ភ្នំពេញៈ ដោយសារ​ក្តីបារម្ភ និង​ខ្លាច​បាត់បង់​នូវ​កេរមរតក​ដូនតា​ផ្នែក​ស្មូត្រ​កំណាព្យ និង​ចម្រៀង​បុរាណ​យីកេ និង​មហោរី​នោះ ទើប​ជំរុញ​ឲ្យ​សិល្បករ​ជើងចាស់​លោក យ៉ាន់ បូរិន្ទ និង​ក្លិប​អភិរក្ស​មរតក​កំណាព្យ​ខ្មែរ និង​សាលា​អភិរក្ស​មរតក​សិល្បៈ​បុរាណ​ខ្មែរ​នៅ​តែ​ខិតខំ​បន្ត​បើក​វគ្គ​ខ្លី​ចំនួន ៣ ខែ ដើម្បី​ទទួល​បង្រៀន​សិស្សានុសិស្ស​ផ្នែក​កំណា្យ និង​ចម្រៀង​​បុរាណ​នេះ​ទាំង​ត្រដាបត្រដួស​រហូត​មក​។

លោក សីហា ឧត្តម ជា​ប្រធាន​ក្លិប​អភិរក្ស​មរតក​កំណាព្យ​ខ្មែរ និង​សាលា​អភិរក្ស​មរតក​សិល្បៈ​បុរាណ​ខ្មែរ​បាន​រៀបរាប់​ឲ្យ​ដឹង​ពី​ការបង្កើត​ក្លិប និង​សាលាបង្រៀន​វគ្គខ្លី​នៃ​ជំនាញ​សិល្បៈ​ខាង​លើ​នេះ​ថា​៖ «​តាមពិត​ទៅ​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​ដែល​មាន​ចំនួន ៣ ​ខែ​លើ​ការបង្រៀន​ពី​របៀប​តាក់តែង​កំណាព្យ និង​ស្មូត្រ​កំណាព្យ​នេះ​គឺថា​បាន​ដំណើរការ​យូរ​មក​ហើយ តែ​គ្រាន់​តែ​មាន​ទីតាំង​ច្បាស់លាស់​ជ្រក​ក្រោម​ដំបូល​សាលា​រចនា (​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​) ត្រឹម​ឆ្នាំ​ ២០១៥ ខណៈ​បើក​ដំបូង​ឧស្សាហ៍​ដូរ​ទីតាំង​ចាប់ពី​ឆ្នាំ​ ២០០៩ មក​។ ការស្មូត្រ​កំណាព្យ​ដែល​មាន​របៀប​សូត្រ​ដល់​ទៅ ៦០ របៀប​នោះ​គឺ​បង្រៀន​ដោយ​លោក​សាស្ត្រាចារ្យ យ៉ាន់ បូរិន្ទ ហើយ​យើង​ក៏​មាន​បែងចែក​ជា ៥ កម្រិត​ផង​ដែរ​។ ការ​ខំ​បើក​បណ្តុះបណ្តាល​វគ្គ​ខ្លី​នេះ ក៏ដោយសារ​យល់ថា សិល្បៈ​ប្រភេទ​ទាំង​នេះ​ហាក់​អាច​នឹង​ប្រឈម​នូវ​ការបាត់បង់​អ្នក​ស្នង​នៅ​ថ្ងៃ​ក្រោយ​»​។

លោក យ៉ាន់ បូរិន្ទ គ្រូបង្រៀន​ស្មូត្រ​កំណាព្យ ។ រូបថត ហ្វេសប៊ុក

បើ​តាម​ការបង្ហើប​ឲ្យ​ដឹង​ពី​ប្រធាន​ក្លិប​លោក សីហា ឧត្តម ចំនួន​សិស្ស​ទាំង​រៀន​ផ្នែក​ស្មូត្រ​កំណាព្យ និង​ចម្រៀង​បុរាណ​យីកេ និង​មហោរី​គឺ​សុទ្ធតែ​ថយ​ចំនួន​សិស្ស​ចូលរៀន​។ ដូច្នេះ​ហើយ​នៅ​សល់​ពេល​ចុងសប្តាហ៍​លោក យ៉ាន់ បូរិន្ទ ជា​សាស្ត្រាចារ្យ​ជំនាញ​ស្មូត្រ​កំណាព្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នោះ​ក៏​បាន​ឆ្លៀត​មក​បង្រៀន​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដែល​មាន​រយៈពេល ២ ម៉ោង​នៅ​តែ​ថ្ងៃ​សៅរ៍​ប៉ុណ្ណោះ​។

លោក សីហា ឧត្តម វ័យ​ ២៦ ​ឆ្នាំ​បាន​បន្ត​ថា​៖ «​ចំនួន​សិស្សានុសិស្ស​មក​រៀន​វគ្គ​ខ្លី​ចន្លោះ​ត្រឹមតែ​ពី ១៥ នាក់​ទៅ ៣៥ នាក់​ក្នុង​មួយ​វគ្គ​។ ខណៈ​ភាគច្រើន​សិស្ស​មកពី​បណ្តា​ខេត្ត​មួយ​ចំនួន​ដូចជា​ខេត្ត​សៀមរាប កំពង់ចាម កំពត និង​តាកែវ​។ សិស្ស​ភាគច្រើន​ជា​ព្រះសង្ឃ ហើយ​សម្បូរ​មកពី​ខេត្ត​កំពង់ចាម​។ រៀន​មួយ​វគ្គ​ចំនួន ៣ ​ខែ​ដែល​មួយ​សប្តាហ៍​រៀន​តែ ១ ថ្ងៃ​ប៉ុណ្ណោះ​នៅ​ថ្ងៃ​សៅរ៍​មាន​ចំនួន ២ ​ម៉ោង​គឺ​ចាប់ពី ៨ ​ព្រឹក ដល់​ម៉ោង ១០ ​ព្រឹក និង​មួយ​វគ្គ​ត្រូវ​បង់ថ្លៃ ៤០ ដុល្លារ និង​មាន​ចេញ​វិញ្ញាបនបត្រ ១ សន្លឹក​ក្រោយពី​រៀន​ចប់​វគ្គ​។ ចំណែក​ថ្នាក់​ចម្រៀង​​មហោរី និង​យីកេ ​វិញ​ក៏​មាន​បង្រៀន​នៅ​ថ្ងៃ​សៅរ៍​ផង​ដែរ​ពី​ម៉ោង ១០ ដល់​ម៉ោង ១១ ព្រឹក​»​។

ប្រសិន​បើ​មាន​ចំណាប់​អារម្មណ៍​រៀន​វគ្គ​ខ្លី​បណ្តុះបណ្តាល​ពី​របៀប​ស្មូត្រ​កំណាព្យ​ជាមួយ​លោកគ្រូ យ៉ាន់ បូរិន្ទ នោះ​អាច​ទាក់ទង​តាម​ទូរស័ព្ទ 017 390 308 ឬ​តាម​ហ្វេសប៊ុក Seiha Oudom៕