ភ្នំពេញៈ ថ្មីៗនេះ​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​ទៅ​នឹង​ដំណឹង​លេច​ឮ​ថា តារា​សម្តែង​ស្រី​ស្រស់ និង​អតីត​ជា​ម្ចាស់​ពាន​ស្រី​ស្អាត​លេខ ១ ប្រចាំ​ឆ្នាំ ២០១៣ កញ្ញា ស៊ិនយូប៊ីន កំពុង​តែ​ត្រូវ​កូន​ប្រុស​មហាសេដ្ឋី​លំដាប់​ឧកញ៉ា​តាម​ចែចូវ​សុំ​ធ្វើ​ជា​ម្ចាស់​បេះដូង ដោយ​មិន​ខ្វល់​ពី​សម្ព័ន្ធ​ភាព​នាង និង​លោក វ៉ៃហាំង នៅ​កៀកកើយ​នោះ​ឡើយ។

បើតាម​ប្រភព​អ្នក​ស្និទ្ធ​នឹង​តារា​ស្រី ស៊ិន យូប៊ីន ​បង្ហើប​ឲ្យ​ដឹង​ថា បុរស​ជា​កូន​មហាសេដ្ឋី ដែល​មាន​របរ​រក​ស៊ី​វិនិយោគ​ផ្នែក​សណ្ឋាគារ និង​រត់​ពន្ធ​ប្រេងសាំងវ័យ ៥០ ប្លាយ​នោះ មិន​ត្រឹម​តែ​មាន​ចិត្ត​ស្រឡាញ់​ទេ ថែម​ទាំង​ចង់​ចូល​ចែចូវ​កញ្ញា ស៊ិន យូប៊ីន ដើម្បី​រៀប​ចំ​អាពាហ៍ពិពាហ៍ បែប​បើក​ចំហ​ទៀត​ផង​ប្រសិន​បើ​ស្រី​ស្អាត អាច​កាត់​ផ្តាច់​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នឹង​ប្រុស​រូប​សង្ហា​លោក វ៉ៃហាំង។

រំពេច​នោះ​ក៏​មាន​ការ​លាន់​មាត់​ពី​មហាជន​ថា៖ «អ៊ីយ៉ា!​តែ​ប៉ុណ្ណេះ តារា​ស្រី ស៊ិន យូប៊ីន ជា​តារា​សម្តែង និង​ពិធីការិនី ដែល​តែងតែ​ចុះ​កុងត្រា​នឹង​ស្ថានីយ​ទូរទស្សន៍ PNN ស្ទើរ​តែ​គ្រប់​រឿង​ភាគ ច្បាស់ជា​រស់​នៅ​ដោយ​សុខសាន្ត ហើយ​ដេក​ចាយ​លុយ​មិន​ចេះ​អស់​នោះ​ឡើយ ប្រសិន​បើ​នាង យល់​ព្រម​ទទួល​តាម​សំណើ​សុំ​ស្នេហ៍​កូន​ប្រុស​របស់​មហាសេដ្ឋី​ម្នាក់»។

តារា​សម្តែង​រលក​ក្រោយ​​​កំពុងឡើង​កូដ​ស្រីស្រស់ ស៊ិន យូប៊ីន។ រូបថត ហុង មិនា

សម្រាប់​បុរស​ដែល​មាន​វ័យប្រមាណ ៥០ ប្លាយ នោះ ក៏​លេចឮ​ដែរ​ថា ត្រូវ​បាន​តារាស្រីៗ​មួយ​ចំនួន​ទៀត បាន​ព្យាយាម​តាម​ស្នេហា​លោក​ច្រើន​ណាស់ ដោយ​គេ​នាំ​គ្នា​ហៅ​លោក​ថា «ឃ្លាំង​លុយ» ទៀតផង ប៉ុន្តែ​បុរស​ដែល​ចូលចិត្ត​ជះ​លុយ​លើក្តី​ស្នេហ៍​ជាមួយ​ស្រី​ស្អាត​នោះ ពេញ​ចិត្ត​តែ​កញ្ញា យូប៊ីន ជាងគេ។

ក្នុង​ជំនួប​អ្នក​សារព័ត៌មាន​កន្លង​មក ស្រីស្រស់ យូប៊ីន ដែល​មាន​ត្រេមុខ​ស្រដៀង​នឹង​តារា​កូនកាត់​ថៃ​រូបនេះ​បែរ​ជា​ត្អូញ​ថា នាងនៅ​មិន​ទាន់​រក​គូ​គាប់​ចិន្តា​ឃើញ​ដូច​គេ​នោះឡើយ។ ស្រី​ស្អាត​​រូបនេះ ​ថែម​​ទាំង​ថ្ងូរ​ថា៖ «មិន​ទាន់​មាន​គូ​សង្សារ​នោះ​ទេ អ៊ីចឹង​មិន​ដឹង​ថា​រៀបការ​នៅ​ថ្ងៃណា ខែណា ឆ្នាំ​ណា​បាន​ឡើយ ព្រោះ​ថា នៅ​ពេល​នេះ គូព្រេង​មិន​ទាន់​ដល់»។

ទោះបី​ជា​កញ្ញា ស៊ីន យូប៊ីន វាចា​ហាក់​ដូចជា​កម្សត់​ណាស់​រឿង​គ្មាន​គូគ្រង​មែន​ក្តី ប៉ុន្តែ ​ស្រី​ស្អាត​បង្ហាញ​ភាព​ហ៊ឺហា​ដល់​កំពូល​ដូច​នាង​ជិះ​រថយន្ត​ទំនើប Porsche តម្លៃ​មិន​តិច​ជាង ២០ ម៉ឺន ដុល្លារ យ៉ាង​កាលីប ហើយ​ទៅ​ផ្គួបនឹង​សម្រស់​ឆើតឆាយ កាន់​តែ​មាន​ភាព​ទាក់​ទាញ​ទៀត។

បើ​តាម​អ្នក​សិល្បៈ​ដែល​ស្និទ្ធ យូប៊ីន បាន​បង្ហើប​ថា គ្រាន់​តែ​រថយន្ត​ទំនើប ១ គ្រឿង គ្មាន​អ្វី​អស្ចារ្យ​ទេ សម្រាប់​ស្រី​ស្អាត​រូបនេះ ព្រោះ​បើនាង​ចង់​បាន​ផ្ទះ​វីឡា​ធំ និង​រថយន្ត​ទំនើបៗ​ប៉ុន្មាន​គ្រឿង​ក៏​បាន​ដែរ​ឲ្យ​តែ​ព្រម​បោះបង់​ស្នេហ៍ វ៉ៃហាំង ព្រម​ធ្វើ​ជាគូគ្រង​លោក ឬចង់​​លេង​ខ្លួន​ជា​សេដ្ឋិនី ក៏​មិន​ពិបាក​ឡើយ។

យ៉ាងណា​ភ្នំពេញ​ ប៉ុស្តិ៍​ក៏​មិន​អាចទទួល​បាន​ការ​បក​ស្រាយ​បន្ថែម​ពី​ស្រី​ស្រស់ យូប៊ីន ជុំវិញ​រលក​ព័ត៌មាន​ត្រូវ​កូន​ប្រុស​សេដ្ឋី​តាម​ស្នេហ៍​ឡើយ៕