ភ្នំពេញ៖ ដោយសារ​​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ ព្រោះ​គ្មាន​ធនធាន​ជំនាន់​ក្រោយ​ ​និង​ចង់​ឲ្យ​កូន​ខ្មែរ​ ជួយ​​ថែរក្សា ឬ​​​អភិរក្ស​នូវ​​ទម្រង់​សិល្បៈ​ចម្រៀង​ពី​បរម​បុរាណ​មក ​គឺ​ចម្រៀង​ប្រពៃណី​អាយ៉ៃ​នោះ ទើប​ជម្រុញ​ឲ្យ​​វីរ​សិល្បករ​ផ្នែក​​ចម្រៀង​អាយ៉ៃ​លោក ព្រហ្ម​ ម៉ាញ បើក​​បង្រៀន​​​ឥត​គិត​ថ្លៃ​ដល់​​កូន​ខ្មែរ​ ជំនាញ​ចម្រៀង​អាយ៉ៃ ដែល​បើក​បាន​ប្រមាណ ​២ ​សប្តាហ៍​មក​ហើយ​នៅ​ផ្ទះ​របស់​លោក​ផ្ទាល់​​។​​

តារាច​ម្រៀង​ប្រពៃណី​ក្នុង​មង្គល​ការ​​ និង​​​អាយ៉ៃ​ មាន​វ័យ​ជិត ​៧០ ឆ្នាំ​​ លោក ព្រហ្ម ម៉ាញ បាន​ឲ្យ​ដឹង​ពី​សម្ទុះ​​នៃ​ការ​ចាប់​អារម្មណ៍​ចង់​រៀន​​​ជំនាញ​អាយ៉ៃ​ ​ចាប់​តាំង​ពី​បាន​​​បើក​កាល​​ថ្ងៃ​ទី ​១ ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩ មក​នោះ​ថា៖ «​​​បើ​​គិត​មក​ដល់​​ត្រឹម​ថ្ងៃ​នេះ [ថ្ងៃទី ​១៤ ខែ ​វិច្ឆិកា ឆ្នាំ​២០១៩] ខ្ញុំ​​ទទួល​​បាន​សិស្ស​​ចំនួន ​១២ នាក់​ហើយ​ ដោយ​មាន​​ទាំង​​ចំនួន​​សិស្ស​ប្រុស និង​សិស្ស​ស្រី ​គឺ​ប្រហាក់​ប្រហែល​គ្នា​។ ​ឯ​ការ​​​ទទួល​​​​សិស្ស​​ចូល​រៀន​មិន​​កំណត់​ចំនួន​​ឡើយ ឲ្យ​​តែ​ចាប់​អារម្មណ៍​​​ចង់​រៀន។ ការ​​​ទទួល​ចាប់​​​ពី​វ័យ​ ១០ ឆ្នាំ​ ឡើង​​​ទៅ ឬ​មាន​វ័យ​ ៦០ ​ឆ្នាំ ក៏​​អាច​រៀន​បាន​ផង​ដែរ​ឲ្យ​តែ​ចិត្ត​ចង់​រៀន​ ហើយ​​​ការ​បង្រៀន​នេះ​ មិន​យក​ប្រាក់​កម្រៃ​​​​​នោះ​ឡើយ ​គឺ​ថែម​ទាំង​អាច​ឲ្យ​សិស្ស​ ដែល​ជួប​​ផល​លំបាក​ អាច​​មក​ស្នាក់នៅ​ផ្ទះ​ជា​សាលា​រៀន​អាយ៉ៃ ​​មាន​​ទីតាំង​​​នៅ​​ក្នុង​បុរី KC ជិត​វត្ត​តាំងកសាង​ ផ្ទះ​​លេខ​​ L14 នៃ​សង្កាត់​កាកាប ២ ​ក្នុង​ខណ្ឌ​​ពោធិ៍សែនជ័យ​​ រាជធានី​ភ្នំពេញ​​»។​

