ភ្នំពេញៈ ទើប​ផុត​ល្បី​រឿង​សម្បូរ​ទីផ្សារ​ថតកុន​ល្អប្រសើរ​ជាង​ចម្រៀង​នៅលើ​ទ្រនំ​ហង្សមាស​មុន​នេះ​សោះ ថ្មីៗ​នេះ​ក៏​ស្រាប់​តែ​លេចឮ​នូវ​ដំណឹង​រហិចរហៀង​ថា តារាចម្រៀង​ស្រីស្រស់​កញ្ញា បាន មុន្នីល័ក្ខ កំពុង​ដើរ​ចេញ​ពី​ទ្រនំ​ចាស់​ផលិតកម្ម We Production ទៅ​ទ្រនំ​ថ្មី​គឺ​ផលិតកម្ម​សាន់ដេ​។

បើ​តាម​ប្រភព​មហាជន​បាន​ខ្សឹបខ្សៀវ​តៗ​គ្នា​ដោយ​សំអាង​ថា បាន​ឃើញ​កញ្ញា បាន មុន្នីល័ក្ខ ថតរូប​ជុំ​គ្នា​ជាមួយ​នឹង​តារាចម្រៀង​ប្រុស​ទ្រនំ​សាន់ដេ​គឺ​លោក ខាន់ ចេមស៍ នាពេល​ថ្មីៗ​។

ផ្ទុយ​ទៅ​វិញ​អតីត​បេក្ខនារី​ធ្លាប់​ឆ្លងកាត់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ The Voice Cambodia រដូវកាល​ទី​ ១ នា​ឆ្នាំ​ ២០១៤ ដែល​មាន​សំនៀង​ផ្អែម​ពីរោះ និង​សម្រស់​ស្រស់ស្អាត​កញ្ញា បាន មុន្នីល័ក្ខ បាន​បដិសេធ​ចំពោះ​ដំណឹង​លេចឮ​ខាងលើ​នេះ​ភ្លាមៗ​ដែរ​។

កញ្ញា បាន មុន្នីល័ក្ខ តារាចម្រៀង​ស្រី និង​ជា​តារាសម្តែង​ស្រី​ផលិតកម្ម​ហង្សមាស ទោះបី​ជា​មិន​សូវ​មាន​បទ​ថ្មី តែ​ក៏​ឧស្សាហ៍​ឡើង​ឆាក​តន្ត្រី​ជា​ញឹកញាប់​ព្រម​ទាំង​ធ្លាប់​ថតកុន​រឿង «​បិសាច​គួរ​ឲ្យ​ស្រឡាញ់​» ជា​តួកាច​ឆ្នាស ច្រណែន​ឈ្នានីស​គេ​នោះ​បាន​ឆ្លើយ​បញ្ជាក់​យ៉ាង​ខ្លី​ថា​៖ «​នាង​ខ្ញុំ​មិន​បាន​ចេញ​ពី​កន្លែង​ចាស់ ហើយ​ក៏​អត់​បាន​ទៅ​រក​កន្លែង​ថ្មី​អ្វី​នោះ​ដែរ​ទេ​»​។

មុន​នេះ​បន្តិច​កញ្ញា បាន មុន្នីល័ក្ខ តារាចម្រៀង​ស្រី​បច្ចុប្បន្ន​ជ្រក​នៅ​ផលិតកម្ម We Production ដែល​ជា​បុត្រសម្ព័ន្ធ​ផលិតកម្ម​ហង្សមាស​មហាជន​ដូច​មិន​សូវ​ឃើញ​នាង​ចេញ​បទ​ថ្មីៗ​ដូចជា​តារា​ផ្សេងៗ តែ​បែរ​ជា​នាង​មាន​ឱកាស​ទៅ​ឆក់​បាន​ទីផ្សារ​កុន​ជា​ហូរហែ​គួរ​ឲ្យ​កត់សម្គាល់​ទៅវិញ​។

ចាប់​តាំងពី​បាន​ប្រឡូក​នៅក្នុង​វិថីសិល្បៈ​ជ្រក​នៅ​ទ្រនំ We Production មក គេ​មិន​សូវ​ជា​ឃើញ​នាង​បាន​ចេញ​បទចម្រៀង​របស់​ខ្លួនឯង​ប៉ុន្មាន​ទេ​​គឺ​ឃើញ​តែ​ច្រៀង​បទ​មរតក​ដើម បង្ហោះ​នៅ​ក្នុង​យូធូប​ជាច្រើន​បទ​រួម​ទាំង​មាន​ទឹកដម​សំនៀង​ពីរោះ​គួរ​ជា​ទី​សណ្តាប់​មាន​ដូចជា​បទ «​ផ្គរលាន់​ប៉ៃលិន​» និង​បទ «​ក្លិន​ជាប់​នាសា​» ជាដើម​ដែល​កញ្ញា បាន មុន្នីល័ក្ខ ធ្លាប់​យក​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ផងដែរ​នោះ​។

ខណៈ​តារាចម្រៀង​រួម​ទ្រនំ​ដែល​ជា​អតីត​បេក្ខភាព​ក្នុង​ការប្រឡង​កម្មវិធី The Voice Cambodia ទាំង​រួម​ជំនាន់​នៃ​រដូវកាល​ទី ១ និង​ទី ២ ឬ​កម្មវិធី Cambodia Idol ហាក់​មាន​ភាព​មមាញឹក​ខ្លាំង​ឡើង​ឆាក​នៃ​ការប្រគំ​តន្ត្រី​តាម​ខេត្ត​នានា​យ៉ាង​សស្រោកសស្រាំ និង​ចេញ​បទចម្រៀង​ថ្មីៗ​ជា​ហូរហែ តែ​តារា​ស្រី​ស្រស់ បាន មុន្នីល័ក្ខ បែរ​ជា​គេ​ស្គាល់​តាមរយៈ​ការបកស្រាយ​បទចម្រៀង​ជំនាន់​ដើម​ទៅវិញ​។ នេះ​បើ​តាម​ការបង្ហោះ​បទចម្រៀង​របស់​នាង​នៅក្នុង​បណ្តាញ​យូធូប និង​ផុសផុល​នៅ​ក្នុង​ការសម្តែង​កុន​ជា​តួ​ឆ្នាសឆ្នើម​ទៅ​វិញ​។

តាម​សម្តី​តារាស្រី​សម្តី​ផ្អែម​កញ្ញា បាន មុន្នីល័ក្ខ ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ផ្ទាល់​កាលពី​ថ្ងៃ​សម្ពោធ​រឿង «​កូនក្រក​» របស់​តារា​ជើងចាស់​អ្នកនាង ចន ច័ន្ទលក្ខិណា កន្លង​មក​បាន​ឲ្យ​ដឹងថា​៖ «​តាមពិត​ទៅ​នាង​ខ្ញុំ​មិន​ចូលចិត្ត​ដើរតួ​ឆ្នាសឆ្នើម​អី​ទេ​គឺ​ខ្ញុំ​ចូលចិត្ត​តួ​ស្លូតបូត សម្រក់​ទឹកភ្នែក​វិញ​»៕