ភ្នំពេញ៖ ​កម្មវិធី​រថយន្ត​តន្រ្តី​ទិព្វ​ខ្មែរ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​សហការ​ជាមួយ​​​មជ្ឈមណ្ឌល​បុប្ផាណា ​​រៀបចំ​កម្មវិធី​ពិព័រណ៍​អនឡាញ​ស្តី​អំពី​​សំឡេង​ឧបករណ៍​ភ្លេង​ភ្លយ​នៅ​​តំបន់​​អារ៉ែង ខេត្ត​កោះ​កុង នា​ល្ងាច​ថ្ងៃទី ​២៣ ខែ ​កញ្ញា ឆ្នាំ ​២០២០ ​នេះ​ ដើម្បី​ចែក​ជូន​​ដល់​​សាធារណជន​អាច​ទស្សនា និង​បាន​​​ស្គាល់​ពី​ឧបករណ៍​ភ្លេង​ដ៏​កម្រ​នេះ​។

តាម​លោក ឥន្ទ សម៉ាណាក់ ដែល​​ជា​អ្នក​​សម្រប​សម្រួល​​កម្មវិធី​អភិវឌ្ឍន៍​សិល្បៈ​នៃ​អង្គការ​​សិល្បៈ​ខ្មែរ​អមតៈ ​​​ប្រាប់​ឲ្យ​ភ្នំពេញ ​ប៉ុស្តិ៍ ​ដឹង​ថា៖ «​នឹង​មាន​ការ​ផ្សាយផ្ទាល់​ពី​កម្មវិធី​តាម​​គេហទំព័រ​​ហ្វេសប៊ុក​រថយន្ត​តន្រ្តី​​ទិព្វ​ខ្មែរ នា​ថ្ងៃពុធ ទី ២៣ ខែ ​​កញ្ញា ឆ្នាំ ​២០២០ វេលា​ម៉ោង ៦ ដល់ ៧ និង ​៣០ នាទី​ល្ងាច​​។ សូម​បងប្អូន​រង់ចាំ​តាម​ដាន​ទស្សនា! ​​ទាំង​នោះ​គឺ​មាន​​កម្រង​​រូបភាព​ខ្លះៗ ​ដែល​ក្រុម​ការងារ​​ចុះ​​ស្វែងរក​លោកតា ​ដួង ញឹក ​​ជា​ជនជាតិ​ជង និង​ជា​​​​ម្ចាស់​ដើម​​នៃ​ឧបករណ៍​ភ្លេង​​​​ រួម​ទាំង​មាន​សកម្មភាព​លោក​​​​បង្ហាត់​បង្រៀន​​​សិស្ស​។ ​ភ្លយ ​គឺ​ជា​​ឧបករណ៍​​ភ្លេង​កម្រ​​មាន​អ្នក​ស្គាល់​ និង​ឮពី​សំឡេង​វា​ណាស់​ ហើយ​​ភាគ​ច្រើន​​គេ​បាន​ស្គាល់​ឧបករណ៍​នេះ​​ក្នុង​​របាំ​មួយ​ដែល​មាន​ឈ្មោះ​ថា «របាំ​ភ្លយ​សួយ» ​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់ស្ពឺ​។ ​ដោយ​ឡែក​​ពិព័រណ៍ ​«សំឡេង​ភ្លយ» ​​អនឡាញ និង​អចិន្រៃ្តយ៍​នេះ​ យើង​ខ្ញុំ​នឹង​នាំ​លោក​អ្នក​​ទៅ​​ឃើញ​​ទិដ្ឋភាព​​រុករក​ដ៏​សែន​លំបាក​​នៃ​ឧបករណ៍​ភ្លេង​មួយ​នេះ​នៅ​​​​​​​អារ៉ែង​ ខេត្ត​​កោះកុង ជាមួយ​​​​សំឡេង​ដ៏​ពីរោះ ​ស្ទើរ​តែ​បាត់បង់​ទៅ​ហើយ»។​

លោកតា ដួង ញឹក វ័យ​​ ៨៦ ឆ្នាំ ដែលចេះឧបករណ៍ភ្លយ។ រូបថត CLA

លោក ឥន្ទ សម៉ាណាក់​ ​បន្ត​​ថា​៖ «​នេះ​ជា​ពិធី​សម្ពោធ​​​ផ្លូវ​ការ និង​​​ជា​លក្ខណៈ​អនឡាញ​ អម​ដោយ​​​កម្មវិធី​ចំនួន​ ៣ សំខាន់ៗ​រួម​​​មាន​ទី​ ១ ជា​បទ​បង្ហាញ​ស្ដីពី​ដំណើរ​នៃ​ថ្នាក់​រៀន​ឧបករណ៍​ភ្លេង​​​ភ្លយ ​ទី​​២ ជា​កិច្ច​សន្ទនា​ស្ដីពី​​​​សារៈសំខាន់​នៃ​បណ្ណសារ​ និង​​​ទី​៣​ ជា​​កិច្ច​ពិភាក្សា​ស្ដីពី​ការ​ចូលរួម​អភិរក្ស និង​ផ្សព្វផ្សាយ​តន្ត្រី​កម្រ​។​ សម្រាប់​ «ពិព័រណ៍​សំឡេង​ភ្លយ​» រៀបចំ​ដោយ​កម្មវិធី​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​នៃ​អង្គការ​​សិល្បៈ​ខ្មែរ​អមតៈ សហការ​ជាមួយ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា និង​សហគមន៍​អេកូទេស​ចរណ៍​តំបន់​ស្ទឹង​អារ៉ែង ដែល​​ទទួល​បាន​​​មូលនិធិ​ពី​ស្ថានទូត​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា​មាន​ឈ្មោះ​ថា​ U.S. Ambassadors Fund for Cultural Preservation»។​

លោក​​អ្នក​អាច​ចូលរួម​កម្ម​វិធី​នេះ តាម​​ទំព័រ​ហ្វេសប៊ុក​​មជ្ឈមណ្ឌល​​បុប្ផាណា ​​https​:​//​​www.facebook.​com/​bop​hanacenter.​cambodia​ និង​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​​ https:​//www.facebook.com/KMMBOrganization៕​

សិស្សទាំង ៣ ​រូប ដែល​បាន​ហាត់រៀន​ឧបករណ៍​ភ្លេងភ្លយ​ពី​លោកតា ដួង ញឹក​។ រូបថត CLA