ភ្នំពេញ៖ ខណៈ​ពេល​ថ្មីៗ​នេះ ​ក៏​​ស្រាប់​​លេច​​វត្តមាន​ផលិតករ និង​​អតីត​អ្នក​និពន្ធ​បទចម្រៀង​​​ល្បី​នៅ​ហង្សមាស​លោក​ សុខ ជំនោរ​ កំពុង​តែ​សម្រុក​​ផលិត​ថត​ MV បទ​ចម្រៀង​ជាច្រើន​ សម្រាប់​​ចេញ​​ផ្សាយ​​បន្ត​បន្ទាប់​​​ និង​ត្រៀម​នៅ​ឆ្នាំ ​២០២១ នៅ​ផលិតកម្ម​ថ្មី​សន្លាង​ ដែល​មាន​ឈ្មោះ​ថា​​ ផលិតកម្ម ​ដាវីត្រា​ មេឌៀរ (Davitra Media)។

ចំពោះ​ការ​លេច​ចេញ​វត្តមាន​លោក​ ​កវី​និពន្ធ និង​ជា​អ្នក​ដឹកនាំ​រឿង​ក៏​ដូចជា​ផលិតករ​មាន​បទពិសោធ​ចាស់​វស្សា​ដ៏​ល្បី​ ​ក្នុង​ពិភព​សិល្បៈ​ប្រមាណ​ជាង ​២០ ឆ្នាំ​ លោក សុខ ជំនោរ ​ក្នុង​​​ផលិតកម្ម​ថ្មី​ភ្លាមៗ​នេះ​​ លោក​​ក៏​​​បាន​​បង្ហើប​ប្រាប់ ​ភ្នំពេញ ​​ប៉ុស្តិ៍ ​ថា​​៖ «ដោយសារ​​តែ​បាន​មើល​ឃើញ​នូវ​លក្ខខណ្ឌ​​សម​ស្រប​​ និង​​មាន​គម្រោង​ការ​ជា​គោលដៅ​​ឆ្ពោះ​​ទៅ​មុខ​​វែង​ឆ្ងាយ ដែល​មាន​សារ​​ប្រយោជន៍​ទាំង​អស់​គ្នា​ គឺ​សម្រាប់​​ទាំង​ផលិតកម្ម ផលិតករ និង​សិល្បករ​ នោះ​ហើយ​ ទើប​​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូលរួម​ចាប់​ដៃ​គូ​​ធ្វើ​ការងារ​ជាមួយ​​នឹង​​​​ផលិតកម្ម​​ដាវីត្រា ​មេឌៀរ​​ ប្រមាណ​ជាង​ ​២ ខែ​មក​ហើយ ក្រោយ​ពី​មាន​ទំនាក់ទំនង​ និង​បាន​ជជែក​កិច្ច​ការងារ​​ជាមួយ​គ្នា​អស់​ពេល​​​ច្រើន​ឆ្នាំ​​មក​នោះ»​។

លោក សុខ ជំនោរ បាន​បន្ត​ថា​៖ «សម្រាប់​ខ្ញុំ ​ពេល​មក​កាន់​ការងារ​នៅ​ផលិតកម្ម​ ​ដាវីត្រា មេឌៀរ​​ នេះ​ក៏​ព្រោះ​តែ​មាន​ចំណុច​​​​ពិសេស​ជា​ច្រើន ដែល​ខាង​​​ផលិតកម្ម​មាន​ការ​​បើក​ទូលាយ​ និង​បាន​​ទទួល​យក​គម្រោង​​​​​ការ​របស់​ក្រុម​ការងារ​ខ្ញុំ​ ដែល​​ក្នុង​នាម​ជា​ក្រុម​សេវាកម្ម​​ផ្នែក​​​ផលិត​​បទ​ចម្រៀង និង​ភាពយន្ត​។ យើង​មាន​គម្រោង​ជា​​គោល​ការណ៍​ល្អ​សម្រាប់​ទាំង​​អស់​គ្នា ជា​ពិសេស​នោះ ​សិល្បករ-សិល្បការិនី​ ដោយ​យើង​បាន​ចែក​ប្រភេទ​នៃ​ផលិតកម្ម​​ផ្នែក​តារា​​ចម្រៀង​​​របស់​​ផលិតកម្ម​ ​ដាវីត្រា មេឌៀរ​​​​។