លោក​បាន​បន្ត​ថា៖ «​តាម​ពិត​ទៅ គម្រោង​បើក​​បង្រៀន​​នេះ ខ្ញុំ​មាន​តាំង​ពី ​៣ ឆ្នាំ​មុន​មក​ម្ល៉េះ ខណៈ​ខ្ញុំ​ខំ​រក​ប្រាក់​ និង​រក្សា​ទុក​ ដើម្បី​ទប់ទល់​ការ​​​ចំណាយ​​មុន​នៃ​ការ​បើក​បង្រៀន​នេះ តែ​ជា​អកុសល​ ត្រូវ​ចោរ​គាស់​ផ្ទះ​លួច​យក​ប្រាក់​អស់​ ហើយ​​​​ការ​​សម្រេច​បើក​បង្រៀន​​សិស្ស​ នា​ពេល​នេះ ក៏​ដោយសារ​មាន​ការ​ជំរុញ​ខ្លាំង​​ពី​ថ្នាក់​ដឹកនាំ​កំពូល​ផង​ដែរ ​គឺ​សម្តេច​ក្រឡា​ហោម ដែល​លោក​ធ្លាប់​ប្រាប់​ឲ្យ​ខ្ញុំ​ជួយ​បង្កើត​​សាលា​បង្រៀន ឬ​មណ្ឌល​​បណ្តុះ​បណ្តាល​​ជំនាញ​អាយ៉ៃ​​នេះ​»។​​

យ៉ាង​ណា​​​ការ​រៀន​ជំនាញ​សិល្បៈ​ចម្រៀង​ប្រពៃណី​​អាយ៉ៃ​នេះ ក៏​ទាមទារ​ឲ្យ​​មាន​លក្ខណៈ​ត្រៀម​ខ្លួន​​មួយ​ចំនួន​​ដែរ ដើម្បី​​​រៀន​ និង​អាច​ចាប់​យក​ទៅ​ប្រកប​​​របរ​ចិញ្ចឹម​ជីវិត​បាន​ ដូច​ជា​ត្រូវ​តែ​​​អ្នក​និយម​ចូល​ចិត្ត​អាន​​អត្ថបទ​​​​កំណាព្យ​​​ច្រើន​ ឬ​ចេះ​តែង​​កំណាព្យ​បទ​ពាក្យ ​៧ និង​ពាក្យ ​៨​ ដោយ​ខ្លួន​ឯង​ ដែល​នេះ​គឺ​​​ជា​មូលដ្ឋាន​​មួ​យ​ដ៏​សំខាន់​មួយ​​សម្រាប់​ចម្រៀង​ប្រពៃណី​​អាយ៉ៃ​ ព្រោះ​ថា​រាល់​ពាក្យ​ពេចន៍ ​​ក្នុង​​​អត្ថបទ​កំណាព្យ ជាពិសេស ​​​បទ​ពាក្យ ​៧ និង​ពាក្យ ​៨​ គឺ​អ្នក​ច្រៀង​អាយ៉ៃ​ អាច​យក​ទៅ​ច្រៀង​បាន​។ នេះ​បើ​​​យោង​តាម​ការ​​អះអាង​បញ្ជាក់​ពី​ លោក​ ព្រហ្ម​ ម៉ាញ​។​

លោក​ ព្រហ្ម​ ម៉ាញ​ បាន​បន្ថែម​ថា៖ «​ចម្រៀង​អាយ៉ៃ​នេះ ប្រសិន​បើ​ជា​អ្នក​នោះ​​គឺ​ជា​អតីត​ធ្លាប់​បាន​បួស​រៀន​ជ្រៅជ្រះ​ពី​ធម៌​អាថ៌​នោះ ​គឺ​រឹត​តែ​ប្រសើរ​ព្រោះ​​ថា សម្រាប់​អាយ៉ៃ​ ភាគ​ច្រើន​ត្រូវ​​ការ​យក​រឿង​រ៉ាវ​នៅ​​ក្នុង​​ព្រះ​ធម៌​នៃ​ពុទ្ធ​ឱវាទ​​នានា មក​តំណាល​ជា​រឿង ​ចែក​ជូន​អ្នក​ស្តាប់​​ដែរ​ ក្រៅ​ពី​មាន​ទេពកោសល្យ​ចេះ​​​តាក់​តែង​​កំណាព្យ​​កាព្យ​ឃ្លោង​​​នោះ​។​

ខណៈ​ផ្នត់​គំនិត​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ ដែល​និយម​ចាប់​យក​អាជីព​ជា​អ្នក​សិល្បៈ​ នា​សម័យ​កាល​បច្ចុប្បន្ន​នេះ រមែង​គិត​រិះ​រក​ជំនាញ​ណា​ ដែល​រៀន​​ហើយ​​អាច​យក​ទៅ​ប្រកប​ឆាប់​​បាន​​ផល​តប​ស្នង​វិញ​ជា​តម្លៃ​​ទឹក​ប្រាក់​បាន​ច្រើន​ និង​​អាច​ជួយ​ឲ្យ​​​ពួក​គេ​​មាន​ជីវភាព​ធូរធារ​​​លឿន។ ដូច្នេះ​ប្រសិន​បើ​ជំនាញ​​​សិល្បៈ​​ណា​មិន​អាច​ជួយ​​សម្រួល​ដល់​ជីវភាព​ឲ្យ​រស់​បាន​ស្រួល​នោះ​ទេ ​គឺ​ពួក​គេ​មិន​បាន​ចាប់​អារម្មណ៍​​ឡើយ ហើយ​តាម​សង្កេត​សិល្បៈ​​បែប​ប្រពៃណី​​​បុរាណ​ មិន​សូវ​មាន​ក្មេងៗ​ជំនាន់​​ក្រោយ​ចាប់​អារម្មណ៍​ទេ​​។​

