ភ្នំពេញ៖​ ខណៈ​ភាគ​ច្រើន​ធ្លាប់​តែ​​ដឹង​ឮ និង​ឃើញ​ស្នាដៃ​របស់​​លោក ម៉ក់ រ៉េមីស្សា ប្រើ​បច្ចេកទេស​​​ថត​​ដ៏​ចំណាន​​​​បញ្ចេញ​ជា​ស្នាដៃ​ចុះ​ផ្សាយ​​​​នៅ​​តាម​បណ្តាញ​សារព័ត៌មាន​នានា​ និង​ទទួល​​ការ​កោត​សរសើ​​ពី​គុណភាព​នៃ​ការ​ថតរូប​បាន​ល្អ​ពី​សំណាក់​​អ្នក​អាន​​នោះ ស្រាប់​តែ​ឱកាស​ប្រារព្ធ​កម្មវិធី​មហោស្រព​រូបថត​ភ្នំពេញ​ឆ្នាំ ​២០១៩ ​នេះ​ លោក​ក៏​មាន​ចំណង​ដៃ​ដ៏​​ពិសេស​ ​អបអរ​សាទរ​ខួប​ទី ១០ នៃ​ការ​រៀបចំ​មហោស្រព​ផង​ដែរ ​ជាមួយ​​ស្នាដៃ​គំនូរ​ចំនួន ១០ ផ្ទាំង ដាក់​តាំង​នៅ​វិចិត្រសាល​នៃ​វិទ្យាស្ថាន​បារាំង​។​​

បើ​​តាម​ការ​បង្ហើប​ប្រាប់​ពី​លោក​ សុវណ្ណ ភីឡុង នាយក​រង​នៃ​សមាគម​អ្នក​ថតរូប​បង្ហើប​ឲ្យ​ដឹង​ពី​ការ​បង្កើត​ស្នា​ដៃ​គំនូរ​ចំនួន​ ១០ ផ្ទាំង របស់​អ្នក​ថតរូប​ជើង​ចាស់​លោក ម៉ក់ រ៉េមីស្សា ដែល​កំពុង​តែ​ដាក់​តាំង​​នៅ​ក្នុង​វិចិត្រសាល​នៃ​​​វិទ្យាស្ថាន​បារាំង​ នា​ឱកាស​ប្រារព្ធ​​មហោស្រព​​រូបថត​ភ្នំពេញ​ឆ្នាំ​នេះ​​​ថា៖ «​ក្នុង​​មហោស្រព​​​ពិព័រណ៍​រូបថត​​ខួប​លើក​ទី ១០ នេះ លោក​​បាន​បញ្ចប់​​កម្រង​រូប​គំនូរ​​​​មួយ​​ ដែល​​​លោក​​គូរ​​រូប​លោក​​ខ្លួន​ឯង​ជា​ជាង​​ថត​រូប​ចំនួន​ ​១០ ផ្ទាំង​។ រូប​គំនូរ​ទាំង​នោះ​ ​​បង្ហាញ​​ពី​​រូប​​លោក​​​​នៅ​​ក្នុង​​ទឹក​មុខ​អស់​​កម្លាំង​​ ល្ហិត​ល្ហៃ ដោយសារ​ការងារ​​របស់​​លោក​នឿយហត់​ខ្លាំង ​ដោយសារ​​​​ទម្ងន់​នៃ​​​កាមេរ៉ា ដោយសារ​​ការងារ​​​​​ដដែលៗ ​ហើយ​ក៏​ទំនង​ជា​ភាព​ធុញ​ទ្រាន់​​​នឹង​អាជីព​ផង​ដែរ​មើល​ទៅ​​​នោះ​។

ប៉ុន្តែនេះ ​គឺ​គ្រាន់​តែ​ចង់​ប្រាប់​ថា ​លោក​ក៏​​​​មិន​បាន​​​បាត់បង់​​ជំនាញ​ជា​ជាង​គំនូរ​ ដែល​ធ្លាប់​បាន​រៀន​​​ពី​មុន​មក​នោះ​ទេ ហើយ​បើ​ទោះបី​​ជា​​រូប​គំនូរ​​ទាំង​នោះ មាន​ពណ៌​​ស្លេក​​ជាង​ពណ៌​​រូបថត​របស់​​លោក​​ក្ដី ក៏​លោក​​​​​​នៅ​តែ​ចោទ​សួរ​ខ្លួន​ឯង​ពី​​អំពី​អត្ថន័យ ​​និង​ខ្លឹមសារ​នៃ​រូប​ដូច​គ្នា​ទៀត​​ផង​​ដែរ»។