នៅ​ទី​នេះ យើង​នឹង​ផ្តល់​ឱកាស​​សម្រាប់​ក្រុម​​សិល្បករ-សិល្ប​ការិនី​ ទៅ​តាម​ប្រភេទ ​៣ ​យ៉ាង​ ​គឺ​ទី​១ សម្រាប់​​ក្រុម​តារា​ចម្រៀង​ជា​រលក​ក្រោយ ​ដែល​ពួក​គាត់​មាន​​ទេពកោសល្យ​ ខណៈ​ទី​២ សម្រាប់​ក្រុម​តារា​ចម្រៀង​​ដែល​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​​មធ្យម​ តែ​ពួក​គាត់​នៅ​ខ្វះ​​ឱកាស​ផ្សព្វផ្សាយ​ ដោយ​យើង​នឹង​ផ្តល់​ឱកាស​នេះ​ឱ្យ​ពួក​គាត់​បាន​បញ្ចេញ​​ទេពកោសល្យ​ដែល​​មាន​ស្រាប់​នោះ​​​។ ​

លោក សុខ ជំនោរ នាពេល​ដឹកនាំ​ក្រុម​ការ​ងារ​ថត ​MV បទ​ចម្រៀង​ឱ្យ​ Davitra Media។ រូបថត សហ​ការី

ចំណែកឯ​​​ប្រភេទ​ទី​៣ វិញ​​​ ​គឺ​​យើង​នឹង​បើក​ឱកាស​សម្រាប់​​ក្រុម​តារា​​​ចម្រៀង​​ដែល​​​មាន​វ័យ​​កណ្តាល ឬ​ចាស់​បន្តិច​តែ​នៅ​មាន​​សក្តានុពល​​សិល្បៈ អាច​មក​​បង្ហាញ​សមត្ថភាព​ខ្លួន​ឡើង​វិញ​ ជា​ពិសេស​យើង​ក៏​នឹង​មាន​បទ​ថ្មី​សម្រាប់​ពួក​គាត់​ផង​ដែរ​ ​តួ​​យ៉ាង​​តារា​​​ចម្រៀង​​​មួយ​ចំនួន​ដូចជា អ្នកនាង ខាត់ សុឃីម អ្នកស្រី ហ៊ឹម ស៊ីវន លោក​ ណូយ​ វ៉ាន់ណេត លោក ឈឿន ឧត្តម និង​អ្នក​​នាង ម៉េង កែវពេជ្ជតា​ ជាដើម​ គឺ​ខាង​​ផលិតកម្ម​ នឹង​​​អញ្ជើញ​​ពួក​គាត់​មក​​ពិភាក្សា​គ្នា ដើម្បី​ធ្វើ​ការងារ​សិល្បៈ​​នេះ​ជាមួយ​គ្នា​។​

សម្រាប់​​ការ​រៀបចំ​គម្រោង​​ជា​​យុទ្ធសាស្រ្ត​នៅ​​ក្នុង​ផលិតកម្ម ​ដាវីត្រា មេឌៀរ ដែល​​ជា​ផលិតកម្ម​ថ្មី​មែន​ តែ​​មាន​ក្រុម​​ការងារ​​ប្រកប​ទៅ​​ដោយ​វិជ្ជាជីវៈ មាន​ទេពកោសល្យ​ខ្ពស់​មាន​ក្រុម​បច្ចេកទេស​ល្អ​ ​មាន​បទពិសោធ និង​ជំនាញ​យ៉ាង​ពិត​​ប្រាកដ​នៅ​ក្នុង​វិស័យ​សិល្បៈ​​​ចម្រៀង​ និង​ភាពយន្ត​នេះ ​លោក សុខ ជំនោរ​ ក៏​បាន​​បង្ហើប​ឲ្យ​ដឹង​បន្ថែម​ទៀត​ដែរ​​ថា៖ «នៅ​ពេល​នេះ ​យើង​​កំពុង​​តែ​សម្រុក​ថត MV ​បណ្តើរ​​ផ្សាយ​​បណ្តើរ និង​ថត​ទុក​ឱ្យ​បាន​​ច្រើន​ទៀត ដើម្បី​ត្រៀម​ទុក​សម្រាប់​​បញ្ចេញ​ផ្សព្វផ្សាយ​នៅ​​​ដើម​ឆ្នាំ ​២០២១ ខាង​មុខ​​​នេះ​តែ​ម្តង​»៕​​