ភ្នំពេញៈ ទីបំផុតសម្ព័ន្ធភាពជាប្តី និងប្រពន្ធ ដោយបន្សល់នូវចំណងស្នេហ៍កូនប្រុសមួយ បានមកដល់ផ្លូវបំបែក ខណៈតារាចម្រៀង និងសម្តែងស្រីអ្នកនាង ឆ័យលី ដាឡែន ទម្លាយឲ្យដឹងពេលថ្មីៗនេះ ក្រោមហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នា ជាមួយស្វាមីដែលមានវ័យក្មេងជាងខ្លួន។
ដោយសារអវត្តមានស្វាមីក្នុងកម្មវិធី Lovely Night ហែហមខុសពីទម្លាប់នោះ ក៏ត្រូវបានក្រុមអ្នកសារព័ត៌មានសួរនាំ ហើយត្រូវតារាចម្រៀងស្រីទម្លាយថា ស្នេហារវាងនាង និងស្វាមី នាពេលនេះបានម្រេចចិត្តចែកផ្លូវដើរផ្សេងគ្នានេះ គឺចេញពីការព្រមព្រៀងរវាងភាគីទាំង២។
ឆ័យលី ដាឡែន បង្ហើបឲ្យដឹងថា៖ «រវាងពួកខ្ញុំ គឺអត់មានអ្នកណា បែកចិត្តមានថ្មី មានអ្នកចាស់អីនោះទេ ហើយក៏អត់ឈ្លោះទាស់ទែងគ្នាអីដែរ។ តែអាចនិយាយបានថា ដោយសារអស់និស្ស័យជាប្ដីប្រពន្ធ ទើបសម្រេចចិត្តចែកផ្លូវគ្នា»។
បើតាមប្រភពមហាជនឲ្យដឹងថា តារាស្រី ឆ័យលី ដាឡែន និងស្វាមីបានបញ្ចប់ផ្លូវស្នេហាជាប្តីប្រពន្ធដោយសារការរស់នៅមិនចុះសម្រុងគ្នា ចំណែកឯកូនប្រុសគឺមានសិទ្ធិមើលថែរួមគ្នា តែត្រូវសា្វមីនាងលោក រិទ្ធី ឧត្តមស៊ីដារ៉ា ជាអ្នកទទួលបន្ទុកមើលផ្ទាល់។
អ្នកនាង ឆ័យលី ដាឡែន បន្តថា៖ «ពិតជាអត់លាក់ទេ ការពិតពួកខ្ញុំមិនចុះសម្រុងគ្នាយូរហើយ ប៉ុន្តែដោយសារតែកូន ទើបចេះតែថា អត់អីៗ។ តែពេលនេះ ពួកយើងបានជជែកគ្នារួចហើយ ថាយើងចែកផ្លូវ ហើយយើងក៏អត់និយាយអាក្រក់ពីគ្នាទេ»។
ទោះបី តារាចម្រៀងអ្នកនាង ឆ័យលី ដាឡែន បានសារភាពថា រវាងអ្នកនាង និងលោក រិទ្ធី ឧត្តមស៊ីដារ៉ា ជាស្វាមី ព្រមលែងលះគ្នាស្របច្បាប់មែន តែនាងបដិសេធទាំងស្រុងថាខ្លួនមិនបានបកស្រាយឲ្យដឹងពីមូលហេតុលម្អិតដែលនាំឲ្យមានការបាក់បែកគ្នានោះឡើយដែរ។
អ្នកនាង ឆ័យលី ដាឡែន គ្រាន់តែបានបង្ហើបពីដើមចមនៃការបាក់បែកនេះថា គឺមកពីមិនចុះសម្រុងគ្នា និងសារមួយឃ្លាតាមហ្វេសប៊ុកថា៖ «ខ្ជិលនិយាយច្រើន ទោះបីនិយាយទៀត ក៏គ្មានប្រយោជន៍! មនុស្សធំៗអស់ហើយ គួរតែយល់ថាអ្វីល្អ អ្វីអាក្រក់ អ្វីដែលគួរធ្វើ អ្វីដែលមិនគួរធ្វើ។ អ្នកណាៗ ក៏មានរឿងដូចគ្នា អ្វីដែលសំខាន់ ខ្លួនយើងត្រូវតែរឹងមាំ ហើយដើរទៅមុខទៀត មិនថាពិបាកប៉ុនណា? ត្រូវតែស៊ូទ្រាំ ដើម្បីឲ្យជីវិតខ្លួនឯងមានតម្លៃ។ ទោះបីជាអត់មនុស្សម្នាក់ហ្នឹង ក៏មានមនុស្សជុំវិញខ្លួនជាច្រើន នៅចាំផ្តល់កម្លាំងចិត្ត»។
គួររំឭកថា ឆ័យលី ដាឡែន និងស្វាមីបានរៀបការនៅស្រុកកំណើត នៅឯខេត្តបាត់ដំបង កាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៥ រៀបចំទទួលភ្ញៀវ ៤០ តុ៕