ភ្នំពេញៈ លោក​បណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា ដែល​បានរួម​ចំណែក​ជំរុញ​ការអប់រំ និង​មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​ក្នុង​នាម​ជា​តំណាង​នៃ​ក្រុម JSA និង​ក្រុម JASA កាលពី​ថ្ងៃទី​ ២២ ខែ​សីហា ឆ្នាំ​ ២០១៩ បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​សម្រាប់​ខួប ២៥ ​ឆ្នាំ​នៃ​ការរួមចំណែក​របស់​លោក​លើ​ការថែរក្សា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា ខណៈ​លោក​មាន​វត្តមាន​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ប្រមាណ​ ២៧ ​ឆ្នាំ​មក​ហើយ​ដែរ​។

លោក​បណ្ឌិត និង​ក្រុមការងារ​ពេល​ចុះ​ទៅ​តំបន់​ប្រាសាទ​សំបូរព្រៃគុក​។ រូប សហការី

នា​រយៈពេល ២៥ ​ឆ្នាំ​នេះ​ក្រុម​ការងារ​របស់​លោក​បណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា និង​អ្នកជំនាញ​ពាក់ព័ន្ធ​របស់​ខ្មែរ​បាន​សម្រេច​ការងារ ៥ ​ដំណាក់កាល​ធំៗ​រួម​មាន​ដូចជា ដំណាក់កាល​ទី​ ១ (​ឆ្នាំ​ ១៩៩៤-១៩៩៩) បាន​ធ្វើការ​ជួសជុល​បណ្ណាល័យ​ខាងជើង​នៃ​ប្រាសាទ​បាយ័ន​ដែល​មាន​ភាព​ទ្រុឌទ្រោម​ខ្លាំង ដំណាក់កាល​ទី​ ២ (​ឆ្នាំ​​ ១៩៩៩-២០០៥) ​បាន​ធ្វើការ​ជួសជុល​បណ្ណាល័យ​ខាង​ជើង​នៃ​ប្រាសាទ​អង្គរវត្ត និង​មជ្ឈមណ្ឌល​នៃ​ព្រះរាជវង្សានុវង្ស ដែល​ជា​ទីកន្លែង​ដ៏កម្រ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ដំណាក់កាល​ទី​ ៣ (​ឆ្នាំ​ ២០០៥-២០១១) បណ្ណាល័យ​ខាងជើង និង​ខាងត្បូង​ប្រាសាទ​បាយ័ន​ជា​ការងារ​បញ្ចប់​លើ​គម្រោង​ជួសជុល​ទាំង​ ២ ដំណាក់កាល​មុន​។ ឯ​ដំណាក់កាល​ទី​ ៤ (​ឆ្នាំ​ ២០១១-២០១៨) ជា​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​រូបរាង​នៃ​ប្រាសាទបាយ័ន​ខាងកើត​ដោយ​ធ្វើការ​អភិរក្ស និង​ជួសជុល​ជ្រុង​ពន្លា​ទិសអាគ្នេយ៍ ខ្លោងទ្វារ​ខាងកើត និង​ទីធ្លា​ជុំវិញ​ផ្នែក​ខាងក្រៅ​ប្រាសាទបាយ័ន​។ ចំណែក​ដំណាក់កាល​ទី​ ៥ (​ឆ្នាំ​ ២០១៨-២០២១) ការងារ​ធ្វើ​ទៅ​លើ​តួ​កណ្តាល និង​ចម្លាក់​លឹប​ខាងក្នុង​នៃ​ប្រាសាទបាយ័ន គឺ​តួកណ្តាល​ប្រាសាទ​មាន​ថ្ម​រាង​ស៊ីឡាំង​មាន​កម្ពស់ ៤២ ​ម៉ែត្រ​ស្ថិត​នៅ​លើ​ថ្នាក់​កម្ពស់ ១០ ​ម៉ែត្រ ខណៈ​ការស្រាវជ្រាវ​បង្ហាញ​ថា តួ​កណ្តាល​នៃ​ប្រាសាទ​ពឹង​ទៅ​លើ​មូលដ្ឋានគ្រឹះ​ខ្សាច់ ហើយ​ចម្លាក់​លឹប​ខាង​ក្នុង​មាន​ប្រវែង ២៧០ ម៉ែត្រ​បង្ហាញ​ពី​ការគោរព​តាម​សាសនាព្រាហ្មណ៍ និង​ការបូជា​អាទិទេព​។

គម្រោង​នៃ​ការជួសជុល និង​ស្តារ​នៅ​តំបន់​ប្រាសាទបាយ័ន​។ រូបថត សហការី

លោក​បណ្ឌិត​ជា​ប្រធាន​ក្រុម​រដ្ឋាភិបាល​ជប៉ុន​លើ​ការថែរក្សា​ការពារ​ប្រាសាទ​អង្គរ​ (JSA) បង្កើត​នៅ​ឆ្នាំ​ ១៩៩៤ និង​ជា​សហប្រធាន​នៃ​គម្រោង​ជប៉ុន-អប្សរា​ការពារ​ប្រាសាទ​អង្គរ​ (JASA) ​នៅ​ឆ្នាំ​ ២០០៥ ព្រមទាំង​បណ្តុះបណ្តាល​អ្នកជំនាញ​បច្ចេកទេស​កម្ពុជា​ជាច្រើន​រូប​លើ​គម្រោង​ចំនួន​ ២៥ ​ឆ្នាំ​មកនេះ​។

បទពិសោធ​ ២៥ ​ឆ្នាំ​របស់​លោក​បណ្ឌិត​គឺ​បាន​សិក្សា​ស៊ីជម្រៅ​ពី​ប្រវត្តិ​នៃ​ស្ថាបត្យកម្ម ស្រាវជ្រាវ ជួសជុល អភិរក្ស និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅតាម​តំបន់​ប្រាសាទបុរាណ​ជា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។ លោក​បណ្ឌិត​បាន​កោតសរសើរ និង​សង្កត់ធ្ងន់​លើ​ការស្រាវជ្រាវ​ឃើញ​ពី​វិធីសាស្ត្រ​ដ៏អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​ក្នុង​ការកសាង​គ្រឹះ​ប្រាសាទ​មាន​បច្ចេកទេស​ច្នៃប្រឌិត​ខ្ពស់​ថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​ពី​វិធីសាស្ត្រ​នៃ​ការកសាង​គ្រឹះ​ប្រាសាទបុរាណ​របស់​ដូនតា​ខ្មែរ​តាំងពី​បុរាណកាល​មក​។ រូបមន្ត​ពិសេស​របស់​បុព្វបុរស​ខ្មែរ​គឺ​ការប្រើ​ដីខ្សាច់​ចាក់​បង្ហាប់​តាម​ថ្នាក់ ឬ​ជាន់​នៅ​តាម​គ្រឹះ​ប្រាសាទ​បុរាណ​នានា​គឺជា​ទស្សនវិស័យ​ស្វែងយល់​បាន​ឆ្ងាយ សព្វគ្រប់ ស្រប​តាម​អាកាសធាតុ​កម្ពុជា​មាន​ ២ ​រដូវ​អាច​ធន់​បាន​រាប់រយ ឬ​ពាន់​ឆ្នាំ​»៕