ភ្នំពេញៈ ទើបតែ​ស្ងប់​រឿង​ថា លោកគ្រូ​ពេទ្យ​ម្នាក់​តាម​សុំ​ស្នេហ៍​យ៉ាង​ស្អិត​ហាក់​ដូចជា​សត្វ​តុកកែ​តោង​នោះ​សោះ ក៏​ស្រាប់តែ​ថ្មីៗ​នេះ​ល្បី​ថា តារាសម្តែង និង​ពិធីការិនី​រូប​ស្រស់​កញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ​ណូម័រ បាន​ទម្លាយ​មុខមាត់​ពិត​ម្ចាស់​ស្នេហ៍​ខ្លួន​គឺជា វីជេ សុភា ថែម​ទាំង​បាន​នាំ​គ្នា​ទៅ​ចុះ​អេតាស៊ីវិល​នៅ​មុន​ថ្ងៃ​រៀបចំ​អាពាហ៍ពិពាហ៍​ទៀតផង​។

ជាមួយ​នឹង​បណ្តុំ​រូបថត​ដើរកម្សាន្ត​លក្ខណៈ​ជុំ​គ្រួសារ​ទាំង​សងខាង និង​មាន​រូប​ផ្អែមល្ហែម​ជា​គូស្នេហ៍​ផងដែរ​ជាមួយ​នឹង​វីជេ សុភា នៅឯ​តំបន់​ភូមិភាគ​ឦសាន​ខេត្ត​មណ្ឌលគិរី​នោះ​ចេញ​ពី​គណនី​ហ្វេសបុក​កញ្ញា ណូម័រ បង្ហើរ​សារ​ថា​៖ «​ស្នេហ៍​គ្រា​ដំបូង​ដែល​អូន​យល់​។ អរគុណ​ដែល​ជូន​អូន​ទៅ​ទីកន្លែង​ដែល​អូន​ប្រាថ្នា​។ តែ​មិនមែន​ទៅ​ដើរលេង​ទេ​ណា​គឺ​ទៅ​ធ្វើការ​ទេ​ណា​!»​។

តែ​អ្វី​ដែល​គួរ​ឲ្យ​ងឿង​ឆ្ងល់​នោះ​គឺ​ដំណឹង​លេច​ឮថា ពិធីការិនី​កញ្ញា ណូម័រ បាន​សម្រេច​ចិត្ត​ចុះ អេតាស៊ីវិល ឬ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​លោក វីជេ សុភា មុន​ថ្ងៃ​រៀបការ​គឺ​ដើម្បី​បាន​ឈ្មោះ​ភាគី​ទាំង​សង​ខាង​យក​ទៅ​ធ្វើ​ប្លង់រឹង​នៃ​ផ្ទះ​វីឡា​កូនកាត់​មួយ​ដែល​នាង និង​លោក សុភា បាន​ទិញ​រួម​គ្នា​សម្រាប់​ក្រោយពី​ថ្ងៃ​រៀប​មង្គលការ​របស់​អ្នក​ទាំង​ ២​។

តារាសម្តែង និង​ពិធីការិនី​ឈ្មោះ​ពិត​កញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ​ណូម័រ​។ រូបថត ភ្នំពេញ​ប៉ុស្តិ៍

ការពិត​ឬ​យ៉ាង​ណា កញ្ញា ណូម័រ ក៏​ពុំ​អាច​សុំ​ការ​បកស្រាយ​បាន​ដែរ ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទំនាក់ទំនង​ច្រើន​លើក ខណៈ​ទូរស័ព្ទ​តេ​ចូល​តែ​គ្មាន​អ្នក​លើក​ទទួល​។

តែបើ​តាម​ការអះអាង​ក្នុង​វីដេអូ​ឃ្លីប​នៃ​កម្មវិធី​ទូរទស្សន៍​អនឡាញ​មួយ​ដែល​មាន​ការ​ចោទសួរ​ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ​នោះ កញ្ញា ណូម័រ បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ថា សម្រាប់​មនុស្ស​ទូទៅ​តែងតែ​គិតថា មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នោះ​រហូត​បាន​រៀប​មង្គលការ​ជាមួយ​គ្នា​នោះ គឺជា​គូព្រេង​ពី​អតីតជាតិ ទើប​បាន​ជួបគ្នា​ជា​គូគាប់ ឬ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៅ​ថ្ងៃ​អនាគត​បាន​។

ចំណែកឯ​រឿង​នាំគ្នា​ទៅ​ចុះ​អេតាស៊ីវិល​មុន កញ្ញា ណូម័រ ក៏​បាន​បន្តថា​៖ «​ទោះបី​ជា​មាន​ការនិន្ទា​បែប​ជា​ការពេបជ្រាយ​ខ្លះៗ​ពី​ខាង​អ្នក​មាត់ចាប​មាត់ព្រាប​ចំពោះ​រឿង​ទង្វើ​ចុះអេតាស៊ីវិល​មុន​ថ្ងៃ​រៀបការ​ខាង​លើ​នេះ​ក្ដី​ ប៉ុន្តែ​នាង​ខ្ញុំ​គិត​ថា ​គឺជា​សិទ្ធិសេរីភាព​របស់​ពួកយើង​ប៉ុណ្ណោះ អ្វី​ដែល​សំខាន់ គឺ​ទង្វើ និង​ការអនុវត្ត​ជាក់ស្ដែង​របស់​ភាគី​ទាំង​សងខាង​ដែល​អាច​ព្រម​ទទួល​យក​បាន ហើយ​ក៏​ពេញចិត្ត​នឹង​ធ្វើ​វា​»​។

ស្រីស្រស់​ឡើង​កូដ​ក្នុង​អាជីព​ពិធីការិនី​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ចំណែក​ប្រពៃណី​ខ្មែរ​នោះ​ក៏​នាង​ខ្ញុំ​មិន​ភ្លេច​ផងដែរ ពោល​គឺ​នាង​ខ្ញុំ​ក៏​បាន​ទៅ​មើល​ពេលវេលា​សម្រាប់​រៀបចំ​ថ្ងៃ​មង្គលការ​រួចរាល់​រួច​មក​ហើយ​ដែរ ខណៈ​ពេល​វេលា​នោះ​ក៏​អាច​នឹង​កើតឡើង​នៅក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទៀតផង​»៕