ខុស​ពី​ការ​​ស្មាន​ លោក ព្រហ្ម ម៉ាញ វីរ​​សិល្បករ​អាយ៉ៃ​ ដែល​ទទួល​បាន​​ងារ​តាំង​ពី​ឆ្នាំ ​២០០៨ ​នោះ បង្ហើប​ឲ្យ​ដឹង​​ពី​ជីវភាព​ធូរធារ​ដោយសារ​តែ​អាជីព​​​នេះ​​ដែរ​ថា​៖ «​ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ប្រសិន​បើ​និយាយ​ពី​អាជីព​អាយ៉ៃ និង​ចម្រៀង​ប្រពៃណី​នេះ​បាន​ជួយ​ចម្រុង​ចម្រើន​ដល់​​ខ្ញុំ​ច្រើន​ណាស់​គឺ​ជួយ​ឲ្យ​ខ្ញុំ​មាន​​កេរ្តិ៍​​ឈ្មោះ​ល្បី​ មាន​មហាជន​ស្រឡាញ់​គាំទ្រ​​ច្រើន ហើយ​ខ្ញុំ​ក៏​អាច​ទទួល​បាន​ប្រាក់​ចំណូល​តាម​នេះ​ក៏​ច្រើន​ ដែល​អាច​ទ្រទ្រង់​ជីវភាព​​បាន​ល្អ​។ ប្រការ​សំខាន់​នោះ សិល្បៈ​អ្វី​ក៏​ដោយ​​​ឲ្យ​​តែ​យើង​​រៀន​ចេះ​​​​ប្រាកដ​ ​គឺ​​ទទួល​​បាន​ជោគជ័យ​មិន​​ខាន​ទេ​»។​

យ៉ាង​ណា​វីរសិល្បករ​ចម្រៀង​​អាយ៉ៃ ដែល​​មហាជន​ខ្មែរ​តែង​បង្ហាញ​ពី​ការ​កោត​សរសើ​រពី​ទេពកោស​ល្យ​​នៃ​សិល្បៈ​​ចម្រៀង​អាយ៉ៃ​ឆ្លើយ​ឆ្លង និង​ជា​ដៃ​គូ​ដ៏​ស័ក្តិសម​​​នឹង​យាយ យ៉យ នោះ​ ក៏​​​​បង្ហាញ​ពី​ក្តី​បារម្ភ​ផង​ចំពោះ​សិល្បៈ​ប្រពៃណី​អាយ៉ៃ​នេះ ដោយ​រំលេច​ពាក្យ​ប្រៀប​ប្រដូច​​​ដូច្នេះ​ថា​​៖ «ទារក​កើត​ពី​ផ្ទៃ​ម្តាយ​ នៅ​សម័យ​​នេះ គេ​អាច​កំណត់ និង​មើល​ដឹង​យ៉ាង​ច្បាស់​ពី​​វេលា​​កើត​​បាន​ តែ​សម្រាប់​ការ​ស្លាប់​វិញ​​ពិត​ជា​មិន​អាច​មើល​ឃើញ​បាន​​ឡើយ​។ យ៉ាង​ណា​មិញ ខ្ញុំ​ជា​មនុស្ស​ជំនាន់​មុន ដែល​ចាប់​អាជីព​ចម្រៀង​ប្រពៃណី​ និង​អាយ៉ៃ​ ហើយ​មាន​វ័យ​ជិត ​៧០ ឆ្នាំ​ទៅ​ហើយ​ដែរ​ ដូច្នេះ​គិត​ថា ចង់​ទុក​មេរៀន​​នៃ​ជំនាញ​នេះ​ខ្លះ​ចែក​ជូន​​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​​ ដើម្បី​ឲ្យ​​ពួក​គេ​ជួយ​ថែរក្សា​ និង​អភិរក្ស​បន្ត​ទៅ​ជំនាន់​ក្រោយៗ​ទៀត»៕​​