លោក ម៉ក់ រ៉េមីស្សា ប្រែក្លាយ​បណ្តុំ​រូបក្នុង​អាជីពថត​រូប​ទៅ​ស្នាដៃគំនូរ​តាំងនៅវិចិត្រសាលវិទ្យាស្ថានបារាំង​​​។ រូបថត វិទ្យាស្ថានបារាំង​

លោក សុវណ្ណ ភីឡុង បន្ត​ឲ្យ​ដឹង​ថា៖ «​ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៥ ​មក​នៅ​ពេល ​ដែល​​​​​​បញ្ចប់​ការ​សិក្សា​ផ្នែក​គំនូរ​​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​​វិចិត្រ​សិល្បៈ ​​​នៅ​​ក្នុង​រាជធានី​ភ្នំពេញ។ លោក​​ ម៉ក់ រ៉េមីស្សា មិន​ដែល​​​កាន់​​ជក់​​គូរ​រូប​ទាល់​តែ​​សោះ​។ លោក​បាន​ចំណាយ​​​ពេល​ទាំង​ស្រុង​​ទៅ​​លើ​ការងារ​ថតរូប។ ទន្ទឹម​នឹង​ការ​ប្រកប​​​អាជីព​ជា​អ្នក​ថតរូប​សារព័ត៌មាន ​លោក​ក៏​​ឆ្លៀត​ធ្វើ​កិច្ច​ការ​ផ្ទាល់​ខ្លួន​មួយ​ទៀត ​គឺ​​ការ​តាក់តែង​​​រឿង​ព្រេង​​បែប​​ទស្សនវិជ្ជា តាមរយៈ​​រូបភាព និង​និយាយ​អំពី​ប្រធានបទ​​​ផ្ទាល់​ខ្លួន​ ​ដែល​បង្ហាញ​​ពី​​ក្តី​កង្វល់​​របស់​​លោក​​​ចំពោះ​បរិស្ថាន និង​ការ​ចងចាំ ដោយ​ប្រើ​ពណ៌​​នៅ​ក្នុង​វិធី​សាស្ត្រ​​ដ៏​ប៉ិន​​​ប្រសប់​របស់​​លោក​។ លោក ម៉ក់ រ៉េមីស្សា ជា​អ្នក​ថត​រូប​ឆ្នើម​របស់​ទីភ្នាក់ងារ​ព័ត៌​មាន EPA រយៈពេល ១២ ឆ្នាំ និង​ជា​អតីត​អ្នក​ថតរូប​នៅ​សារព័ត៌មាន​​បារាំង Cambodge Soir ចំនួន ១០ ឆ្នាំ​ដែរ​»​ ។​

លោកគ្រូ​បង្រៀន​ផ្នែក​ថតរូប​ដ៏​ល្បី​នៅ​​សាលា​ថតរូប​នៃ​វិទ្យាស្ថាន​បារាំង​រូប​នេះ ក៏​ធ្លាប់​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​​ដំណើរការ​ប្រកប​អាជីព​របស់​ខ្លួន​ដែរ​​​ថា​៖ «តាម​ពិត​ទៅ​ កាល​ពី​ដំបូង​​ឡើយ ខ្ញុំ​គឺ​ជា​និស្សិត​ដែល​បាន​បញ្ចប់​ការ​​សិក្សា​នៅ​ផ្នែក​គំនូរ ហើយ​ក្រោយ​ពេល​​រៀន​ចប់​ក៏​បាន​ប្រឡូក​វិស័យ​គំនូរ​នេះ​​បាន​ប៉ុន្មាន​ឆ្នាំ​ដែរ។ តែ​ក្រោយ​មក​ក៏​មាន​ការ​ពេញ​និយម​ខាង​ថត​រូប ក៏​បាន​​ជំរុញ​ខ្ញុំ​ប្រែ​ក្លាយ​ទៅ​ជា​អ្នក​ថតរូប​វិញ។ កាល​ពី​ដំបូង​ឡើយ ខ្ញុំ​ធ្វើ​ការ​ជា​អ្នក​ថតរូប​​ឲ្យ​ទស្សនា​វដ្តី Le Mekong នៅ​ក្នុង​ចន្លោះ​ឆ្នាំ ១៩៩៦-៩៧ ហើយ​ក្រោយ​មក​ខ្ញុំ​ក៏បាន​ទៅ​ធ្វើ​ការ​នៅ​កាសែត​បារាំង​មាន​ឈ្មោះ Cambodge Soir បាន​ចំនួន ១០ ឆ្នាំ និង​ចុង​ក្រោយ​រហូត​​ដល់​ពេល​នេះ​​នៅ EPA មាន​​ចំនួន​ប្រហែល​ជា​១២-១៣ ឆ្នាំ​ដែរ» ៕​