ភ្នំពេញៈ ក្រោយពីស្ងប់នូវរលកព័ត៌មានថា តារាស្រីសម្តែង MV និងពិធីការិនីទូរទស្សន៍ រាងខ្ពស់ តែមិនសូវជាមានពាក្យពេចន៍និយាយក្រៅពីពូកែតែស្រែកសួរបន្ទរសួរមហាជន កញ្ញា ថន លក្ខិណា លេចឮរហៀងៗថា នាងសម្បូរក្រុមកន្លង់តាមចោមរោមសុំស្នេហ៍ជាច្រើន ខណៈដែលរូបសម្ផស្សកាន់តែស្រស់ស្អាត និងជីវិតកាន់សម្បូរសប្បាយនឹងទ្រព្យធន។
តារាសម្តែងស្រី និងពិធីការិនីរាងខ្ពស់ស្រឡះ ដែលក្តាប់ណែនដៃក្នុងសិល្បៈកញ្ញា ថន លក្ខិណា គ្រាន់តែបានចូលឆ្នាំថ្មីៗភ្លាម ក៏មានលេចឮនូវដំណឹងរហៀងៗថា មានអ្នកទ្រព្យស្ដុក និងអ្នកឋានៈធំ តាមស្អិតដ្បិតចង់សុំក្តីស្នេហ៍ តែនាងមិនព្រមព្រោះតែនាងមានអ្នកស្រឡាញ់រួចទៅហើយ។
តាមប្រភពអ្នកសិ្នទ្ធនឹងតារាស្រីរូបនេះ មិនបញ្ចេញឈ្មោះបង្ហើបឲ្យដឹងថា ៖ «តាមពិតទៅ កញ្ញា ថន លក្ខិណា មានម្ចាស់ចិត្តរួចហើយ នៅឡើយនាងពុំទាន់ហ៊ានបង្ហាញមុខពិតឲ្យមហាជនស្គាល់នៅឡើយ» និងលាន់មាត់ថា៖ «អ៊ីចឹងបានជាប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញកញ្ញា ថន លក្ខិណា មានសម្រស់កាន់តែខុសប្លែកជាងមុនឆ្ងាយ ហើយកាន់តែមានភាពហ៊ឺហា ដូររថយន្តថ្មីម៉ាកឡិចស៊ីស ៣៥០ និងបានទិញផ្ទះវីឡាថ្មីសន្លាងនៅក្នុងបុរីប៉េងហួត ស្ថិតនៅក្បែរសាលាកសិកម្មព្រែកលៀបទៀត!»។
ទោះយ៉ាងណាដំណឹងលេចឮខាងលើនេះ មិនត្រូវបានពិធីការិនីទូរទស្សន៍ហង្សមាស ទើបតែបានដូររថយន្តពីម៉ាកហាយឡេនឌ័រ មកឡិចស៊ីស ៣៥០ និងលេចមុខច្រើននៅក្នុងកម្មវិធីប្រគំតន្ត្រីទេសចរណ៍ តាមខេត្តនានា ស្ទើរតែរាល់ចុងសប្តាហ៍នោះបកស្រាយអ្វីឡើយ ខណៈនាងបានលើកទូរស័ព្ទហើយគ្រាន់តែឮថា ខាងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ភ្លាមក៏បិទទូរស័ព្ទវិញភ្លែត ដោយនាងសំអាងលេសនិយាយយ៉ាងខ្លីថា៖ «ចាសសុំទោសផងបង! ខ្ញុំជាប់រវល់ណាស់»។
ជារឿយៗតារាសម្តែងស្រីសឹងតែជាម៉ូយផ្តាច់មុខនឹងផលិតកម្មហង្សមាសក្នុងការថតសម្តែង MV បទចម្រៀង និងពិធីការិនីដៃគូកម្មវិធីតន្ត្រីទេសចរណ៍តាមខេត្តជាមួយនឹងពិធីករលោក ញ៉ែម សុគន្ធ តែងតែលេចចេញនូវដំណឹងបែបចចាមអារ៉ាមបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងតារាសម្តែងប្រុសលោក ថៃ ប៊ុននាង និងក្រោយមកនឹងកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក កែវ សុខផេង។
ពេលកន្លងមកគ្រាន់តែបង្ហោះរូបស្និទ្ធស្នាលឈរថតសែលហ្វ៊ីជាគូរវាងតារាស្រីកញ្ញា ថន លក្ខិណា និងកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក កែវ សុខផេង ភ្លាមនោះ ក៏មានអ្នកចូលទៅចុច Likes និងចូល Comments ព្រោងព្រាតតែម្តងពីភាពស័ក្តិសមជាគូស្នេហ៍នៃអ្នកទាំង ២។
តែខុសផ្ទុយស្រឡះពីអ្វី ដែលជាដំណឹងលេចឮឡើងថា តារាទាំង ២ នេះមានចំណងស្នេហ៍នឹងគ្នានោះ ខណៈពិធីការិនីទូរទស្សន៍កំពុងឡើងកូដ ថន លក្ខិណា ប្រាប់ភ្នំពេញប៉ុស្តិ៍ នាពេលនាងកំពុងតែនៅខេត្តបាត់ដំបងថា៖ «ធម្មតាទេបង មាត់មនុស្សចេះតែលេចចេញនូវពាក្យសម្តីថាអ៊ីចេះថាអ៊ីចុះហើយ កាលណាឃើញបុរស និងនារីឈរថតក្បែរគ្នាសភាពរាប់អានស្និទ្ធស្នាលនោះ គឺពិតជាមានការលើកឡើងទៅលើផ្លូវស្នេហាស្អីគេហ្នឹងហើយ!»៕