​មាន​សិក្ខាកាម​ថ្មី ដែល​នឹង​​​មក​ដល់​នៅ​ខែ​កក្កដា ឆ្នាំ ​២០២០ នេះ​ ​ដើម្បី​សិក្សា​ភាសា​ខ្មែរ​រយៈពេល​ ២ ឆ្នាំ​ទៀត​ផង»។

គួរ​បញ្ជាក់​ផង​​ដែរ​ថា ចាប៉ីដងវែង​គឺ ​ជា​​ឧបករណ៍​ភ្លេង​បុរាណ​មួយ​ប្រភេទ​​ដែល​មាន​​ខ្សែ ២ ឬ​ខ្សែ ៤ តែ​ទោះ​ជា​យ៉ាង​ណា​ ឧបករណ៍​នេះ​ ក៏​នៅ​តែ​​មាន​សូរ​សំនៀង ២ ខ្សែ​ទេ គឺ​មាន​ខ្សែ​គ និង​ខ្សែ​ឯក ខណៈ​ពេល​បច្ចុប្បន្ន​ចាប៉ី​ដង​​វែង គេ​ច្រើន​ឃើញ​មាន​តែ​ប្រភេទ​ខ្សែ​ ២​​ តែ​ប៉ុណ្ណោះ​។

ឧបករណ៍​បុរាណ​មួយ​ប្រភេទ​នេះ ច្រើន​​ប្រគំ​ក្នុង​វង់​ភ្លេង​ការ​បុរាណ និង​វង់​ភ្លេង​អារក្ខ​ ហើយ​ក៏​អាច​សម្ដែង​ទោល សម្ដែង​ជា​គូ ឬ​សម្ដែង​ជា​ក្រុម​បាន សម្រាប់​កំដរ​ចម្រៀង​កំណាព្យ​​​តែង​ស្រាប់ ឬ​ការ​សម្តែង​​ដោយ​ការ​​​នឹក​រក​ពាក្យ​​ជួន​ភ្លាមៗ​។

កាន់​តែ​ពិសេស​ជាង​នេះ​ ទៅ​ទៀត​នោះ​​ អង្គការ​យូណេស្កូ បាន​ចុះ​បញ្ជី​ដាក់​ចាប៉ី​ដង​វែង​របស់​កម្ពុ​ជា ចូល​ទៅ​​ក្នុង​​បញ្ជី​បេតិ​កភណ្ឌ​វប្បធម៌​អរូបី កាល​ពី​​​​ថ្ងៃទី ៣០ ​ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៦ ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី ត្រូវ​ការ​ការ​សង្គ្រោះ​បន្ទាន់ ប្រារព្ធ​ធ្វើ​នៅឯ​ទីក្រុង Addis Ababa នៃ​ប្រទេស​​ អេត្យូពី៕