សៀមរាបៈ ក្នុងសភាពស្បែកជ្រីវជ្រួញ បង់ក្រមា ពាក់វ៉ែនតា លោកតាវ័យ ៨៦ ឆ្នាំត្រូវតស៊ូទាំងកម្លាំងខ្សត់ខ្សោយ ហើយសុខភាពក៏ទ្រុឌទ្រោម ដើម្បីរ៉ាប់រងបន្ទុកចិញ្ចឹមគ្រួសារដោយការដើរលក់ផ្កាកុលាប និងផ្កាម្លិះ គ្មានថ្ងៃឈប់សម្រាកនៅតាមចិញ្ចើមផ្លូវ និងភោជនីយដ្ឋាននានា។
ខ្សែជីវិតកម្សត់ដល់ចាស់នៅមិនគ្រប់គ្រាន់លោកតា ខាត ខែច នៅតែមកជួបទុក្ខ រងគ្រោះថ្នាក់ចរាចរណ៍ត្រូវម៉ូតូបុកប៉ុន្មានថ្ងៃមុននេះដែលបណ្ដាលឲ្យសប្បុរសជនតាមបណ្ដាញសង្គមកើតក្ដីអាណិត និងអំពាវនាវរកថវិកាសង្គ្រោះអ្នកលក់ផ្កាជរារូបនេះឲ្យជាសះស្បើយឡើងវិញ។
លោក ឡុង វណ្ណឌី វ័យ ២៨ ឆ្នាំត្រូវជាចៅរបស់លោកតាបង្កើតបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីជីវិតដ៏កម្សត់របស់តាយ៉ាងដូច្នេះថា៖ «លោកតាគាត់បានមករស់នៅសៀមរាបអស់រយៈពេលជាង ១០ ឆ្នាំ និងបានប្រកបមុខរបរលក់ផ្កានេះអស់រយៈពេលជាង ១០ ឆ្នាំ ដូចគ្នាដោយគាត់ត្រូវចិញ្ចឹមលោកយាយត្រូវជាប្រពន្ធគាត់ និងចៅកំព្រា ៥ នាក់ ដែលត្រូវម្តាយស្លាប់ចោល ហើយឪពុកក៏ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវក្បាល សព្វថ្ងៃត្រូវបញ្ជូនទៅផ្ទះខាងម្តាយបង្កើតគាត់វិញដែលមិនអាចរកស៊ីចិញ្ចឹមកូនៗទាំង ៥ នោះបាន ហើយបន្ទុកក៏ត្រូវធ្លាក់មកលើលោកតាម្នាក់ឯង ថែមទាំងមានកូនម្នាក់គាត់គថ្លង់មិនអាចធ្វើអ្វីបានទៀត»។
លោកតា ខាត ខែច វ័យ ៨៦ ឆ្នាំរស់នៅភូមិគោកអង្គង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ដោយសារតែជីវភាពក្រីក្រពេកលោកបានធ្វើចំណាកស្រុកមករស់នៅទឹកដីក្រុងសៀមរាប ដើម្បីប្រកបមុខរបរដើរលក់ផ្កាចិញ្ចឹមប្រពន្ធជរាឈ្មោះ នូ ស្រឿងវ័យ ៨១ ឆ្នាំដែលពុំអាចប្រកបរបរអ្វីបាន។ លោកតានៅមានបន្ទុកចិញ្ចឹមចៅកំព្រាចំនួន ៥ នាក់ព្រមទាំងកូនបង្កើតម្នាក់ ដែលមានពិការភាពគថ្លង់។
ក្នុងវ័យសក់ស ស្បែកជ្រួញ ខ្សោយកម្លាំងកំហែង លោកតាត្រូវដើរលក់ផ្កាកុលាប ១ ទងតម្លៃ ៤,០០០ រៀល និងផ្កាម្លិះ ១ ភួង ៥,០០០ រៀលតាំងពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ១២ ថ្ងៃត្រង់ទើបសម្រាក។
កម្រៃរកបានបន្តិចបន្តួចទៅតាមថ្ងៃដែលលក់បានច្រើន ថ្ងៃខ្លះក៏លក់បានតិចតួច ល្មមអាចផ្សែផ្សំយកមកទប់ទល់នឹងចំណាយគ្រួសារបានខ្លះតែប៉ុណ្ណោះ។ ជាអកុសលនាយប់ថ្ងៃទី ៥ ខែឧសភាលោកតាត្រូវបានម៉ូតូបុករបួសជើង ដួលបោក បាក់ឆ្អឹងថ្ពាល់ និងកកឈាមក្នុងខួរក្បាល។
ក្នុងនាទីសន្ទនាតាមទូរស័ព្ទខណៈលោកតាកំពុងស្ថិតក្នុងបន្ទប់វះកាត់លោក ឡុង វណ្ណឌី ក៏បានបន្ថែមយ៉ាងខ្លីទៀតថា៖ «តាមពិតទៅលោកតាគាត់មានកូនបីនាក់ ប៉ុន្តែកូនទី១ របស់គាត់ជាស្ត្រីមេម៉ាយ រស់នៅខេត្តសៀមរាប ដែលមានកូននៅក្នុងបន្ទុកគ្រួសារដែរ ដែលមិនអាចជួយលោកតាបាន។ កូនទី២ វិញបានស្លាប់យូរមកហើយ និងកូនទី៣ គថ្លង់ ដែលមិនអាចធ្វើអ្វីបានគាត់មើលថែមករហូតស្រាប់ហើយ។ ឥឡូវគាត់ក៏ត្រូវម៉ូតូបុករងរបួសធ្ងន់ត្រូវបញ្ជូនមកភ្នំពេញ ហើយក៏ចាប់អ្នកបុកមិនបានទៀត»។
លោកតាត្រូវបានបញ្ជូនមកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ីក្នុងបន្ទប់វះកាត់កាលពីថ្ងៃទី ៨ ខែ ឧសភា ម្សិលមិញ។ សប្បុរសជនអាចទាក់ទងទៅចៅលោកតាតាមរយៈលេខ ០៩៦ ៨៥ ១៥ ១៩៩៕